en     km
en     km

គ​.​ជ​.​ប​ តម្កល់​សេចក្ដីសម្រេច​របស់​ PEC​ ករណី​ម្រាមដៃ​ស្អាត​ តែ​បន្ថយ​ប្រាក់​ផាកពិន័យ​

Share

​ភ្នំពេញ​៖​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​សម្រេច​ រក្សា​ សេ​ក្ដី​សម្រេច​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ដបាត់ដំបង​ លេខ​០០១​ នៅ​ដដែល​ ដោយ​កែប្រែ​ចំណុច​មួយ​ចំនួន​ គឺ​បន្ថយ​ទឹកប្រាក់​ផាកពិន័យ​ និង​លើកលែង​ជន​ត្រូវ​ចោទ​ចំនួន​ពីរ​រូប​។​ មេធាវី​ការពារ​ក្ដី​ ឲ្យ​អ្នក​ទាំង​ ០៥​រូប​នេះ​ បញ្ជាក់​ថា​ ខ្លួន​នឹង​នៅ​តែ​បន្ដ​ប្ដឹង​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​បន្ដ​ទៀត​ ដើម្បី​ឲ្យ​ពិនិត្យ​លើ​សេចក្ដីសម្រេច​របស់​ គ​.​ជ​.​ប​ ខណៈ​មេធាវី​ដើមចោទ​អះអាង​ថា​ ខ្លួន​នឹង​នៅ​តែ​បន្ដ​ប្ដឹង​ទាមទារ​មិន​ឲ្យ​មានការ​លើកលែង​ឡើយ​។​

​នៅ​ក្នុង​សវនាការ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​៨​ ខែសីហា​ ដែល​ហាម​អ្នក​សារព័ត៌មាន​ចូល​ស្ដាប់​ផ្ទាល់​ គ​.​ជ​.​ប​ បាន​ ប្រកាស​ រក្សា​សេចក្ដីសម្រេច​លេខ​ ០០១​ របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ដបាត់ដំបង​នៅ​ដដែល​ គ្រាន់តែ​បន្ថយ​ប្រាក់​ផាកពិន័យ​។​ នៅ​ក្នុង​សវនាការ​នេះ​ មេធាវី​ ចុងចោទ​ លោក​ សំ​ សុ​គង់​ បាន​ប្រកាស​ប្ដឹង​សារទុក្ខ​ទៅ​ ក្រុមប្រឹក្សាធម្មនុញ្ញ​ដោយ​ចាត់​ទុក​ថា​ ជា​រឿង​អយុត្តិធម៌​។​

​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ មាន​ប្រសាសន៍​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ សម្រេច​តម្កល់​ សេចក្ដី​របស់​ គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ដបាត់ដំបង​លេខ​ ០០១​នៅ​ដដែល​ ប៉ុន្ដែ​កែប្រែ​ចំណុច​បី​ ចាប់ពី​ត្រេ​ទី​២​ទៅ​។​

​លោក​ថា​ គ​.​ជ​.​ប​ រក្សា​សេចក្ដីសម្រេច​ ដោយ​តម្រូវ​ឲ្យ​លោក​ ជា​ ជីវ​ បង់ប្រាក់​ពិន័យ​ចំនួន​ ១០​លាន​រៀល​ដដែល​ ប៉ុន្ដែ​បន្ថយ​ចំនួន​ទឹកប្រាក់​ត្រឹម​ ៥​លាន​រៀល​ ក្នុង​ម្នាក់ៗ​ សម្រាប់​លោក​ ថោ​ង​ សា​រឿ​ន​ និង​លោក​ គ្រុយ​ គឹ​ម​សាំង​។​ ចំ​ណែ​លោក​ ម៉ាង​ ឈុ​ន​ និង​លោក​ ពៅ​ តាំង​ត្រូវ​បាន​លើកលែង​ការ​ផាកពិន័យ​ ៖«​ផាកពិន័យ​ជា​ប្រាក់​ចំនួន​ ៥​លាន​រៀល​ក្នុង​ម្នាក់ៗ​ ដោយ​ពុំ​ទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​ ចំពោះ​ឈ្មោះ​ ថោ​ង​ សា​រឿ​ន​ និង​ឈ្មោះ​ គ្រុយ​ គឹ​ម​សាំង​ លើកលែង​ការ​ផាកពិន័យ​ចំពោះ​ឈ្មោះ​ ម៉ាង​ ឈុ​ន​ និង​ឈ្មោះ​ ពៅ​ តាំង​»​។​

​ក្នុង​សវន​ការ​នេះ​ មេធាវី​តំណាង​ឲ្យ​ពលរដ្ឋ​ទាំង​ ០៥​រូប​នេះ​ គឺ​លោក​ សំ​ សុ​គង់​ អះអាង​ថា​ លោក​នឹង​នៅ​តែ​បន្ដ​ប្ដឹង​ង​ទៅ​កាន់​ក្រុមប្រឹក្សាធម្មនុញ្ញ​បន្ដ​ទៀត​ ដើម្បី​សុំ​ឲ្យ​ពិនិត្យ​មើល​ការ​សម្រេច​របស់​ គ​.​ជ​.​ប​ នេះ​ ៖«​កូនក្ដី​របស់​ខ្ញុំបាទ​ទាំង​៥​នាក់​នេះ​ ជា​ពិសេស​គឺ​អ្នក​ដែល​នៅ​ជាប់​ពិន័យ​នេះ​គឺ​ ប្រគល់​សិទ្ធិ​ឲ្យ​មេធាវី​ ដើម្បី​បណ្ដឹង​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ ដើម្បី​ឲ្យ​ក្រុម ប្រឹក្សាធម្មនុញ​ពិនិត្យ​នូវ​សេចក្ដីសម្រេច​របស់​ គ​.​ជ​.​ប​ ឡើង​វិញ​ទាំងអស់​»​។​

​ចំណែក​លោក​ ប៊ុ​ន​ កែវ​លី​ម​ មេធាវី​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ជាដើម​បណ្ដឹង​ មាន​ប្រសាសន៍​ថា​ លោក​នឹង​នៅ​តែ​បន្ដ​ប្ដឹង​ទាមទារ​ មិន​ឲ្យ​មានការ​លើកលែង​ការ​ផាកពិន័យ​ទៅ​លើ​ចុង​ចម្លើយ​ទាំង​អស់នោះ​ទេ​ ៖«​ប្ដឹង​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ហ្នឹង​ ខ្ញុំ​ប្ដឹង​សុំ​ឲ្យ​បន្ថែម​ពាក់ព័ន្ធ​នឹង​ជំងឺ​ចិត្ដ​ ពាក់ព័ន្ធ​នឹង​ ១០​លាន​រៀល​ ដូចនឹង​ដីកា​សម្រេច​លេខ​ ០០១​របស់​ខេត្ដ​»​។​

​យោង​តាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០១៨​ ដែល​បាន​ដាក់​ទៅ​កាន់​ គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ដបាត់ដំបង​ លោក​ ពី​វ​ ហូ​យ​ ជំទប់​ទី​២​ គណបក្ស​ប្រជាជន​កម្ពុជា​ ស្ថិត​ក្នុង​ឃុំ​ អន្លង់​វិល​ ស្រុក​សង្កែ​ បាន​ប្ដឹង​លោក​ ជា​ ជីវ​ អ​តី​ប្រធាន​ប្រតិបត្ដិ​ខេត្ដបាត់ដំបង​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​បទ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​បោះ​ឆ្នោត​។​ បណ្ដឹង​នេះ​សំអាង​ទៅ​លើ​ការ​ជួបជុំ​គ្នា​ហូប​នំ​បញ្ចុក​ ហើយ​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​ ហើយ​បាន​ថតរូប​ជុំ​គ្នា​លើ​ម្រាមដៃ​ស​ស្អាត​ ដែល​ជា​សញ្ញា​ នៃ​ការ​ធ្វើ​ពហិការ​ ការ​បោះ​ឆ្នោត​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​ក្រោយ​ពី​ពាក្យបណ្ដឹង​នេះ​បាន​ដាក់​ទៅ​កាន់​ គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ដបាត់ដំបង​ នៅ​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០១៨​ គណៈកម្មការ​នេះ​ បាន​ចេញ​សេចក្ដីសម្រេច​លេខ​ ០០១​ ដោយ​ចោទ​ពលរដ្ឋ​ទាំង​ ០៥​រូប​នេះ​ពី​បទ​ “​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​”​ ផ្អែក​តាម​មាត្រា​ ១៤២​ នៃ​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ នីតិកាល​ទី​០៦​ ឆ្នាំ​២០១៨​។​ ពួក​គេ​ម្នាក់ៗ​ ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ដបាត់ដំបង​ សម្រេច​ផាកពិន័យ​ ចំនួន​ ១០​លាន​រៀល​ ដោយ​ពុំ​ទាន់​គិត​ពី​ទោស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​។​

​យ៉ាងណា​ជុំវិញ​រឿង​នេះ​ ពលរដ្ឋ​ទាំង​ ០៥​រូប​ ដែល​រង​ការ​ចោទប្រកាន់​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ វី​អូ​អេ​ ថា​ ពួក​គេ​មិន​បាន​បង្ហោះ​សារ​ញុះញង់​ ឬ​ក៏​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចេញ​ទៅ​បោះ​ឆ្នោត​នោះ​ទេ​។​ ពួក​គេ​និយាយ​ទៀត​ថា​ ការ​ប្ដឹង​ពួក​គេ​នា​ពេល​នេះ​ គឺជា​ការ​គំរាមកំហែង​ដល់​ពួក​គេ​ និង​អ្នក​ដទៃ​ទៀត​៕​

Share

Image
Image
Image