en     km
en     km

គ្រូបង្រៀន​អនុ​វិទ្យាល័យ​គគីរ​គំរាម​មិន​ចូល​បង្រៀន​ បើ​មានការ​ប្រគុំ​ត​ន្រី្ត​ស្រា​បៀរ​ក្នុង​សាលា​បន្ត​ទៀត​

Share

cover-Korki-secondary-school
​ភ្នំពេញ​ ៖​ ក្រុម​គ្រូបង្រៀន​អនុ​វិទ្យាល័យ​គគីរ​គំរាម​ថា​នឹង​ធ្វើ​ពហិកា​មិន​ចូល​បង្រៀន​សិស្ស​ ប្រសិនបើ​មានការ​ប្រគុំ​ត​ន្រី្ត​ស្រា​បៀរ​លី​អូ​ (​ LEO​ )​ ក្នុង​បរិវេណ​សាលា​បន្ត​ទៀត​  ដែល​ពួក​គាត់​ចាត់ទុកជា​សកម្មភាព​រំខាន​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​សាលារៀន​ទាំងមូល​។​

លោក​ ឡា​ច​ វ៉េ​ត​ ជា​គ្រូបង្រៀន​ និង​ជា​នាយករង​អនុ​វិទ្យាល័យ​គគីរ​ បានឱ្យ​ដឹង​ថា​ នាយក​អនុ​វិទ្យាល័យ​គគីរ​ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​ (​ LEO​ )​ ប្រគុំ​តន្ត្រី​ និង​ឱ្យ​ក្រុមហ៊ុន​ថៃ​ រៀបចំ​តាំង​ពិ​ព័រ​ណ៌​ផលិតផល​ក្នុង​បរិវេណ​អនុ​វិទ្យាល័យ​នេះ​ពីរ​ដង​រួច​មក​ហើយ​ បើ​ទោះបីជា​មានការ​ជំទាស់​ពី​លោកគ្រូ​-​អ្នកគ្រូ​ក្នុង​សាលា​។​

នាយករង​រូប​នេះ​ បាន​បន្ត​ឱ្យ​ដឹង​ថា​ បើ​មានការ​ប្រគុំ​ត​ន្រី្ត​ស្រា​បៀរ​ក្នុង​បរិវេណ​សាលា​បន្ត​ទៀត​នៅ​ថ្ងៃ​ខាង​មុខ​ លោកគ្រូ​-អ្នកគ្រូ​នឹង​ធ្វើ​ពហិការ​មិន​ចូល​បង្រៀន​សិស្ស​ដាច់ខាត​ គឺ​ប្រយោជន៍​ដើម្បី​បញ្ឈប់​ការ​យក​ទីតាំង​បណ្តុះបណ្តាល​ធនធានមនុស្ស​ជា​កន្លែង​ប្រគុំ​តន្ត្រី​ផ្សព្វផ្សាយ​ផលិតផល​។​ លោក​ថា​ ការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​ (​ LEO​ )​ ប្រគុំ​តន្ត្រី​ និង​ឱ្យ​ក្រុមហ៊ុន​ថៃ​រៀបចំ​តាំង​ពិ​ព័រ​ណ៌​ផលិតផល​ ទំនងជា​កើត​មាន​ភាព​មិន​ប្រក្រតី​ ឬ​គប់គិត​គ្នា​ក្នុង​ផលប្រយោជន៍​ផ្សេងៗ​។​

លោក​ ឡា​ច​ វ៉េ​ត​ ៖​ «​បើ​ហ៊ាន​ដាក់​ទៀត​ គេ​ហ៊ាន​ធ្វើ​ពហិការ​អ្វី​ទៀត​នោះ​ គ្រាន់តែ​ថា​ ខាង​សាលាស្រុក​ឥឡូវ​ហ្នឹង​គេ​ចោទ​ថា​ពួក​ប្រឆាំង​យើង​ ជា​ពួក​ប្រឆាំង​…​ យើង​អ្នក​ហ៊ាន​ធ្វើ​ដើម្បី​ឱ្យ​សាលា​ល្អ​ បែរជា​ចង់​ទម្លាក់​កំហុស​លើ​លោកគ្រូ-​អ្នកគ្រូ​ដែល​ផ្តិត​មេដៃ​ទៅ​វិញ​…»​។​

ទន្ទឹម​ក​គ្នា​នេះ​ លោក​ វ៉ា​ សា​រឿ​ន​ គ្រូបង្រៀន​នៅ​អនុ​វិទ្យាល័យ​គគីរ​ មាន​ប្រសាសន៍​ថា​ លោក​មិន​ពេញចិត្ត​ដាច់ខាត​ ចំពោះ​ការ​អនុញ្ញាត​ឱ្យ​មានការ​ប្រគុំ​តន្ត្រី​ស្រា​បៀរ​ក្នុង​ទីធ្លា​អនុ​វិទ្យាល័យ​គគីរ​។​ លោក​គាំទ្រ​ និង​ចូលរួម​ធ្វើ​ពហិការ​មិន​ចូល​បង្រៀន​ ប្រសិនបើ​នាយក​សាលា​ និង​អាជ្ញាធរ​មូលដ្ឋាន​មិន​ព្រម​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ ឬ​បន្ត​ឱ្យ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​ (LEO)​ ប្រគុំ​តន្ត្រី​នៅ​ថ្ងៃ​ខាង​មុខ​។​

លោក​ វ៉ា​ សា​រឿ​ន​ ៖​ «​សម្រាប់​ខ្ញុំ​ក៏​យល់​ឃើញ​ដូច​គាត់​ដែរ​ ការ​ប្រគុំ​តន្ត្រី​នេះ​វា​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ស្មារតី​គ្រូ​ និង​សិស្ស​ទាំងអស់​»​។​

លោក​ យឹ​ម​ នី​រ៉ា​ នាយក​អនុ​វិទ្យាល័យ​គគីរ​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ត្រី FM 102 ​នៅ​ថ្ងៃនេះ​ថា​ លោក​មិនមែន​ជា​អ្នក​សម្រេច​ ឱ្យ​មានការ​ប្រគុំ​តន្ត្រី​នៅ​ក្នុង​ទីធ្លា​អនុ​វិទ្យាល័យ​គគីរ​នេះ​ទេ​។ ​លោ​កថា​បញ្ហា​នេះ​គឺ​អាជ្ញាធរ​ដែនដី​ជា​អ្នក​សម្រេច​ ព្រោះ​កន្លែង​នោះ​ជា​ដី​ស្តា​ត​ ឬ​កីឡាដ្ឋាន​របស់​អាជ្ញាធរ​ មិនមែន​ជា​កម្មសិទ្ធិ​ ឬ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សាលា​នោះ​ទេ​។​

លោក​ យឹ​ម​ នី​រ៉ា​៖​ «​រឿង​ហ្នឹង​បើ​តាម​ការ​គិត​ទៅ​ ដី​ហ្នឹង​ជា​ដី​របស់​អាជ្ញាធរ​ដែនដី​ ជា​ដី​ស្តា​ត​ ខ្ញុំ​ពិបាក​ជំទាស់​។​ ការ​ប្រគុំ​តន្ត្រី​ហ្នឹង​ គេ​មាន​ពេល​របស់​គេ​ គេ​មាន​កិច្ចសន្យា​ ម៉ោង​ប្រាំពីរ​យប់​បាន​គេ​ចាប់​ប្រគុំ​…»​។​

ដោយឡែក​ប្រធាន​មន្ទីរ​អប់រំ​ខេត្តកណ្ដាល​ លោក​ អ៊ុ​ង​ តុលា​ មាន​ប្រសាសន៍​ថា​ មន្ទីរ​អប់រំ​ខេត្ត​មិន​បាន​ពាក់ព័ន្ធ​រឿង​នេះ​នេះ​ដែរ​។​ តែ​លោក​បញ្ជាក់​ថា​ផ្ទុយ​ទៅ​វិញ​ការ​អនុញ្ញាតិ​ឱ្យ​មានការ​ប្រគុំ​តន្ត្រី​ក្នុង​សាលា​ខាង​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​អនុញ្ញាត​។​ លោក​បាន​បន្ថែម​ថា​ ក្រសួង​អប់រំ​មិន​គាំទ្រ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅ​សាលា​ឡើយ​ ហើយ​នៅ​ថ្ងៃ​ខាង​មុខ​ អនុ​វិទ្យាល័យ​គគីរ​នឹង​មិន​មានការ​ប្រគុំ​តន្ត្រី​ស្រា​បៀរ​ទៀត​ ដោយ​មន្ទីរ​កំពុង​ដោះស្រាយ​បញ្ហា​នេះ​។​

លោក​ អ៊ុ​ង​ តុលា​ ៖ «​ខ្ញុំ​កំពុង​ធ្វើ​អន្តរាគមន៍​រឿង​នេះ​ហើយ​ ក្រោម​ការ​ចង្អុលបង្ហាញ​របស់​ឯកឧត្តម​អភិបាលខេត្ត​ លើក​ក្រោយៗ​នឹង​មិន​មានរឿង​នេះ​ទៀត​ទេ​មើលទៅ​ មិន​មានរឿង​នេះ​ទៀត​ទេ​…»​។​

ក្នុង​រឿង​នេះ​ដែរ​ លោក​ គង់​ ឆេ​ង​ មេឃុំ​គគីរ​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ កាលពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ យ៉ាង​ខ្លី​ថា​ ការ​អនុញ្ញាតិ​ឱ្យ​រៀបចំ​តាំង​ពិ​ព័រ​ណ៌​ ឬ​ប្រគុំ​តន្ត្រី​នៅ​ក្នុង​អនុ​វិទ្យាល័យ​គគីរ​ ជា​ការ​សម្រេចចិត្ត​របស់​លោក​អភិបាល​ខេត្តកណ្តាល​។​

តែ​ WMC​ មិន​អាច​ការ​អត្ថាធិប្បាយ​ពី​លោក​អភិបាលខេត្ត​កណ្ដាល​បាន​ទេ​នៅ​ថ្ងៃនេះ​។​

សូម​ជម្រាប​ថា​ អនុ​វិទ្យាល័យ​គគីរ​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​ (​ LEO​ )​ ប្រគុំ​ត​ន្រី្ត​ស្រា​បៀរ​ពីរ​ដង​រួច​មក​ហើយ​ គិត​ត្រឹម​ថ្ងៃ​សុក្រ​ ទី​០៤​ ខែមីនា​នេះ​។​ ទន្ទឹម​គ្នា​នេះ​ គ្រូបង្រៀន​អនុ​វិទ្យាល័យ​គគីរ​ចំនួន​ ២៣​ នាក់​ និង​សិស្សានុសិស្ស​ជាង​ ៤០០​ នាក់​ បាន​ដាក់​ញាតិ​ទៅ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ការិយាល័យ​ទទួល​ពាក្យបណ្តឹង​ក្រសួងមហាផ្ទៃ​ ខុ​ទ្ធ​កាល័យ​នាយក​រដ្ឋមន្ត្រី​  ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​បញ្ឈប់​ជា​បន្ទាន់​ម្តង​រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ពុំ​មាន​ភាគី​ណាមួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ​ឡើយ​៕

Share

Image
Image
Image