en     km
en     km

គិត​ត្រឹម​ថ្ងៃ​ទី​២២​ ខែមីនា​ រន្ទះបាញ់​បណ្ដាល​ឲ្យ​មនុស្ស​ ០៩​នាក់​ស្លាប់​ ក្នុង​នោះ​មាន​ស្ដ្រី​ ០៣​នាក់​

Share

​ភ្នំពេញ​ ៖​ បា​តុ​ភូមិ​ធម្មជាតិ​ ដែល​មាន​ជា​អាទិ៍​ខ្យល់ព្យុះ​ ខ្យល់​ក​ន្ក្រា​ក់​ និង​រន្ទះបាញ់​ បាន​កើតឡើង​ពី​ដើមឆ្នាំ​មក​ដល់​ចុងខែ​មីនា​នេះ​ បាន​បណ្ដាល​ឲ្យ​មនុ​ស្លាប់​ច្រើន​ជាង​ឆ្នាំ​មុន​ ប៉ុន្ដែ​ចំនួន​ខ្យល់ព្យុះ​ និង​ខ្យល់​ក​ន្ក្រា​ក់​មាន​តិច​ជាង​ឆ្នាំ​២០១៧​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖​

 

​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​បាន​រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ថៃ​ និង​ជ្រ​ល​សម្ពាធ​ទាប​ពី​សមុទ្រ​ចិន​ខាងត្បូង​ ដែល​នាំ​ឲ្យ​ប្រទេស​កម្ពុជា​មាន​មាន​ភ្លៀង​ធ្លាក់​ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​ និង​ខ្យល់​ក​ន្ក្រា​ក់​។​

​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៨​ លោក​ កែវ​ វី​ អ្នកនាំពាក្យ ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ឥទ្ធិពល​បាតុភូត​ធម្មជាតិ​ បាន​កើតឡើង​បង្ក​ឲ្យ​មាន​រន្ទះបាញ់​សម្លាប់​មនុស្ស​ ០៩​នាក់​ ក្នុង​នោះ​មាន​ស្ដ្រី​ ០៣​នាក់​ ហើយ​បង្ក​ឲ្យ​មនុស្ស​រង​របួស​ចំនួន​ ០៩​នាក់​ និង​ងាប់​គោ​ ក្របី​ ចំនួន​ ០៣​ក្បាល​។​ អ្នកនាំពាក្យ​បន្ដ​ទៀត​ថា​ យោង​តាម​ចំនួន​នេះ​ បើ​ធៀប​និង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧​ គឺ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​។​

​តែ​យ៉ាងណា​បើ​គិត​ពី​ចំនួន​ខ្យល់ព្យុះ​ និង​ខ្យល់​ក​ន្ក្រា​ក់​ ដែល​វាយប្រហារ​ផ្ទះ​ប្រជាពលរដ្ឋ​ និង​អគារ​ផ្សេងៗ​ នៅ​ដើមឆ្នាំ​២០១៨​នេះ​ គឺ​មាន​ចំនួន​តិច​ជាង​ឆ្នាំ​២០១៧​។​ គិត​ពី​ខែមករា​ ដើមឆ្នាំ​រហូត​ដល់​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៨​នេះ​ ខ្យល់ព្យុះ​ និង​ខ្យល់​ក​ន្ក្រា​ក់បាន​កើតឡើង​ចំនួន​ ២០​លើក​ នៅ​ក្នុង​រាជធានី​ ខេត្ដ​ ចំនួន​ ០៨​។​ បង្ក​ឲ្យ​ខូចខាត​ និង​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​ ៩៧​ខ្នង​ ខូចខាត​មធ្យម​ និង​របើក​ដំបូល​ ២០១​ខ្នង​ របើក​ដំបូល​ សាលារៀន​ ៥​អគារ​ និង​បង្ក​ឲ្យ​មនុស្ស​ ០២​នាក់​រង​របួស​។​

​លោក​ កែវ​ វី​ ៖«​ឆ្នាំទៅ​គឺ​យើង​កើត​មាន​ ៣០​លើក​ នៅ​រាជធានី​ ខេត្ដ​ ចំនួន​ ១០​។​ ការ​ខូចខាត​មានផ្ទះ​រលំ​ និង​ខូច​ធ្ងន់ធ្ងរ​ ១១១​ខ្នង​ ផ្ទះ​ដែល​របើក​ដំបូង​ និង​ខូចខាត​មធ្យម​ ៣៧៩​ខ្នង​ របើក​ដំបូល​សាលារៀន​ ០៦​អគារ​ និង​អគារ​ផ្សេងៗ​ ១០​អគារ​។​ ពលរដ្ឋ​រង​គ្រោះ​ស្លាប់​១​ របួស​ ០៧​នាក់​ ។​ នេះ​បើ​យើង​គិត​ថា​ រន្ទះបាញ់​ឆ្នាំ​នេះ​ច្រើន​ជាង​ឆ្នាំ​មុន​ តែបើ​គិត​ជា​ បាតុភាព​ខ្យល់ព្យុះ​អី​អស់ហ្នឹង​ គឺ​វា​តិច​ជាង​ឆ្នាំទៅ​ ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​២០១៨»​។​

​រន្ទះ​ បាន​ប្រហារ​ទៅ​លើ​ពលរដ្ឋ​មួយ​ចំនួន​ ខណៈ​ពួក​គេ​មិន​មានការ​ប្រុង​ប្រយ័ត្ន​ នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ ដែល​មាន​ជា​អាទិ៍​ ពួក​គេ​នៅ​តែ​បន្ដ​ធ្វើ​ការងារ​ទាំង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ និង​ផ្គរ​រន្ទះ​ និង​មួយវិញទៀត​ការ​មើល​ទូរទស្សន៍​ ឬ​បន្ដ​បើក​វិទ្យុ​ ឬក៏ចេញ​ទៅ​ដងទឹក​ដាក់​ពាង​ជាដើម​។​

​ទាក់​ទិញ​ចំណុច​នេះ​ លោក​ កែវ​ វី​ មាន​ប្រសាសន៍​ថា​ កសិករ​ពិតជា​បានដឹង​ ពី​គ្រោះថ្នាក់​ ការ​ដែល​ពួក​គេ​បន្ដ​ធ្វើ​ការងារ​ទាំង​ភ្លៀង​ ប៉ុន្ដែ​លោក​ថា​ ដោយសារ​ជា​ទម្លាប់​កសិករ​ កម្រ​និង​ទុក​ការងារ​របស់​ខ្លួន​ចោល​ ហើយ​ពួក​គេ​តែងតែ​ព្យាយាម​បង្ហើយ​ការងារ​ ទាំងនោះ​។​ ត្រង់ចំណុចនេះ​ អ្នកនាំពាក្យ​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បញ្ជាក់​ថា​ វា​ជា​ហេតុ​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​បំផុត​។​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ដោយសារ​រន្ទះបាញ់​ លោក​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ កុំ​បន្ដ​ធ្វើ​ការងារ​នៅ​ហាលភ្លៀង​ ត្រូវ​រួត​រះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ បិទ​ទូរស័ព្ទ​ ទូរទស្សន៍​ ឬ​ក៏​ច​ន្ដ​រ​អគ្គិសនី​ជាដើម​។​

​លោក​ កែវ​ វី​ ៖«​ពេល​ដែល​ថា​ មាន​ភ្លៀង​ខ្យល់​ ឲ្យ​បិទ​ទូរស័ព្ទ​ ឲ្យ​បិទ​វិទ្យុ​បិទ​អី​អ​ញ្ចឹ​ង​ ហើយ​ពេល​គាត់​ធ្វើការ​នៅ​កណ្ដាលវាល​ ត្រូវ​រួត​រះ​ត្រឡប់​មក​ផ្ទះ​ ឬ​ក៏​ថា​ កំពុងធ្វើការ​នៅ​លើ​ផ្ទៃ​ទឹក​ ឲ្យ​រួត​រះ​ត្រឡប់​ផ្ទះ​អ​ញ្ចឹ​ង​ គឺ​ដើម្បី​បង្ការ​បញ្ហា​គ្រោះ​ថា្ន​ក់​ហ្នឹងហើយ​»​។​

​នៅ​ចន្លោះ​ពី​ដើមឆ្នាំ​ រហូត​ដល់​អំឡុង​ខែឧសភា​ មុន​ឈាន​ចូល​រដូវវស្សា​ ខ្យល់ព្យុះ​ ខ្យល់​ក​ន្ក្រា​ក់​ និង​រន្ទះបាញ់​ មាន​លក្ខណៈ​កាច​សាហាវ​ ដែល​ជា​ពេលវេលា​មួយ​ សម្រាប់​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​។​ ជាង​នេះ​លោក​ កែវ​ វី​ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​តាមដាន​ឲ្យ​បាន​ខ្ជាប់​ខ្ជូ​ន​ នូវ​ព័ត៌មាន​ស្ដី​ពី​ស្ថានភាព​អាកាសធាតុ​ ដែល​ក្រសួង​ធន់​ធាន​ទឹក​តែងតែ​ផ្សព្វផ្សាយ​ ដើម្បី​ត្រៀមខ្លួន​បង្ការ​ជា​មុន​៕

Share

Image
Image
Image