en     km
en     km

គម្រោង AIMS ជួយកសិករស្រ្តីបង្កើនប្រាក់ចំណូលតាមរយៈផលិតកម្មសូត្រមាស

Share

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចុះពិនិត្យមើលការងាររបស់ស្រ្តីនៅសិប្បកម្មផលិតសូត្រ Golden Silk Pheach។រូបភាពក្រសួងពាណិជ្ជកម្ម។​

(សៀមរាប)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា គម្រោង AIMS នឹងជួយលើកកម្ពស់ជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ បង្កើនប្រាក់ចំណូលដល់ស្ត្រីតាមតំបន់ជនបទ តាមរយៈការដាក់បញ្ចូលសូត្រមាស ឬសូត្រប្រណិតក្នុងសង្វាក់ផលិតកម្មខ្នាតតូច ជាផ្នែកមួយនៃគម្រោងនេះដើម្បីថែរក្សាអត្តសញ្ញាណជាតិ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៦ កក្តដា។

ការលើកឡើងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្ម ធ្វើឡើងក្នុងឱកាសបំពេញទស្សនកិច្ចសិប្បកម្មផលិតសូត្រ Golden Silk Pheach ដែលមានដាំដើមមន និងចិញ្ចឹមកូនដង្កូវនាង ស្រាវជ្រាវយកសរសៃសូត្រ និងតម្បាញសូត្រ។ សិប្បកម្មផលិតសូត្រ Golden Silk Pheach ​ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ទិដ្ឋភាពមួយចំនួននៅ សិប្បកម្មផលិតសូត្រ Golden Silk Pheach ​។ រូបភាពរបស់ក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី លើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឱ្យខិតខំថែរក្សាមុខរបរប្រពៃណីតម្បាញសូត្រ ចំណែកក្រសួងពាណិជ្ជកម្ម ក៏ខិតខំក្នុងការសម្របសម្រួល ស្វែងរកទីផ្សារ និងការជំរុញលើកស្ទួយផលិតផលសូត្រមាស ឬសូត្រប្រណិតរបស់កម្ពុជា ដើម្បីធ្វើពិពិធកម្មការនាំចេញ និងកាត់បន្ថយការនាំចូលសរសៃសូត្រឆៅពីបរទេស។

គួរកត់សម្គាល់ថា សូត្រមាស ឬសូត្រប្រណិត ស្ថិតនៅក្នុងចំណោមផលិតផលអាទិភាពចំនួន ១០ សម្រាប់ជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ការលើកកម្ពស់ផលិតកម្មសូត្រមាស សំដៅបង្កើតការងារជូនស្ត្រីនៅតំបន់ជនបទ និងធ្វើពិពិធកម្មការនាំចេញផលិតផលសម្រចេញរបស់រាជរដ្ឋាភិបាលកម្ពុជា៕

Share

Image
Image
Image