en     km
en     km

គណៈកម្មការបោះឆ្នោតថៃអំពាវអោយមានអ្នកសង្កេតការណ៍អន្ដរជាតិ

Share

គណៈកម្មការរៀបចំការបោះឆ្នោតប្រទេសថៃបានបង្ហាញការគាំទ្រឲ្យមានអ្នកសង្កេតការណ៍អន្ដរជាតិ ដើម្បីមកចូលរួមអង្កេតការណ៍នៅថ្ងៃបោះ ឆ្នោតសភា ២៤ កុម្ភៈ ឆ្នាំ ២០១៩។

ប្រធានរបស់ស្ថាប័ននេះ គឺ លោក អ៊ីនទីប៉ន បុនប្រាកុន បាននិយាយកាលពីថ្ងៃព្រហស្បត្តិ៍ ថា ស្ថាប័នរបស់លោកបានគាំទ្រជាគោលការណ៍ថាការបោះឆ្នោតគួរតែមានវត្តមានអ្នកសង្កេតការណ៍អន្ដរជាតិព្រោះការបោះឆ្នោតកន្លងមករាជាណាចក្រថៃតែងតែទទួលអ្នកសង្កេតការណ៍អន្ដរជាតិ ។

ប្រទេសថៃនឹងធ្វើការបោះឆ្នោតសភានៅថ្ងៃ ២៤កុម្ភៈ ឆ្នាំ ២០១៩ ដែលជាការបោះឆ្នោតលើកដំបូងបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤។

ស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសតែងតែទទួលបានការគាំទ្រពីពលរដ្ឋថៃ និងគណបក្សនយោបាយដោយចាត់ទុកថា ស្ថាប័ននេះមានគោលការណ៍ឯករាជ្យ និងអព្យាក្រឹត្យត្រឹមត្រូវ។

ទោះជាយ៉ាងនេះក្ដីពួកយោធាថៃ ដែលកំពុងដឹកនាំរដ្ឋាភិបាលហាក់មិនបានសាទរ និងគាំទ្រចំពោះការអំពាវនាវរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃដែលសុំឲ្យមានអ្នកសង្កេតការណ៍អន្ដរជាតិនោះទេ។

ឧបនាយករដ្ឋមន្ដ្រី ប្រាវីតវង្សសុវ៉ាត បាននិយាយថា ស្ថាប័នបោះឆ្នោតប្រទេសថៃមានគោលការណ៍ច្បាស់លាស់ក្នុងការបោះឆ្នោតរបស់ខ្លួនដែលមើលទៅមិនចាំបាច់ឲ្យមានអ្នកសង្កេតការណ៍អន្ដរជាតិច្រើននោះទេ។ តែប្រធានគណៈកម្មការការបោះឆ្នោតប្រទេសថៃបាននិយាយថា សហភាពអឺរ៉ុប គឺជាសហគមន៍អន្ដរជាតិធំជាងគេដែលបានដាក់ពាក្យសុំធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតនៅពេលនេះ។

តាមសារព័ត៌មានថៃបាងកកប៉ុស្ដិ៍គណបក្សតូចៗជាច្រើនត្រូវបានបង្កើតឡើងក្នុងនោះមានគណបក្សដែលពួកយោធានៅពីក្រោយផងដែរ។យ៉ាងណាក៏ដោយគណបក្សធំទាំងពីររបស់ប្រទេសថៃ គឺគណបក្សភឿកថៃរបស់អតីតនាយករដ្ឋមន្ដ្រីយីងឡាក់ និងគណបក្សប្រជាធិបតេយ្យរបស់អតីតនាយករដ្ឋមន្ដ្រីអាប់ភីស៊ីតវាចាជីវា ទំនងនៅតែទទួលបានការគាំទ្រពីប្រជាជនថៃច្រើនជាងគេ៕

Share

Image
Image
Image