en     km
en     km

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​សិទ្ធិ​​ ធ្វើ​បាតុកម្ម​​ប្រសិនបើ​​លោក​ កឹ​ម​ សុខា​ ​ត្រូវ​បាន​ចាប់ខ្លួន​

Share

ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ​ ប្រកាស​ប្រើ​សិទ្ធិ​ធ្វើ​បាតុកម្មអហិង្សា​ និង​ទទូច​ឱ្យ​ពលរដ្ឋ​គាំទ្រ​ខ្លួន​ ដង្ហែ​ញ​តិ្ដ​ថ្វាយ​ព្រះមហាក្សត្រ​ ដើម្បី​អោយ​ព្រះ​អង្គ​ជួយ​អន្ដរាគមន៍​បញ្ចប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​ និង​អ្នកតំណាង​រាស្ដ្រ​ ស្រប​ពេល​ដែល​គណបក្ស​នេះ​ ប្រកាស​មិន​ចូល​ប្រជុំ​សភា​ ។​

13323933_1634312980227150_2085066783_o

​ការ​អះអាង​បែប​នេះ​ ធ្វើ​ឡើង​តាម​រយៈ​ការ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ នៅ​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​  បន្ទាប់​ពី​កិច្ចប្រជុំ​ គណៈកម្មាធិការ​អចិន្ដ្រៃយ៍​បក្ស​ ដឹកនាំ​ដោយ​ លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ កាលពី​ព្រឹក​មិ​ញ​នេះ​ ។​
​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ដូចនេះ​ថា​ ៖

១.​ អោយ​ថ្នាក់ដឹកនាំ​បក្ស​មូលដ្ឋាន​ រាជធានី​ខេត្ត​ ដង្ហែ​រញ​តិ្ដ​មក​រាជធានី​ភ្នំពេញ​ ទៅ​ថា្វ​យ​ព្រះមហាក្សត្រ​។​
២.​ គាំទ្រ​ឱ្យ​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ តាម​រយៈ​ក្រុម​សមាជិក​សភា​ ធ្វើ​ញត្តិ​ផ្ញើ​ជូន​ប្រធានរដ្ឋសភា​ ដើម្បី​បញ្ជាក់​ប្រាប់​ថា​ តំណាងរាស្ដ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ មិន​អាច​ទៅ​បំពេញការងារ​នៅ​រដ្ឋសភា​ បាន​ក្នុង​កាលៈទេសៈ​ ដែល​មានការ​រំលោភ​បំពាន​ អភ័យឯកសិទ្ធិ​សភា​ ជា​បន្ដបន្ទាប់​បែប​នេះ​ ។​
៣.​ គណបក្ស​នឹង​ប្រើប្រាស់​សិទ្ធិ​ធ្វើ​មហា​បាតុកម្មអហិង្សា​ក្នុង​ករណី​ ដែល​មានការ​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ។​
៤​. ​បន្ដ​យក​វប្បធម៌​សន្ទនា​ ធ្វើ​ជា​មូលដ្ឋាន​ ក្នុង​ការ​ស្ដារ​ស្ថានការណ៍​នយោបាយ​ ឱ្យ​វិល​មក​រក​ប្រក្រតី​ឡើង​វិញ​ ដើម្បី​ធានា​ការ​បោះ​ឆ្នោត​២០១៧-២០១៨​ខាង​មុខ​ ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុ​ត្ថិ​ធម៌​ ។​

​ការ​ធ្វើ​សេចក្ដីសម្រេច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ឡើង​នៅ​ពេល​នេះ​ គឺ​ ស្រប​ពេល​ដែល​ សមត្ថកិច្ច​កំពុង​ស្វែងរក​ការ​នាំ​ខ្លួន​ លោក​ កឹ​ម​ សុខា​ មក​កាន់​តុលាការ​ ករណី​ពាក់ព័ន្ធ​រឿង​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ដែល​តាម​ព័ត៌មាន​លោក​ កឹ​ម​ សុខា​ កំពុង​ស្ថិត​នៅ​ក្នុង​ស្នាក់​ការ​បក្ស​ នៅ​ចាក់​អង្រែ​លើ​ ។​

​យ៉ាងណា​ក៏​ដោយ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីការ​សម្រេច​ ត្រួតពិនិត្យ​លោក​ កឹ​ម​ សុខា​ តាម​ផ្លូវច្បាប់​ ព្រោះតែ​មិន​ព្រម​ចូលខ្លួន​តាម​ដីកា​រកោះ​មក​កាន់​តុលាការ​  មាន​ចំនួន​បី​លើក​មក​ហើយ​ ។​

​តាម​សេចក្ដីរាយការណ៍​របស់​អ្នករាយការណ៍​ព័ត៌មាន​ស្ដ្រី​ FM​ 102​  ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ បាន​ឡើង​មក​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃនេះ​ដោយ​ពួក​គេ​ ការពារ​ស្នាក់​ការ​ មិន​ឲ្យ​សមត្ថកិច្ច​ចូលចាប់​ខ្លួន​ លោក​ កឹ​ម​ សុខា​ ៕

 

Share

Image
Image
Image