en     km
en     km

គណបក្សប្រឆាំង ​និង​ខុមហ្វ្រែល​ ថា​ ការ​ផ្ដល់​ជំនួយ​ដល់​ គ​.ជ​.ប​ អាច​ធ្វើឱ្យ​ស្ថា​ប័ន​នេះ​មាន​ភាព​ឯករាជ្យ​ខ្ពស់​

Share

ភ្នំពេញ៖ ក្រោយ​ពី​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​សន្យា​ជួយ​ប្រទេស​កម្ពុជា​ លើ​ការងារ​កំណែទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​រួច​មក​ ទាំង​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ ទាំង​គណបក្សប្រឆាំង​យល់​ឃើញ​ថា​ ប្រការ​នេះ​អាច​ជួយ​ឱ្យ​ការ​បោះ​ឆ្នោត​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​កាន់តែ​មាន​តម្លាភាព​ និង​ឯករាជ្យ​ភាព​ជាង​ការ​បោះ​ឆ្នោត​ឆ្នាំ​កន្លង​មក​។​ ស្ថានទូត​អា​មេ​រិក​ប្រចាំ​កម្ពុជា​ បាន​សន្យា​ថា​នឹង​ជួយ​ប្រទេស​កម្ពុជា​ លើ​ការងារ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ នា​ពេល​ខាង​មុខ​នេះ​។​

NEC-cover

​​លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​​គណៈកម្មការ​​រៀបចំ​ការ​បោះ​​ឆ្នោត​​ហៅ​​កាត់​​ថា​ (​ គ​.​ជ​.​ប​ )​ បាន​​មាន​​ប្រសាសន៍​​ប្រាប់​​វិទ្យុ​​ស្ដ្រី​​នៅ​ថ្ងៃ​នេះ​​ថា​ ការ​​ផ្ដល់​​ជំនួយ​​របស់​​សហរដ្ឋ​អា​មេ​រិកដល់​ការ​ធ្វើ​កំណែទម្រង់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​​នា​ពេល​នេះ​ គឺជា​រឿង​ដ៏​ល្អ​សម្រាប់​ដំណើរការ​របស់​ ​គ​.ជ​.ប​ ។​ លោក​ថា​ ​ទន្ទឹម​​នឹង​​ការ​ផ្ដល់​ជំនួយ​នេះ​ ​សហរដ្ឋ​អា​មេ​រិក​​​នឹង​ចូលរួម​ធ្វើ​​ជា​អ្នក​អង្កេត​ការណ៍​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​ ២០១៧​-២០១៨​ ខាង​មុខ​នេះ​ ហើយ​ប្រសិនជា​សហរដ្ឋ​អា​មេ​រិក​មើលឃើញ​ពី​ភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ អាច​ធ្វើការ​រិះគន់​ចំពោះ​មុខ​ ដើម្បី​រក​ដំណោះស្រាយ​ជាមួយ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​តែ​ម្ដង​។​

​ចំណែក​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ បាន​មាន​ប្រសាសន៍​ថា​ ការ​ចូលរួម​ជួយ​កម្ពុជា​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ការ​បោះ​ឆ្នោត​នេះ​ គឺជា​រឿង​ល្អ​មួយ​​ដែល​នឹង​ធ្វើឱ្យ​​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​រក្សា​លំនឹង​នៃ​ឯករាជ្យ​ភាព​របស់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​។​

​លោក​ គល់​ បញ្ញា​ បញ្ជាក់​ថា​ ការ​ជួយ​របស់​អា​មេ​រិក​នា​ពេល​នេះ​ នឹង​ធ្វើ​ឱ្យសហគមន៍​អឺ​រ៉ុ​ប​ព្រម​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នៅ​ម្ពុ​ជា​។​ ប៉ុន្តែ​ទោះជា​យ៉ាងណា​ លោក​ថា​ ថ្វី​ត្បិត​ស្ថាប័ន​នេះ​ មានការ​ជួយ​ជ្រោមជ្រែង​ពី​សហរដ្ឋ​អា​មេ​រិក​យ៉ាងណា​ក្តី​ តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ និង​គណបក្ស​នយោបាយ​មួយ​ចំនួន​មិន​ជឿជាក់​ទាំងស្រុង​ទៅ​លើ​កំណែទម្រង់​នេះ​ឡើយ​ទេ​។​

«វា​មិន​អាច​គេច​ផុត​ពី​ការ​ចោទប្រកាន់​បាន​ភ្លាមៗ​ទេ​ តែ​យ៉ាង​ហោច​ណាស់​វា​អាច​ថយ​នៅ​ការ​ចោទប្រកាន់​ ហើយ​កើនឡើង​នៅ​ទំនុកចិត្ដ​ពី​អ្នកចូលរួម​ប្រ​គួ​ត​ប្រជែង​ ហោច​ណាស់​ពី​ក្រុម​គណបក្សកាន់អំណាច​ និង​គណបក្សប្រឆាំង»​។​

​ជុំវិញ​រឿង​នេះ​ដែរ​លោក​ យ៉ែ​ម​ បញ្ញា​ឬ​ទ្ធិ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិសា​ទរ​ចំពោះ​ការ​យកចិត្ដទុកដាក់​ជួយ​ពី​សហរដ្ឋ​អា​មេ​រិច​ដល់​កម្ពុជា​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​។​ លោក​ថា​ ការ​ផ្ដល់​ជំនួយ​នេះ​ នឹង​ធ្វើ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​អាច​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បំពេញភារកិច្ច​របស់​ខ្លួន​បាន​កាន់តែ​ល្អ​ប្រសើរ​។​

​លោក​ យ៉ែ​ម​ បញ្ញា​ឬ​ទ្ធិ​ បញ្ជាក់​ថា​ បើសិនជា​ គ​.ជ​.ប​ មាន​លទ្ធភាព ​និង​មធ្យោបាយ​គ្រប់គ្រាន់​ ដើម្បី​បំពេញការងារ​របស់​ខ្លួន​ហើយ​នោះ​ ឯករាជ្យ​ភាព​របស់​គណកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​មាន​កាន់តែ​ខ្ពស់​ជាង​ពេល​មុន​។​ «​យើង​ជឿ​ង​ថា​គាត់​មាន​លទ្ធិ​ភាព​ និង​មធ្យោបាយ​ដើម្បី​បំពេញ​កា​រ​​ងារ​បាន​ពេញលេញ​ ដូច្នេះ​ជា​លក្ខណៈ​មួយ​យើង​យល់​ថា​ ការ​បំពេញការងារ​បាន​ពេញលេញ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ នោះ​ឯករាជ្យ​ភាព​និង​អព្យា​ក្រឹត្យ​ភាព​ និង​កាន់តែ​ប្រសើរ​»។​

​សូម​រំឭក​ថា​ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កាលពី​ឆ្នាំ ​២០១៣​ ត្រូវ​បាន​ពលរដ្ឋ​ និងគណបក្សប្រឆាំង​ចោទប្រកាន់ ​គ​.ជ​.ប​ ថា​​ធ្វើការ​ដោយ​គ្មាន​តម្លាភាព​ គ្មាន​ឯករាជ្យ​ភាព​ និង​លម្អៀង​ទៅ​កាន់​ភាគី​គណបក្សកាន់អំណាច​សព្វថ្ងៃ​ទៀត​ផង។​ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ​ការ​ចោទប្រកាន់​នោះ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ច្រានចោល​ ​ដោយ​បដិសេធ​ថា ​​វា​មិនមែន​ជា​ការ​ពិត​។​ ​សម្រាប់​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អា​មេ​រិក​ប្រចាំ​កម្ពុជា​ ដែល​សន្យា​នឹង​ផ្ដល់​ជំនួយ​ដល់​ការ​កំណែ​ទម្រង់ការ​រៀបចំ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ មាន​មតិ​សាធារណជន​ជា​ច្រើន​បង្ហាញ​ក្ដី​សង្ឃឹមថា​គណៈកម្មការ​នេះ​អាច​នឹង​មាន​សុចរិត​ភាព​ ឯករាជ្យ​ភាព​ខ្ពស់​ជាង​ការ​បោះ​ឆ្នោត​ក្នុងពេលកន្លងទៅ​​៕

Share

Image
Image
Image