en     km
en     km

ខ្យល់​កន្រ្តាក់បណ្តាល​ឱ្យ​រលំ​ និង ​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ជាង​៣០០​ខ្នង​ 

Share

ភ្នំពេញ​៖​ ខ្យល់​កន្ត្រាក់​និង​ព្យុះ​ភ្លៀង​បង្ក​ឲ្យ​រលំ​និង​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ជាង​ ​៣០០ ​ខ្នង​ចាប់ពី​ថ្ងៃទី១​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​។ ​តែ​គ្រោះ​ធម្មជាតិ​នេះ​មិន​បណ្តាល​មនុស្ស​រង​របួស​និង​ស្លាប់​ទេ​។​

នៅថ្ងៃទី ១៧ ខែមេសា ឆ្នំា ២០១៨ បាតុភូតខ្យល់កន្ត្រាក់ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ០៣ ខ្នង ដួលរលំ ។ ភូមិទួលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រូបភាព៖ Facebook


​របាយការណ៍​បឋម​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ឲ្យ​ដឹង​ថា​ យ៉ាងតិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជាង​៣០០​ខ្នង​រង​ផល​ប៉ះពាល់​របើក​ដំបូលផ្ទះ​និង​ដួល​រលំ​ដោយសារ​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង​ដោយ​មាន​ព្យុះ​ភ្លៀង​កើតឡើង​ចាប់ពី​ថ្ងៃ​ទី​១៣​ ដល់​ ថ្ងៃ​ទី​១៧​ ខែ​ មេ​សា​នេះ​។​

​លោក​ កែវ​ វី​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ឲ្យ​ដឹង​ថា​ បើតាម​របាយការណ៍​បឋម គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​និង​ភ្លៀង​កក់ខែ​បាន​ធ្វើ​ឲ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ៣៦៧​ ខ្នង​រង​ផល​ប៉ះពាល់​របើក​ដំបូល​និង​ដួល​រលំ​។​

​លោក​ កែវ​ វី​ អះអាង​ថា​ ករណី​ខ្យល់​កន្ត្រាក់​និង​ភ្លៀង​កក់ខែ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​និង​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ចំនួន​ប្រាំបី​។ ​រួមមានខេត្ត សៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង រតនគិរី និង កំពង់ស្ពឺ។

លោក​បញ្ជាក់​ថា​ ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ផ្ទះ​រលំ​២​ខ្នង​និង​ប៉ើង​ដំបូល​ ៧ ​ខ្នង​នៅ​ស្រុក​អង្គរជុំ​ ខេត្តសៀមរាប​ នៅ​ថ្ងៃ​ទី​ ១៥​ ខែ​ មេ​សា​នេះ​។​

​ដោយឡែក​ខេត្តបន្ទាយមានជ័យ​ប៉ះ​បណ្តាល​ឲ្យ​រលំ​ផ្ទះ​ ១៣​ ខ្នង ​និង ​ប៉ើង​ដំបូល​ ៥៩ ​ខ្នង​ ខណ​ដែល​ខេត្តព្រះវិហារ​រលំ​ផ្ទះ ​១០ ​ខ្នង​និង​ប៉ើង​ដំបូល​ ២១០​ ខ្នង​។​ រីឯ​ខេត្តព្រៃវែង​រលំ ​១​ ខ្នង​ និង​ខេត្តស្វាយរៀង​រលំ ​៣​ ខ្នង​និង​ប៉ើង​ដំបូលផ្ទះ​២​ខ្នង​។​ជាមួយ​គ្នា​នេះ​ ខេត្ត​ពោ​សាត់​រលំ​ផ្ទះ​៤​ខ្នង​ និង​ប៉ើង​ដំបូល​៨​ខ្នង​ ហើយ​ខេត្តកំពង់ស្ពឺ​ប៉ើង​ដំបូល​៣០​ខ្នង​ផ្ទះ​។​

​យោង​តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​មាន​រយៈពេល​ ៣​ ខែ​ដើមឆ្នាំ​ ២០១៨​នេះ​បញ្ជាក់​ថា​ ខ្យល់ព្យុះ​ និង​ខ្យល់​ក​ន្ក្រា​ក់​ដែល​វាយប្រហារ​ផ្ទះ​ប្រជាពលរដ្ឋ​ និង​អគារ​ផ្សេងៗ​គឺ​មាន​ចំនួន​តិច​ជាង​ឆ្នាំ​២០១៧​។​ពោល​គឺ​ខ្យល់ព្យុះ​ និង​ខ្យល់​ក​ន្ក្រា​ក់បាន​កើតឡើង​ចំនួន​ ២០​លើក​ នៅ​ក្នុង​រាជធានី​ ខេត្ដ​ ចំនួន​ ០៨​។​ បង្ក​ឲ្យ​ខូចខាត​ និង​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​ ៩៧​ខ្នង​ ខូចខាត​មធ្យម​ និង​របើក​ដំបូល​ ២០១​ខ្នង​ របើក​ដំបូល​សាលារៀន​ ៥​អគារ​ និង​បង្ក​ឲ្យ​មនុស្ស​ ០២​នាក់​រង​របួស​។

​យោង​តាម​របាយការណ៍​នេះ​បង្ហាញ​ថា​ ឥទ្ធិពល​បាតុភូត​ធម្មជាតិ​ រន្ទះបាញ់​ បាន​សម្លាប់​មនុស្ស​ ០៩​នាក់​ មាន​ស្ដ្រី​ ០៣​នាក់​ ហើយ​បង្ក​ឲ្យ​មនុស្ស​រង​របួស​ចំនួន​ ០៩​នាក់​ និង​ងាប់​គោក្របី​ ចំនួន​ ០៣​ក្បាល​៕

Share

Image
Image
Image