en     km
en     km

ខេត្ត​ក្វាងទុងប្រទេសចិនស្នើកម្ពុជាដោះដូរទំនិញជាមួយគ្នាដោយការប្រើប្រាស់ប្រាក់យ៉ន់

Share

ក្រុងភ្នំពេញ៖ អភិបាលរងខេត្តក្វាងទុងប្រទេសចិន លោក អ៊ៅយ៉ាង វ៉ីមីង បានដាក់សំណើឲ្យកម្ពុជាធ្វើពាណិជ្ជកម្មជាមួយខ្លួន ដោយប្រើប្រាស់ជាប្រាក់យ៉ន់ដើម្បីរក្សាសេ្ថរភាពសេដ្ឋកិច្ចនៅក្នុងតំបន់។ សំណើនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាន សូរសក្តិរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា នៅសាលាខេត្តក្វាងទុងប្រទេសចិន កាលពីសប្តាហ៍កន្លងទៅនេះ។នេះបើតាមការចុះផ្សាយរបស់គេហទំព័រមួយ នៅថ្ងៃចន្ទទី៥កុម្ភៈនេះ។

ក្នុងជំនួបពិភាក្សានេះ លោក ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបង្ហាញថា កម្ពុជាត្រូវតែពង្រីកលទ្ធភាពទីផ្សាររបស់ខ្លួនបន្ថែមទៀត សម្រាប់ការនាំចេញទំនិញ ដោយស្នើប្រទេសចិន ឲ្យជួយទិញកសិផល និង ផលិតផល ដទៃពីកម្ពុជាឲ្យបានច្រើន ដើម្បីឈានទៅសម្រេចការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោកបានស្នើបន្ថែមថា ភាគីចិនគួរតែវិនិយោគលើវិស័យសំខាន់ៗ មួយចំនួនដូចជា រោងចក្រកែច្នៃកសិផល រោងចក្រគ្រឿងកំប៉ុង ឡសម្ងួត និង​ សាងសង់ឃ្លាំងសម្រាប់ដាក់ស្រូវអង្ករ និង កសិផលផ្សេងទៀត។​

ឆ្លើយតបនឹងការស្នើសុំនេះ លោក អ៊ៅយ៉ាង វ៉ីមីង បានពន្យល់ថា ឆាប់ៗនេះ ខេត្តក្វាងទុងនឹងបង្កើត មជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយដាក់តាំងពិរពណ៌ផលិតផលមកពីអាស៊ីអាគ្នេយ៍ រួមទាំងផលិតផលរបស់ប្រទេសកម្ពុជាផងដែរ។ លោកបញ្ជាក់ថាពេលនោះ គេនឹងអាចដឹងថាកម្ពុជាមានផលិតផលអ្វីខ្លះ ឬតម្លែយ៉ាងណាផងដែរ ដែល លោកលើកឡើងថា នឹងផ្សព្វផ្សាយកាន់តែទូលំទូលាយនៅប្រទេសចិន។

តែយ៉ាងណាលោកក៏បានស្នើសុំវិញ ឲ្យកម្ពុជាពិចារណាការធ្វើពាណិជ្ជកម្មជាប្រាក់យន់ជាមួយខេត្តក្វាងទុង។

គួររម្លឹកថា ខេត្តក្វាងទុងគឺជាខេត្តដែលមានសក្តានុពលផ្នែកវិស័យពាណិជ្ជកម្មខ្លាំងមួយនៅប្រទេសចិន។ ទំហំពាណិជ្ជកម្មរបស់ខេត្តក្វាងទុង មានចំនួនប្រហែល ១/៤ នៃទំហំពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយប្រទេសកម្ពុជា៕

 

Share

Image
Image
Image