en     km
en     km

ខួប១០០ឆ្នាំនៃកំណើតបក្សកុម្មុយនីស្តចិន៖ តើចិនអាចនឹងដណ្តើមអំណាចអាមេរិកក្នុងនាមជាមេដឹកនាំពិភពលោកទេ?

Share

ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ​ ១៩២១ ដល់ ឆ្នាំ ២០២១ នេះ គឺជាខួប១០០ឆ្នាំ នៃការកកើតនូវគណបក្សកុម្មុយនិស្តចិន។  លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនជារឿយៗតែងតែអះអាងថា ប្រទេសចិន គឺជាមហាអំណាច​អស្ចារ្យ រុងរឿង និងប្រកាន់ខ្ជាប់នូវសច្ចៈភាព។ ចិនបានក្លាយទៅជាបេក្ខភាពប្រជែងជាមួយអាមេរិកនាសតវត្សទី ២១ នេះ ហើយវាបានក្លាយជាប្រធានបទក្តៅគគុកជជែកវែកញែកដេញដោលថាតើចិនអាចនឹងដណ្តើមតួនាទីក្នុងនាមជាមេដឹកនាំពិភពលោកជំនួសអាមេរិកដែរឬទេ?

មែនទែនទៅ គេមិនគួរមើលរំលងនូវកិត្យានុភាព អនុត្តរភាព និងភាពជាមហាអំណាចទាំងសេដ្ឋកិច្ច យោធា បច្ចេកវិទ្យាសម្បនិម្មិត និង ភូមិសាស្រ្តនយោបាយ របស់ចិននាសតវត្សទី២១ នេះឡើយ។ ចិនត្រូវបានពិភពលោក ជាពិសេសក្រុមបញ្ញាវន្តដាក់រហ័សនាមថាជានាគភ្ញាក់ពីដំណេក។ ក៏ប៉ុន្តែបើគេសួរថាតើចិនពិតជាមានសក្តានុពលក្នុងការប្រជែងតំណែងជាអ្នកដឹកនាំពិភពលោកជួសអោយអាមេរិកនាសម័យថ្មីនេះបានឬ? សំណួរនេះ វាពាក់ព័ន្ធទៅនឹង ២ កត្តាគួបផ្សំ។ កត្តាទីមួយគេត្រូវសួរសិនថា តើចិនពិតជាមានបំណងចង់ក្លាយជាមហាអំណាចលេខ១ឬទេ? ទី​២ បើសិនជាចង់ តើចិនមានសមត្ថភាពយកបានអត់?

តាំងតែពីដើមមក មេដឹកនាំចិនកាលពីអតីត លោក តេង សៀវពីង លោក ជាំង ជឺមីន លោក ហ៊ូ ចិនតាវ និង លោក ស៊ី ជីងភីង តែងតែនិយាយម្តងហើយម្តងទៀតថា​ ចិនមិនដែលមានគំនិតចង់ដណ្តើមអាមេរិកត្រួតត្រាពិភពលោកសោះឡើយ។ ព្រោះកាលជំនាន់មុន ចិនដឹងខ្លួនថាខ្លួនឯងមិនមែនជាដៃគូប្រជែងជាមួយអាមេរិកនោះទេ។ ក៏ប៉ុន្តែ រឿងនេះត្រូវបានអ្នកវិភាគខ្លះនិយាយថា ចិន នឹងផ្លាស់ប្តូរបំណងរបស់ខ្លួន នៅពេលដែលខ្លួនមានកម្លាំងគ្រប់គ្រាន់សង្គ្រប់យកអំណាចជាមហាអំណាចលេខ ១។

អញ្ចឹងគេត្រូវធ្វើបច្ចុប្បន្នភាពសិនថាតើសមត្ថភាពរបស់ចិនទំនងជាអាចផ្តួលអាមេរិកបានហើយឬនៅ?
សមត្ថភាពសេដ្ឋកិច្ច

សមត្ថភាពរបស់ប្រទេសមួយគឺត្រូវបែងចែកទៅជា“ អំណាចរឹង” និង“ អំណាចទន់” ។ បើគេនិយាយអំពីអំណាចរឹង គឺគេក្រឡេកទៅមើលសមត្ថភាពសេដ្ឋកិច្ច និងកម្លាំងយោធាដែលគេចាត់ទុកថាជាមូលដ្ឋានគ្រឹះឈានមុខគេរបស់សហរដ្ឋអាមេរិកបន្ទាប់ពីសង្គ្រាមលោកលើកទី ២ ។
ប៉ុន្តែការរួមបញ្ចូលគ្នានៃអំណាចរឹង និងទន់ គឺជាលក្ខខណ្ឌចាំបាច់និងគ្រប់គ្រាន់សម្រាប់ការឈានជើងឡើងជាមេដឹកនាំពិភពលោក។ អំណាចទន់របស់សហរដ្ឋអាមេរិកត្រូវបានបញ្ចូលជាចម្បងក្នុងការកសាងនិងភាពជាអ្នកដឹកនាំក្រោយសង្គ្រាមលោកលើកទី២ បូកបញ្ចូលទាំង ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន

អ្នកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃអង្គភាពសេដ្ឋកិច្ចដែលមានមូលដ្ឋាននាទីក្រុងឡុងដ៍​ លោក Simon Baptist បានប្រាប់មកសារព័ត៌មានអន្តរជាតិមួយដោយព្យាករណ៍ថា ចិន នឹងមិនអាចផ្តួលអាមេរិកបានងាយៗនោះឡើយ។ លោកបន្តថា ផលិតផលក្នុងស្រុកសរុបរបស់ចិនមិនអាចប្រៀបធៀប និងមិនងាយយកឈ្នះអាមេរិកបានឡើយទោះបីបើគិត ៥០ ឆ្នាំទៅមុខទៀតក្តី។ បើតាមការសិក្សាស្រាវជ្រាវ GDP ឬផលិតផលក្នុងស្រុកសរុបរបស់ចិនគឺប្រមាណ ១០ពាន់លានក្នុងឆ្នាំ​២០២០ មានន័យថា មានទំហំតូចជាងអាមេរិកដល់ទៅ ៦ ដង។
ចំនួនយោធា និង សព្វាវុធ សង្គ្រាមសាស្រ្ត

បើនិយាយពីចំនួនកងទ័ព និងសព្វាវុធចិនមានប្រៀបជាងគេ។ បើតាមការសិក្សាស្រាវជ្រាវរបស់អង្គភាព Military Direct ​ចិនបានឈរជើងលេខ ១​ ពីមុខអាមេរិក មាន 82 ពិន្ទុនៅក្នុងតារាង ដោយក្នុងនោះត្រូវបានគេរាប់បញ្ចូលទាំងចំនួនកងទ័ពសកម្ម និងអសកម្ម ទាំងជើងគោក ជើងទឹក ជើងអាកាស និងវត្តមានអាវុធនុយក្លេអ៊ែរគ្រប់ធន់ ហើយមាននាវាជើងទឹកច្រើនជាងគេនៅលើពិភពលោក។ ក៏ប៉ុន្តែបែបនេះក្តី អ្នកជំនាញការផ្នែកយោធាពីប្រទេសមហាអំណាចដទៃក្នុងនោះ រួមមានចក្រភពអង់គ្លេស អាល្លឺម៉ង់ រុស្សី និង ជប៉ុនបានព្យាករណ៍ថា ប្រសិនបើសង្គ្រាមជាចំណុចចាប់ផ្តើមក្នុងការផ្តួលគ្នាទៅវិញទៅមកនៃភាពជាមហាអំណាចនោះ គឺភូមិសាស្រ្តកោះតៃវ៉ាន់គឺជាចំណុចផ្តើមនៃសង្គ្រាម។ បើសង្គ្រាមកើតឡើងមែននោះ អ្វីដែលអាចកំណត់ពីភាពចាញ់ឈ្នះ គឺស្ថិតនៅលើថាតើចិនឬអាមេរិក មួយណាអាចទប់ទល់ទៅនឹងរបួសស្នាមសង្គ្រាមនេះបានយូរជាងគេ។

ភាពមិនចុះសម្រុងប្រទេសជិតខាងរបងជាមួយចិន

បើទោះបីជាចិនមានកម្លាំងយោធាខ្លាំង រាប់ទាំងសព្វាអាវុធទំនើបៗក្តី តែគេមិនត្រូវបំភ្លេចទេថា កត្តាយកចាញ់ឈ្នះគឺស្ថិតនៅលើភូមិសាស្រ្តនយោបាយ ការគ្រប់គ្រងស្ថានការណ៍បះបោរទៅលើប្រទេសជិតខាងចិន។ ជាក់ស្តែងភូមសាស្រ្តនយោបាយ ស៊ីនជាំង ឥណ្ឌា អាស៊ីកណ្តាល មជ្ឈឹមបូព៌ា​ សុទ្ធសឹងតែប្រទេសជិតខាងដែលមានទំនាស់ និង មិនមានជំនឿចិត្តណាមួយទៅលើបក្សកុម្មុយនីស្តចិននោះទេ។

ភូមិសាស្ត្រនយោបាយគឺមិនអនុគ្រោះដល់ប្រទេសចិនប្រជែងជាមួយអាមេរិក។ នៅក្បែរប្រទេសចិន គឺត្រូវបានហ៊ុំព័ទ្ធដោយប្រទេស ដែលមានឥទ្ធិពល ដែលមានការប្រកួតប្រជែងជាច្រើន។ ក្នុងចំណោមពួកគេយ៉ាងហោចណាស់គឺមានពីរ គឺរុស្ស៊ី និងឥណ្ឌា ដែលមើលធ្លុះក្តីសុបិន្តនៃការក្លាយជាមហាអំណាចពិភពលោក។ ប្រទេសចិនក៏បានធ្លាប់ប្រឆាំង នឹងមានសង្គ្រាមជាមួយប្រទេសទាំងតាមរយៈរូបភាពនៃជម្លោះបព្រំដែន។

ក្រៅពីភូមិសាស្រ្តនយោបាយដ៏លំបាកនេះ   ចិនគឺខ្វះសម្ព័ន្ធមិត្តដែលគួរឱ្យទុកចិត្តនិងមានឥទ្ធិពលផងដែរ។ ម៉្យាងវិញទៀតសហរដ្ឋអាមេរិកបានបង្កើតនូវ កិច្ចសហប្រតិបត្តិការផ្នែកនយោបាយនិងយោធាដ៏រឹងមាំជាមួយប្រទេសមានអំណាចក្នុងតំបន់ជាច្រើនដូចជាចក្រភពអង់គ្លេស អាល្លឺម៉ង់ ជប៉ុន និងអូស្ត្រាលីតាំងតែពីសម័យសង្គ្រាមត្រជាក់។ អាមេរិកនៅតែ បន្តរក្សាសម្ព័ន្ធមិត្តទាំងនោះខណៈពេលដែលក្រោយសង្គ្រាមត្រជាក់មក អាមេរិកបានចងសម្ព័ន្ធមិត្តថ្មីដូចជាឥណ្ឌា។ ម៉្យាងវិញទៀតសម្ព័ន្ធមិត្តដ៏សំខាន់តែមួយគត់របស់ចិននៅលើពិភពលោក គឺប្រទេសរុស្ស៊ី ប៉ុន្តែសម្ព័ន្ធភាពនេះ មើលទៅទំនងមិនសូវជាមានភាពស៊ីចង្វាក់គ្នាសោះ ហើយចិនក៏មិនដែលទុកចិត្តទាំងស្រុងទៅលើរុស្សីនោះដែរ។

សូមស្ដាប់បទវិភាគ ជាសំលេង រៀបរៀងដោយលោក អ៊ិត សេរីវឌ្ឍន:៖

 

 

Share

Image
Image
Image