en     km
en     km

ខុមហ្វ្រែល​ ថា​ ការ​រើសអើង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ នៅ​តែ​កើត​មាន​

Share

cover-Roundtable-Discussion
​របាយការណ៍​អង្កេត​ប្រចាំឆ្នាំ​២០១៥​ របស់​អង្គការ​ខុមហ្វ្រែល​ បាន​បង្ហាញ​ថា​ ការ​រើសអើង​តួនាទី​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ នៅ​តែ​កើត​មាននៅ​ឡើយ​។​  ការ​បង្ហាញ​របាយការណ៍​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិ​ភា​ក្ស​តុ​មូ​យ​ស្តី​ពី​ របាយការណ៍​ឃ្លាំមើល​យេ​ន​ឌ័​រ​ផ្នែក​នយោបាយ​សភា​ និង​តំណាងរាស្ត្រ​ស្ត្រី​ និង​ការ​ផ្តល់​អំណាច​ឱ្យ​ស្ត្រី​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ក្នុង​ការ​បំពេញ​កិច្ចការ​នៅ​ក្នុង​ថ្នាក់​មូលដ្ឋាន​នៅ​សណ្ឋាគារ​ អ៊ឹម​ភើ​រៀល​ នា​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​។​

កញ្ញា​​​ ​ឆេង​ ​ណា​តា​ ​រាយ​ការណ៍​ព័ត៌​មាន​នេះ​ ៖

ការ​រើសអើង​ចំពោះ​ស្ត្រី​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ មួយ​ចំនួន​នៅ​តែ​បន្ត​មាននៅ​ឡើយ​ បើ​ទោះបីជា​មានការ​ថយ​ចុះ​ខ្លះ​ក៏​ដោយ​។​ នេះ​បើ​តាម​របាយការណ៍​អង្កេត​ឆ្នាំ​២០១៥​ របស់​អង្គការ​ខុមហ្វ្រែល​។​

របាយការណ៍​នេះ​ បាន​បន្ត​ថា​ បុរស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​តែ​រើសអើង​ និង​មិន​ចង់​សហការ​ជាមួយ​ស្ត្រី​ ដោយសារ​តែ​បុរស​គិត​ថា​ សមត្ថភាព​ស្ត្រី​នៅ​អន់​ និង​ការ​យល់​ដឹង​នៅ​មាន​កម្រិត​។​ ចំណែកឯ​ការ​ប្រគល់​តួនាទី​ ភារកិច្ច​របស់​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ទៅ​សមាជិក​ស្ត្រី​ ស្រប​តាម​តួនាទី​របស់​ខ្លួន​នោះ​ របាយការណ៍​ខុមហ្វ្រែល​រក​ឃើញ​ថា​ ប្រធាន​ក្រុមប្រឹក្សា​ បាន​ប្រគល់​តែ​ភារកិច្ច​ការងារ​ខ្លះៗ​តែ​ប៉ុណ្ណោះ​ ជូន​សមាជិក​ក្រុមប្រឹក្សា​ជា​ស្ត្រី​។​

របាយការណ៍​ដដែល​ បានឱ្យ​ដឹង​ទៀត​ថា​ ស្ត្រី​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​មានការ​កើនឡើង​បន្តិច​ដែល​មាន​ចំនួន​ ២០៥១​ នាក់​ ស្មើនឹង​ ១៧,៨៩%​ ក្នុង​ចំណោម​ ១១,៤៥៩​ នាក់​ ក្នុង​ឆ្នាំ​២០១៥​ គឺ​កើន​មេឃុំ​ ចៅសង្កាត់​ជា​ស្ត្រី​ចំនួន​ ៦,៦១%​ ស្មើនឹង​ ១០៨​ នាក់​ ដែល​ឆ្នាំ​២០១៤​ មាន​តែ​ ៩៥​ នាក់​តែ​ប៉ុណ្ណោះ​។​ ការ​កើនឡើង​នេះ​ ដោយសារ​តែ​ប្រធាន​ក្រុមប្រឹក្សា​ជា​បុរស​ខ្លះ​ស្លាប់​បាត់បង់​ជីវិត​ ខ្លះ​ទៀត​លាលែង​ពី​តំណែង​ដោយសារ​មាន​ជំងឺ​ និង​ខ្លះ​ទៀត​មាន​អាយុ​ច្រើន​ពេក​ មិន​អាច​ធ្វើការ​បាន​។​

ខុមហ្វ្រែល​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ ក្នុង​ឆ្នាំ​២០១៥​ ចំនួន​អ្នកតំណាង​រាស្ត្រ​ស្ត្រី​បន្ត​ធ្លាក់​ចុះ​ មក​ត្រឹម​ ២៤​ នាក់​ នៃ​អ្នកតំណាង​រាស្ត្រ​សរុប​ទាំងអស់​ ១២៣​ នាក់​។​ ការ​បន្ត​ធ្លាក់​ចុះ​ តំណាងរាស្ត្រ​ជា​ស្ត្រី​នេះ​ ដោយសារ​តែ​សភាជាតិ​ពុំ​មាន​គោលនយោបាយ​ លើកកម្ពស់​ស្ត្រី​ នៅ​ក្នុង​ស្ថាប័ន​កំពូល​មួយ​នេះ​។​ ការណ៍​នេះ​បង្ហាញ​ ឱ្យ​ឃើញ​ថា​ អ្នកដឹកនាំ​សភាជាតិ​ មិន​មានការ​យល់​ដឹង​ពី​យេ​ន​ឌ័​រ​ និង​ពុំ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ដូច​ស្ថាប័ន​នីតិប្រតិបត្តិ​ ដែល​បាន​កំណត់​ចំនួន​ជាក់លាក់​នៅ​ក្នុង​គោលនយោបាយ​របស់​ខ្លួន​។​

អ្នកស្រី​ ចាន់​ សំណាង
អ្នកស្រី​ ចាន់​ សំណាង

​អ្នកស្រី​ ចាន់​ សំណាង​ ចៅសង្កាត់​ទី​២​ សង្កាត់​ឬ​ស្សី​កែវ​ មក​ពី​គណបក្ស​សមរ​ង្ស៊ី​  បាន​ថ្លែង​ថា​   បុរស​តែងតែ​លើក​ឡើង​ថា​ ប្រសិនបើ​បោះ​ឆ្នោត​ឱ្យ​ស្ត្រី​ធ្វើ​ជា​មេដឹកនាំ​នោះ​ ស្ត្រី​មិន​អាច​ធ្វើការ​បាន​ខ្លាំង​ និង​មិន​ពូកែ​ដូច​បុរស​នោះ​ទេ​។​ អ្នកស្រី​បន្ត​ថា​ ជា​គោលការណ៍​រាល់​ការ​ប្រជុំ​ពិភាក្សា​ ត្រូវ​តែ​មានការ​ចូលរួម​ពី​ស្ត្រី​ ដើម្បី​ផ្លាស់​ប្តូរ​មតិយោបល់​ទៅ​វិញ​ទៅ​មក​ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​ មិន​បាន​ជូនដំណឹង​ឱ្យ​ស្ត្រី​ដឹង​នោះ​ទេ​ ដោយសារ​គេ​គិត​ថា​ បញ្ហា​នោះ​ពាក់ព័ន្ធ​តិចតួច​ជាមួយ​ស្ត្រី​។​ ចៅសង្កាត់​រង​រូប​នេះ​ បន្ថែម​ថា​ ស្ត្រី​សម័យ​ឥឡូវនេះ​ មិន​ដូច​ស្ត្រី​សម័យ​មុន​នោះ​ទេ​ កិច្ចការ​អ្វី​ដែល​បុរស​ធ្វើ​បាន​ ស្ត្រី​ក៏​អាច​ធ្វើ​បាន​ដូច​បុរស​ដែរ​។

ដោយឡែក​ អ្នកស្រី​ អ៊ូ​ នារី​រិ​ទ្ធ​ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទន្លេបាសាក់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​លើក​ឡើង​ថា​ អ្នកស្រី​មិន​ដែល​ទទួល​បានការ​ពី​រើសអើង​ពី​ក្រុមប្រឹក្សា​សង្កាត់​ជា​បុរស​នោះ​ទេ​។​ អ្នកស្រី​ថា​ រាល់​កិច្ចការ​ទាំងអស់​ គឺ​អ្នកស្រី​ ព្រមទាំង​ក្រុមប្រឹក្សា​ផ្សេង​ទៀត​តែង​សហការ​គ្នា​ចុះ​ទៅ​តាម​មូលដ្ឋាន​ ដើម្បី​ដោះស្រាយ​បញ្ហា​។​

លោកស្រី​ ធី​ដា​ ឃឹះ​
លោកស្រី​ ធី​ដា​ ឃឹះ​

លោកស្រី​ ធី​ដា​ ឃឹះ​ ប្រធាន​គណៈកម្មកា​ធិ​ការ​ដឹកនាំ​នៃ​ គ​.​ស​.​ន​ និង​ជា​នាយិកា​អង្គការ​សីល​ការ​ មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​សារ​នយោបាយ​របស់​គណបក្ស​នីមួយៗ​ តែង​និយាយ​ថា​ បើក​ឱ្យ​មាន​សមាភាព​ស្ត្រី​ ៣០%​ ឬ​២៥%​  ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​មិន​ទាន់​ធ្វើ​បាន​នោះ​ទេ​។​

លោកស្រី​ថ្លែង​ទៀត​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ បើសិនជា​ស្រី្ត​មិនសូវ​បាន​ចូលរួម​ស្ត្រី​គ្មាន​សិទ្ធ​ពេញលេញ​ក្នុង​ការ​សម្រេចចិត្ត​ផ្សេងៗ​ នោះ​ ការ​សម្រេច​នឹង​គ្មាន​ប្រសិទ្ធភាព​ និង​ចីរភាព​។​ លោកស្រី​ថា​  ស្រី្ត​ជា​មនុស្ស​ដែល​មាន​សក្តានុពល​ខ្លាំង​ ស្វិតស្វាញ​ និង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​កិច្ចការ​សង្គម​។​

ជុំវិញ​បញ្ហា​នេះ​ដែរ​ លោកស្រី​ កែ​ សុ​វ​ណ្ឋា​រ័​ត្ន​ន៍​ ប្រធាន​គណៈកម្មការ​ទី​៨​ នៃ​រដ្ឋសភា​ មាន​ប្រសាសន៍​ថា​ លោកស្រី​នឹង​ប្រើប្រាស់​តួនាទី​ ក្នុង​នាម​ជា​តំណាងរាស្ត្រ​ និង​ប្រធាន​គណកម្មការ​ទី​៨​ ដើម្បី​ពាំនាំ​យក​បញ្ហា​ឱ្យទៅ​រដ្ឋាភិបាល​ ដើម្បី​ឱ្យ​មានការ​រៀបចំ​ ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​មានការ​ដោះស្រាយ​បញ្ហា​របស់​ស្ត្រី​។​ លើស​ពី​នេះ​ទៀត​ លោកស្រី​ កែ​ សុ​វ​ណ្ឋា​រ័​ត្ន​ន៍​ ក៏​ជំរុញ​យុវតី​វ័យក្មេង​ ដែល​ទើប​បញ្ចប់​ការ​សិក្សា​ ឱ្យទៅ​ចូលរួម​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​ដ្ឋា​ន​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ របាយការណ៍​ប្រចាំឆ្នាំ​២០១៥​ របស់​អង្គការ​ខុមហ្វ្រែល​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​វិធីសាស្ត្រ​ផ្អែក​លើ​ការ​អង្កេត​ តាមដាន​ និង​ការ​ពិនិត្យ​ មើល​លើ​ស្ថានភាព​ និង​ការងារ​របស់​តំណាង​ស្ត្រី​ជាប់​ឆ្នោត​ ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​មូលដ្ឋាន​ និង​ការ​បំពេញការងារ​របស់​រដ្ឋាភិបាល​ទាក់ទង​ នឹង​កម្មវិធី​នយោបាយ​ស្តី​ពី​បញ្ហា​ស្ត្រី​ និង​កុមារ​៕

Share

Image
Image
Image