en     km
en     km

ខុមហ្រ្វែល៖ ការចុះមូល​ដ្ឋាន​របស់​តំណាង​រាស្រ្ដ​មាន​ភាព​ល្អ​ ​តែ​ការ​ពិភា​ក្សា​ និង​អនុ​ម័ត​ច្បាប់​ហាក់​មិន​សូវ​មាន​គុណ​ភាព​

Share

អង្គការ​ខុម​ហ្វ្រែល​ ​បាន​ចេញ​របាយ​ការណ៍​សង្ខេប​ឆមាស​លើក​ទី​២​ ​នៃ​ការ​ឃ្លាំ​មើល​រដ្ឋ​សភា​ និ​ង​​តំណាង​រាស្រ្ដ​នៃ​នីតិ​កាល​ទី​៥ ដោយ​បាន​បង្ហាញ​ថា​ ​សកម្មភាព​រប​ស់​គណៈ​កម្ម​ការ​ជំនាញ​រដ្ឋ​សភា​ ​និង​ចំនួន​សកម្ម​ភាព​ចុះ​មូល​ដ្ឋាន​រប​ស់​អ្នក​តំណាង​រាស្រ្ដ​មាន​ភាព​ល្អ​ប្រសើរ​ជាង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ ​ដើម​ ​នី​តិ​កាល​នេះ​។​ ​ប៉ុន្តែ​របាយ​ការ​ណ៍​នោះ​បង្ហាញ​ថា​ ​ការ​ពិ​ភា​ក្សា​ ​និង​អនុ​ម័ត​ច្បាប់​ហាក់​មិន​ សូវ​មាន​គុណ​ភាព​ ​និង​ធ្វើ​ឡើង​ដោយ​ ​ប្រញាប់​​ប្រញាល់​។​

ព័ត៌មានជាសំឡេង៖
អង្គការ​ខុម​ហ្រ្វែល​លើក​ឡើងថា​​ ​​ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០​១៥​នេះ​ ​សកម្ម​ភាព​ចុះ​មូល​ដ្ឋាន​របស់​ ​តំ​ណាង​ រាស្ត្រ​មាន​ភាព​ល្អ​ប្រសើរ​ ​ប៉ុន្តែ​កា​រ​អនុ​ម័ត្តច្បាប់​ហាក់​មិនសូវ​មាន​គុណ​ភាព​ ​និង​ធ្វើ​ឡើង​​ដោយ​ប្រញាប់​ប្រញាល់​។​

ការ​លើក​ឡើង​របស់​ខុម​ហ្វ្រែល​នេះ​ ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​ ​ដែល​រៀប​ចំ​នៅ​​ការិយា​ល័យ​ ​អង្គ​ការ​​ ខុម​ហ្វ្រែល​នា​ថ្ងៃ​ទី​២៧​ ​ខែសីហា​ ឆ្នាំ​២០១៥​នេះ​ ​ដើម្បី​បង្ហាញ​​របាយ​ការ​ណ៍​សង្ខេប​ឆមាស​ទី​២​ ​នៃ​ការ​ឃ្លាំ​មើល​រដ្ឋ​សភា​ ​និង​តំណាង​រាស្ត្រ​ នៃ​នីតិ​កាល​ទី​៥​។​

150827-cheata-news-01-dara-ed

ក្នុង​សន្និ​សីទ​នោះ​ មន្រ្ដី​អង្កេត​ ​នៃ​អង្គការ​ខុម​ហ្រ្វែល​ ​លោក​ ​ស៊ិន​ ​ទិត្យ​សី​ហា​ ​បាន​លើក​ឡើង​ពី​សកម្ម​ភាព​សំខាន់​ៗ​មួយ​ចំនួន​៤​រួម​មាន​ ការ​ចុះ​មូល​ដ្ឋាន​របស់​អ្នក​តំណាង​រាស្រ្ដ​ ​សកម្មភាព​របស់​គណៈកម្ម​ការ​ជំនាញ​​រប​ស់​រដ្ឋ​ស​ភា​ ​ដំណើរ​ការ​ប្រ​ជុំពេញ​អង្គ​របស់​រដ្ឋ​សភា​ និង​ការ​ចេញ​លិខិត​អន្ដ​រា​គមន៍​របស់​​តំណាង​រាស្រ្ដ​ជា​ដើម​។​ ​លោក​បាន​លើក​ឡើង​ថា​ សកម្មភាព​ចុះ​មូល​ដ្ឋាន​ ​របស់​អ្ន​​ក​តំណាង​ រាស្រ្ដ​មាន​ ​ភាព​ល្អ​ប្រសើរ​ ​ប៉ុន្ដែ​កា​រ​ប្រជុំ​ពិភាក្សា​អនុម័ត​ច្បាប់​ ​ហាក់​មិន​សូវ​មាន​គុណភាព​ធ្វើ​ឡើង​ដោយ​ប្រញាប់​ប្រញាល់​។​

លោក​ ​ស៊ិន​ ​ទិត្យ​សី​ហា​ ​ឲ្យ​ដឹង​ដែរ​ថា​ ​ចំនួន​តំណាង​រាស្រ្ដ​ទាំង​ពីរ​គណបក្ស​ ​ដែល​ចុះ​មូល​ដ្ឋាន​បាន​ថយ​ចុះ​ ប៉ុន្តែ​សកម្មភាព​បាន​កើន​ឡើង។​ ​លោក​ថា​ ​មូល​ហេតុ​សំខាន់​នៃ​ការ​កើន​ឡើង​ចំនួន​សកម្មភាព​ ​ដោយសារ​តំណាង​រាស្រ្ដ​គណបក្ស​សង្រ្គោះ​ជាតិ​ ​បាន​ចូល​រដ្ឋ​​សភា​ ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​​​ការ​ធ្វើ​សកម្មភាព​ជាង​ក្នុង​នាម​ជា​បេក្ខ​ជន​ ​ជាប់​ឆ្នោត​តំណាង​រាស្រ្ដ​។​

លោក​ ​បន្ដ​ទៀត​ថា​ ​សេ​ចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ​ ​ត្រូវ​បាន​អនុ​ម័តមាន​សំឡេង​តែ​មួយ​គណប​ក្ស​គឺ​ គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​សេចក្ដី​ស្នើ​ច្បាប់​សំខាន់​ចំនួន​ពីរ​ត្រូវ​បាន​អនុម័តដោយ​ ​មិន​មាន​ការ​ ​ពិភាក្សា​លើ​ខ្លឹមសារ​ច្បាប់​។​ ​លោក​បន្ថែម​ថា​ ដោយ​ឡែក​ការ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ ​ដ៏​ចម្រូង​ចម្រាស់​ស្ដី​ពី​ សមាគម​ និង​​អង្គការ​​មិន​មែន​រដ្ឋា​ភិបាល​អ្នក​តំណាង​រាស្រ្ដ​ឡើង​បញ្ចេញ​មតិ​បាន​ដើរ​តួ​នាទី​ ​ដូច​អ្នក​ការពារ​ច្បាប់​ ​គឺ​ធ្វើ​ការ​ពន្យល់​នូវ​ចំណុច​វិជ្ជ​មាន​នៃ​សេចក្ដី​ព្រាង​ច្បាប់​នៅ​ស្រប​ពេល​ដែល​ ​មជ្ឈដ្ឋាន​ជាតិ​ និង​អន្ដរ​ជាតិ​រិៈគន់​ថា​ ​ច្បាប់​នេះ​ ​បាន​រិត​ត្បឹត​សិទ្ធិ​សេរី​ភាព​ ​របស់​អង្គ​ការ​ ​សមា​គម​មិន​មែន​រដ្ឋា​ភិ​បាល​។​

លោក​ ​ស៊ិន​ ​ទិត្យ​សីហា​ ​បន្ថែម​ថា​ «ទាក់​ទង​​នឹង​ការ​ចេញ​លិខិត​អន្ដ​រា​គ​មន៍​របស់​តំណាងរា​ស្រ្ដ​​ ​នៅ​ក្នុង​រយៈ​ពេល​នឹង​ យើង​ឃើញ​មាន​តំណាង​រាស្រ្ដ​ ​គាត់​បាន​ចេញ​លិខិត​ចំនួន​២២​ច្បាប់​ទៅ​រាជ​រដ្ឋា​ភិបាល​ហើយ​នឹង​ទៅ​គណៈ​កម្ម​ការ​ជំនាញ​របស់​រដ្ឋ​សភា​។​នៅ​ក្នុង​ចំណោម​លិខិត​២២​ច្បាប់​យើង​ឃើញ​មាន​លិខិត​៤​ច្បាប់​ មាន​ការឆ្លើយតប​ពី​តំណាង​រាជ​រដ្ឋាភិបាល​មក​វិញ​ហើយ​នៅ​ក្នុង​នោះ​ក៏​មាន​លិខិត​៣​ច្បាប់​ត្រូវ​បាន​ប្រធាន​រដ្ឋ​សភា​នឹង​បដិសេធ​មិន​ចារ​បញ្ចូន​ លិខិត​របស់​​តំណាង​រា​ស្រ្ដ​​នោះ​​ទេ។​​​ក្នុង​ករណី​ហ្នឹង​យើង​មើល​ឃើញ​ថា​វា​ជា​ការ​ប្រើ​អំណាច​​ក្នុង​នាម​ប្រធាន​រដ្ឋ​សភា​​លើស​ដែន​កំណត់​នៃ​ច្បាប់​ ព្រោះ​ជា​លក្ខ​ខណ្ឌ​ទម្រង់​បាន​ន័យ​ថា​នៅ​ពេល​តំណាង​រាស្រ្ដ​គាត់​ចេញ​លិខិត​គាត់​ត្រូវ​តែឲ្យប្រធាន​រដ្ឋ​ស​ភា​នឹង​ចារ​ទៅ​លើ​លិខិត​ហ្នឹង​ ហើយ​ប្រធាន​រដ្ឋ​សភា​ជា​គោលការណ៍​ច្បាប់​គាត់​ត្រូវ​តែ​ចារ​ហើយ​ត្រូ​វ​តែ​បញ្ចូន​លិខិត​នឹ​ង​ទៅ​វា​គ្មាន​អ្ហឺយ​បទបញ្ញតិ្ត​នៅ​ក្នុង​ច្បាប់​ណាមួយ​ដែល​អឺយ​លើក​ឡើង​ថា​ គាត់​អាច​​បដិសេធ​មិន​ចារ​បញ្ចូន​លិខិត​ហ្នឹង​តំណាង​រាស្រ្ដ​បាន​ទេ​»។​

WMC មិន​អាច​ទាក់ទង​ ​លោក​ ​ឈាង​ ​វុន​ ​អ្នក​នាំ​ពាក្យ​ ​រដ្ឋ​ស​ភា​ ​ដើម្បី​សុំកា​រ​ឆ្លើយតប​ ​ចំពោះ​ករណី​ ​នេះ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​នេះ​។​

សូម​ជម្រាប​ដែរ​ថា​ ​នៅក្នុង​សន្និ​សីទ​ការ​សែត​ថ្ងៃ​នេះ​ ​អង្គការ​ខុម​ហ្រ្វែល​មិ​ន​ត្រឹម​តែ​បង្ហាញ​ ​របាយការណ៍​ ​ឃ្លាំ​មើល​រដ្ឋ​សភា​ នីតិកាល​ទី៥​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្ដែ​ក៏​បាន​ប្រកាស​និង​ដាក់​ឲ្យ​ដំណើ​ការ​ ប្រើ​ប្រាស់​កម្ម​វិធី​មួយ​ស្ដី​ពី​ ​«សំឡេងម្ចាស់​ឆ្នោត​» ផង​ដែរ​ ​ដែល​កម្ម​វិធី​ ​នេះ​ រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ ​ដើម្បី​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ជា​ម្ចាស់​ឆ្នោត​មាន​លទ្ធ​ភាព​ទទួល​បាន​នូវ​ ​សកម្មភាព​​ព័ត៌​មាន​របស់​អ្នក​តំណាង​ រាស្រ្ដ​ ​ប្រជា​ពលរដ្ឋ​មាន​លទ្ធ​ភាព​អាច​បញ្ចេញ​នូវ​មតិយោ​បល់​ ​ទស្សនៈ​សំណូម​ពរ​ក៏​ដូច​ជា​ចូល​រួម​ ដាក់​ពិន្ទុ​វាយ​តម្លៃ​ដល់​អ្នក​តំណាង​រាស្រ្ដ​របស់​ខ្លួន​ ​និង​ជា​ទុន​មួយ​ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​សម្រេច​ចិត្ត​ ក្នុង​ ការ​ជ្រើស​រើស​អ្នក​តំណាង​រាស្រ្ដ​នៅ​ការ​បោះ​ឆ្នោត​ពេល​ក្រោយ​ជា​ដើ​ម​៕

Share

Image
Image
Image