en     km
en     km

ក្រុម​អ្នកវិភាគ​វ័យក្មេង​ប្តេជ្ញា​បន្ត​ការ​ស្រាវជ្រាវ​ និង​វិភាគ​សង្គម​ពី​លោក​បណ្ឌិត​ កែម​ ទ្បី​🔊

Share

ភ្នំពេញ៖ ​ក្រុម​អ្នកវិភាគ​វ័យក្មេង​ដែល​បាន​បណ្ដុះបណ្ដាល​ដោយ​លោក​បណ្ឌិត​ កែម​ ទ្បី​ បាន​ប្តេជ្ញា​បន្ត​បេសកកម្ម​ការ​ស្រាវជ្រាវ​ និង​វិភាគ​បញ្ហា​សង្គម​ពី​គ្រូ​របស់​ពួក​គេ​ បើ​ទោះបីជា​ពួក​គេ​យល់​ថា​ ការ​វិភាគ​ពី​បញ្ហា​សង្គម​ ឬ​បញ្ហា​នយោ បាយ​នៅ​កម្ពុជា​មាន​បញ្ហា​ប្រឈម​ក៏​ដោយ​។​ ការ​ប្តេជ្ញា​នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​«​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុម​អ្នកវិភាគ​វ័យក្មេង​ ក្នុង​ការ​បន្ត​កិច្ចការ​និង​បេសកកម្ម​ការ​ស្រាវជ្រាវ​ និង​វិភាគ​សង្គម​ពី​លោក​បណ្ឌិត​ កែម​ ទ្បី​»​ នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍​ ទី​ ១៦​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ នៅ​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា​-​អា​ល្លឺ​ម៉​ង់​ (Meta​ House)​។​

kem-ley-thum-16-07-16
ក្រុមអ្នកវិភាគវ័យក្មេង

​នៅ​ក្នុង​កិច្ច​ពិភាក្សា​លើ​ប្រធានបទ​នេះ​ ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង​ដែល​បាន​បញ្ចប់​អនុ​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ពី​ប្រទេស​សិង្ហ​បុរី​ លោក​ ហង្ស​ វិទូ​ បាន​និយាយ​ថា​ មូលហេតុ​ដែល​បង្កើត​ឱ្យ​មាន​ក្រុម​អ្នកវិភាគ​វ័យក្មេង​នេះ​ទ្បើ​ង​ ក្នុង​គោល បំណង​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ទ្បើ​ង​។​

​លោក​ ហង្ស​ វិទូ​ ទទួលស្គាល់​ថា​ ការ​វិភាគ​ពី​បញ្ហា​សង្គម​ ជា​ពិសេស​បញ្ហា​នយោបាយ​ពិតជា​មាន​គ្រោះថ្នាក់​សំរាប់​លោក​ ប៉ុន្តែ​លោក​មិន​បោះបង់​ការ​វិភាគ​នោះ​ទេ​ ព្រោះ​លោក​យល់​ថា​ ការ​វិភាគ​នឹង​ធ្វើ​ឱ្យ​សង្គម​មួយ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។​ លោក​ ហង្ស​ វិទូ​ ថា​មាន​តែ​យុវជន​ទេ​ដែល​ជា​កម្លាំង​ច​លករ​សំខាន់​បំផុត​ ជម្រុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​សង្គម​ដោយ​វិជ្ជមាន​ ជា​ពិសេស​ជម្រុញ​ឱ្យ​យុវជន​ចូលរួម​ក្នុង​ក្រុម​អ្នកវិភាគ​វ័យក្មេង​ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ​រួម​គ្នា​។​

​លោក​ ហង្ស​ វិទូ​ ថា​ក្រុម​អ្នកវិភាគ​វ័យក្មេង​ បាន​ប្តេជ្ញា​ចិត្ត​បន្ត​ការ​វិភាគ​ដូច​ជា​៖«​ទី​០១​ យើង​ប្តេជ្ញា​ចិត្ត​ថា​យើង​មិន​ធ្វើការ​ដោយ​មិន​លំអៀង​ មិន​ចូល​គណបក្ស​នយោបាយ​ណា​ទាំងអស់​ ហើយ​យើង​នឹង​មិន​ប៉ះពាល់​ដល់​អ្នក​ណា​ទាំងអស់​ប្រសិនបើ​អ្នក​នោះ​មិន​ធ្វើ​ខុស​ ទី​០២​យើង​ប្តេជ្ញា​ចិត្ត​នៅ​ក្នុង​ការ​និយាយ​រឿង​ពិត​ជូន​ដល់​ប្រជាពលរដ្ឋ​ទោះបីជា​យើង​ដឹង​ថា​មាន​គ្រោះថ្នាក់​ឬ​ឧប សគ្គ​កើត​ទ្បើ​ង​ក៏​ដោយ​…»​។​

​ចំណែក​យុវតី​ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ជំនាញ​ធនាគារ​ និង​ហិរញ្ញវត្ថុ​ គឺ​យុវតី​ ម៉ុ​ក​ សេដ្ឋ​វិទ្យា​ បាន​និយាយ​ថា​ ការ​បង្កើត​ឱ្យ​មាន​ក្រុម​អ្នកវិភាគ​វ័យក្មេង​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យ​មាន​ភាព​រីក​ចម្រើន​។​ យុវតី​ សេដ្ឋ​វិទ្យា​ បន្ត​ថា​ការ​បង្កើត​ក្រុម​អ្នកវិភាគ​វ័យក្មេង​នេះ​ទៀត​សោត​ស្រប​តាម​ប្រទេស​កម្ពុជា​កាន់​របប​លទ្ធិប្រជាធិបតេយ្យ​។​ យុវតី​រូប​នេះ​ស្នើ​ឱ្យ​រដ្ឋាភិបាល​គាំទ្រ​ដល់​យុវជន​បញ្ចេញមតិ​ឱ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន​ ហើយ​ចំណែក​ក្រុម​អ្នកវិភាគ​វិញ​ត្រូវ​ផ្តោត​ទៅ​លើ​ការ​វិភាគ​ដោយ​ពិតប្រាកដ​មិន​លំអៀង​ទៅ​បក្សនយោបាយ​ណាមួយ​នោះ​ទេ​។​

​យុវតី​ ម៉ុ​ក​ សេដ្ឋ​វិទ្យា​ ៖«​ខ្ញុំ​ចង់ឱ្យ​រដ្ឋាភិបាល​ហ្នឹង​ជួយ​គាំទ្រ​ដល់​ពួក​យើង​ជា​យុវជន​ចឹ​ង​ឱ្យ​បាន​ចេញ​មតិ​ឱ្យ​បាន​ច្រើន​ដើម្បី​យើង​អាច​យកគំនិត​ទាំងអស់​ហ្នឹង​យក​មក​ combine​ឱ្យទៅ​ជា​គំនិត​រួម​មួយ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​កាន់តែ​រីក​ចំរើន​ទៅ​មុខ​ទៀត​យើង​ចង់ឱ្យ​វិភាគ​ទៅ​លើ​អ្វី​ដែល​ពិតប្រាកដ​ យើង​មិនមែន​យក​តែ​តាម​ទ្រឹស្តី​ តាមតែ​ពី​គេ​លើកយក​ពី​បុគ្គល​ណា​ម្នាក់​នោះ​ទេ​ យើង​វិភាគ​ចេញពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ព្រោះ​មនុស្ស​ម្នាក់ៗ​ចង់បាន​ព័ត៌មាន​អី​ដែល​ពិតៗ​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សន៍​សង្គម​លោក​បណ្ឌិត​ មាស​ នី​ ដែល​សន្យា​ជួយ​បណ្ដុះបណ្ដាល​ជំនួស​លោក​បណ្ឌិត​ កែម​ ឡី​ មាន​ប្រសាសន៍​ថា​ ការ​បង្កើត​ឱ្យ​ក្រុម​អ្នកវិភាគ​វ័យក្មេង​គឺជា​សកម្មភាព​សម​ស្រប​មួយ​ដូច​ សុភាសិត​ខ្មែរ​ថា​«​ទំពាំង​ស្នង​ឬ​ស្សី​»​។​

​លោក​ មាស​ នី​ បន្ត​ការ​បង្កើត​ក្រុម​អ្នកវិភាគ​វ័យក្មេង​នេះ​គឺជា​ថ្នាល​បណ្តុះ​ធនធានមនុស្ស​ឱ្យ​ចេះ​វិភាគ​ពី​បញ្ហា​សង្គម​ប្រកបដោយ​ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​។​ ​លោក​ មាស​ នី​ គូសបញ្ជាក់​ថា​នៅ​ពេល​មាន​ក្រុម​អ្នកវិភាគ​វ័យក្មេង​កាន់តែ​ច្រើន​នោះ​ នឹង​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ទៅ​ដល់​សង្គម​កម្ពុជា​។​ លោក​ មាស​ នី​៖«​នៅ​ក្នុង​ពេល​យុវជន​ដែល​យុវជន​ចាប់ផ្តើម​បង្កើន​នូវ​សមត្ថភាព​មួយ​ដែល​អាច​ទ្បើ​ង​មក​ធ្វើ​អាជីព​ជា​អ្នកវិភាគ​វា​នឹង​អាច​ផ្តល់​ជា​សារ​មួយ​ទៅ​ដល់​យុវជន​ដទៃ​ថា​ពេល​នេះ​យុវជន​យើង​កំពុង​កាន់កាប់​វាសនា​ដោយ​ខ្លួនឯង​ដោយ​មិន​ចាំបាច់​ពឹងផ្អែក​ទៅ​លើ​ចាស់ៗ​ជំនាន់​មុន​ ឬ​ក៏​បង​ជំនាន់​មុនៗ​នោះ​ទេ​ បើសិនជា​យុវជន​ចាប់ផ្តើម​មាន​សមត្ថភាព​ក្នុង​ការ​វិភាគ​ហើយ​អាការ​កុហក់​ អា​សង្គ្រាមចិត្តសាស្ត្រ​នៃ​ការ​កុហក់​អី​ផ្សេងៗ​ក៏​កាន់តែ​ពិបាកធ្វើ​ទៅៗ​ហើយ​ថ្ងៃ​ណាមួយ​យើង​នឹង​អាច​ទទួល​បាន​នូវ​សង្គម​មួយ​ដែល​មានការ​ទទួល​បាន​ព័ត៌មាន​មួយ​ត្រឹមត្រូវ​ សុ​ក្រឹត្យ​»​។​

​សូម​ជំរាប​ថា​ សន្និសីទ​សារព័ត៌មាន​នេះ​ ធ្វើ​ទ្បើ​ង​ក្នុង​គោលបំណង​ដើម្បី​បញ្ជាក់​ពី​គោល​ជំហរ​របស់​ក្រុម​អ្នកវិភាគ​វ័យក្មេង​ក្នុង​ការ​បន្ត​បេសកកម្ម​ស្រាវជ្រាវ​ និង​វិភាគ​បញ្ហា​ន​យ​បាយ​ និង​សង្គម​ប្រកបដោយ​វិជ្ជាជីវៈ​ និង​ឯករាជ្យ​ដែល​មាន​លក្ខណៈ​ស៊ី ជម្រៅ​ និង​បន្តការងារ​ពី​អ្នកវិភាគ​រៀមច្បង​ដើម្បី​បង្ហាញ​ទិន្នន័យ​ពិតប្រាកដ​ដល់​សាធារណៈជន​ដែល​ពួក​គេ​ម្នាក់​ទទួលស្គាល់​លោក​បណ្ឌិត​ កែម​ ឡី​ ជា​គ្រូ​របស់​ពួក​គេ​ ដែល​មាន​ភាព​ប៉ិនប្រសព្វ​ និង​ ក្លាហាន​ដើម្បី​ជួយ​សង្គម​ និង​ក្រុម​បញ្ញា​ជន​ជំនាន់​ក្រោយ​៕

Share

Image
Image
Image