en     km
en     km

ក្រុមហ៊ុនប្រេងមួយរបស់រុស្ស៊ីសម្រេចផ្អាកប្រតិបត្តិការមុខជំនួញរបស់ខ្លួននៅវេណេហ្សូអេឡា

Share

ក្រុមហ៊ុនប្រេងធំមួយរបស់រុស្ស៊ី ក្នុងចំណោមក្រុមហ៊ុនធំៗផ្សេងទៀត គឺក្រុមហ៊ុន Lukoil បានសម្រេចផ្អាកប្រតិបត្តិការមុខជំនួញរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនប្រេងរបស់ប្រទេសវេណេហ្សូអេឡាបន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មប្រេងលើរបបលោក ម៉ាឌូរ៉ូ ចាប់ពីចុងខែមេសាតទៅ ។

តាមសេចក្ដីរាយការណ៍ នៃគេហទំព័រ ZeroHedge.com បានឱ្យដឹងថា ក្រុមហ៊ុននេះ ដែលជាផ្នែកមួយក្នុងក្រុមហ៊ុន Litasco ជាក្រុមហ៊ុនផលិតប្រេងដ៏ធំរបស់រុស្ស៊ី បានប្រកាសថាផ្អាកមុខជំនួញប្រេងជាមួយវេណេហ្សូអេឡាភ្លាមៗបន្ទាប់ពីអាមេរិក គម្រាមផ្តួលរំលំរបបលោក ម៉ាឌូរ៉ូ ដោយការលុកលុយផ្នែកកងទ័ព និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន​នេះ គឺលោកអាឡិច ប៉េរ៉ូ បានបញ្ជាក់ដូចនេះ នៅពេលដែលលោកបានថ្លែងនៅឯវេទិកាធុរកិច្ចនៅទីក្រុងមូស្កូ កាលពីពេលថ្មីៗនេះ ។

នាយកប្រតិបត្តិនេះបានបញ្ជាក់ទៀតថា ក្រុមហ៊ុនរបស់ខ្លួនបានសម្រេចដូចនេះ គឺចាប់តាំងពីប្រទេសវេណេហ្សូអេឡាធ្លាក់ក្នុងវិបត្តិនយោបាយកាលពីមួយខែមុន ហើយជាពិសេសបន្ទាប់ពីអាមេរិកប្រកាសបិទការទិញប្រេងពីក្រុមហ៊ុនប្រេងរបស់វេណេហ្សូអេឡា PAVSA ។ ក្រុមហ៊ុនធំៗចំនួនពីរទៀតរបស់រុស្ស៊ី គឺក្រុមហ៊ុន Gazprom Nelft និង Rosnelt មិនទាន់ប្រកាសថានឹង ផ្អាកមុខជំនួញរបស់ខ្លួននៅឡើយទេ ។

តែយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ច បានព្រមានថា ក្រុមហ៊ុនទាំងឡាយណាដែលមាននៅក្នុងប្រទេសវេណេហ្សូអេឡាប្រឈមមុខនឹងហានីភ័យយ៉ាងខ្លាំង ប្រសិនបើអាមេរិកសម្រេចហ៊ំព័ទ្ធមុខជំនួញប្រេងរបស់ប្រទេសវេណេហ្សូអេឡា ។  

ប្រទេសវេណេហ្សូអេឡា ជាប្រភពឧស្សាហកម្មប្រេងដ៏ធំបំផុតលើពិភពលោក ។ ប្រទេសដែលទិញប្រេងច្រើនជាងគេពីប្រទេសនេះ គឺសហរដ្ឋអាមេរិក ក្នុងមួយថ្ងៃ ៥សែនធុង ប្រទេសចិនលំដាប់ទី ២ គឺ ៣សែន ៤ ម៉ឺនធុង និងប្រទេសឥណ្ឌា ២សែន ៨ ម៉ឺនធុង  ។

ប្រទេសចិន និងរុស្ស៊ី ជាម្ចាស់បំណុលដ៏ធំនៃរបបម៉ាឌូរ៉ូ ។ ទីក្រុងប៉េកាំង កាលពីថ្មីៗនេះ ត្រូវបានរាយការណ៍មកថា បានបញ្ជូនអ្នកការទូតរបស់ខ្លួនទៅចរចាជាមួយគណបក្សប្រឆាំងនៃប្រទេសវេណេហ្សូអេឡា ដើម្បីសម្របសម្រួលមុខជំនួញ នឹងប្រាក់កម្ចីរបស់ខ្លួន ។

ដោយឡែក រុស្ស៊ី បានកំពុងសម្របសម្រួល ឱ្យមានដំណោះស្រាយជាបន្ទាន់ដើម្បីរក្សាស្ថិរភាពនយោបាយនៅវេណេហ្សូអេឡាឡើងវិញ ៕

Share

Image
Image
Image