en     km
en     km

ក្រុមហ៊ុនជប៉ុនបោះទុនជាង ៥០០លាន$អភិវឌ្ឍន៍រមណីយដ្ឋានគិរីម្យជាទីក្រុងអេកូទេសចរណ៍

Share

ភ្នំពេញ៖ ទឹកប្រាក់ ៥២១លានដុល្លារត្រូវបានក្រុមហ៊ុនជប៉ុនមួយឈ្មោះថា A2A Town (Cambodia) Co., Ltd ត្រូវបានបោះទុនដើម្បីអភិវឌ្ឍន៍រមណីយដ្ឋានគិរីម្យ ឱ្យក្លាយជាទីក្រុងអេកូទេសចរណ៍ប្រកបដោយភាពទាក់ទាញ ជាអ្វីដែលរដ្ឋមន្រ្តីក្រសួងពាណិ ជ្ជកម្មសម្តែងការគាំទ្រទាំងស្រុង។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

                                                                                     រមណីដ្ឋានគិរីរម្យក្នុងខេត្តកំពង់ស្ពឺ។

 

ក្នុងជំនួបជាមួយលោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃសុក្រ ទី០៥ ខែមេសា​​ លោក ថាក់ខិឈិ អ៊ីហ្ស៊ូកា (Takeshi Izuka) នាយកក្រុមហ៊ុន A2A Town (Cambodia) Co., Ltd បានលើកឡើងថា ការបោះទុនវិនិ យោគនេះ មានបំណងដើម្បីប្រែក្លាយទីក្រុងមួយនេះ ឱ្យកាន់តែមានលក្ខណៈទំនើបប្រកបដោយនិរន្តភាព។ លោកបន្ថែមថា តាមរយៈការអភិវឌ្ឍន៍ក្រុមហ៊ុន នឹងនាំមកនូវរថយន្តអគ្គិសនី ជាមួយបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតសម្រាប់និស្សិតខ្មែរ និងជប៉ុន ឱ្យបានចូលរួមអភិវឌ្ឍន៍ឧស្សាហកម្ម ៤.០ និងឆ្លើយតបតម្រូវការទីផ្សារផ្នែកបច្ចេកវិទ្យាបច្ចុប្បន្ន។

សម្រាប់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាវិញបានសម្តែងការគាំទ្រទាំងស្រុងចំពោះគម្រោងអភិវឌ្ឍន៍ទីក្រុងធម្មជាតិគិរីម្យនេះ។

លោក ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក៏បានជំរុញឱ្យវិនិយោគគិនជប៉ុនសហការជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជ កម្ម ផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ទីក្រុងធម្មជាតិគិរីម្យ ដែលហ៊ុំព័ទ្ធដោយតំបន់អេកូទេសចរណ៍បៃតង បច្ចេកវិទ្យាព័ត៌មានវិទ្យា និងបុរីលំហែសម្រាប់និវត្តន៍ជន ដើម្បីទាក់ទាញភ្ញៀវទេសចរ។ លោករដ្ឋមន្រ្តីរំពឹងថា គម្រោងមួយនេះនឹងប្រែក្លាយតំបន់ទេស ចរណ៍មួយនេះ ឱ្យទៅជាគំរូនៃការអភិវឌ្ឍទីក្រុងធម្មជាតិដូចប្រទេសក្នុងតំបន់ដែរ។

សូមជម្រាបថា ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd បានបោះទុនវិនិយោគក្នុងទឹកប្រាក់ ៥២១លានដុល្លារ ជាមួយដៃគូវិនិយោគនៅកម្ពុជា ដើម្បីអភិវឌ្ឍន៍តំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ ដែលជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ សម្បូរទៅដោយដើមស្រល់ និងមានជ្រោះជ្រលងដងអូរ ហូរធ្លាក់។ បច្ចុប្បន្ន ក្រុមហ៊ុនបានផ្តល់អាហារូបករណ៍ពេញថ្លៃសិក្សា ដល់និស្សិតខ្មែរជាង ២០០នាក់ និងបង្កើតការងារជូនប្រជាជននៅមូលដ្ឋាន ប្រមាណជាង ៤៥០នាក់ផងដែរ៕

Share

Image
Image
Image