en     km
en     km

ក្រុមហ៊ុនចាប់ផ្តើមវាយកម្ទេចអគារប៊ូឌីញពីថ្ងៃនេះទៅ(មានសំឡេង)

Share

ភ្នំពេញ៖ ក្រុមហ៊ុនពិស្ណុកាដែលទទួលខុសត្រូវលើការកម្ទេចអគារប៊ូឌីញ បានចាប់ផ្តើមប្រើគ្រឿងចក្រវាយកម្ទេចអគារ នេះជា បណ្តើរៗហើយចាប់ពីថ្ងៃនេះតទៅ។ យ៉ាងណា ពលរដ្ឋដែលធ្លាប់រស់នៅលើអគារប៊ូឌីញបង្ហាញក្តីសោកស្តាយ ពេលឃើញ លំនៅដ្ឋានដែលខ្លួនធ្លាប់រស់នៅត្រូវគេបំផ្លាញដូច្នេះ។

ថ្ងៃទី២៥ កក្កដា នេះ ក្រុមហ៊ុនពិស្ណុកា បានចាប់ផ្តើមវាយកម្ទេចអគារប៊ូឌីញដ៏ចាស់ទ្រុឌទ្រោមហើយ។

ត្រាក់ទ័រប្រភេទចូកឬកាប់ចំនួន ៣គ្រឿង ត្រាក់ទ័ររុញមួយគ្រឿង ត្រាក់ទ័រខាំបំបែក រថយន្តដឹកដី រថយន្តបាញ់ទឹក និងកម្ម ករប្រមាណ ៤០នាក់ ត្រូវបានប្រើប្រាស់ក្នុងការវាយកម្ទេចអាគារចំណាស់ជាងកន្លះសតវត្សនេះ។

លោក ហេង ប៊ុននី តំណាងក្រុមហ៊ុនពិស្ណុកាដែលទទួលបន្ទុកផ្នែកវាយកម្ទេចសំណង់អាគារប៊ូឌីញនេះ ឱ្យដឹងថា ថ្ងៃដំបូងនេះ ក្រុមហ៊ុនចាប់ផ្តើមវាយជញ្ជាំងផ្នែកខាងក្រោម និងជាន់ទី១ ជាមុនសិន មុននឹងបន្តវាយផ្នែកខាងលើនៃអាគារ។ លោកបន្តថា ដំណើរការវាយកម្ទេចអគារនេះ ក្រុមហ៊ុនប្រើគ្រឿងចក្រទំនើបៗដើម្បីកាត់បន្ថយសំឡេងរំខាន ការហុយធូលី ពិសេសគឺរក្សា សុវត្ថិភាពទាំងពលរដ្ឋនិងកម្មករ។ ចំណែកកាកសំណល់អគារវិញ ក្រុមហ៊ុនដឹកទៅរក្សាទុកនៅក្រុងតាខ្មៅ។

«ថ្ងៃនេះយើងគ្រាន់តែវៃជញ្ជាំងតិចតួចទេ អាត្រាក់ទ័រធំៗមិនទាន់មកដល់ ប្រហែលជាអាទិត្យក្រោយបានមកដល់។»

អគារប៊ូឌីញ

ក្រុមហ៊ុន «អារ៉ាកាវ៉ា» របស់ជប៉ុន បានទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់អគារថ្មីកម្ពស់២១ ជាន់ក្នុង ទំហំទឹកប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក។

ក្រុមគ្រួសារចំនួន ៤៩២ គ្រួសារដែលរស់នៅលើអគារ បានយល់ព្រមទទួលយកសំណងជាថ្នូរនឹងការចាកចេញ តាំងទីលំ នៅថ្មី។ ក្រុមហ៊ុន«អារ៉ាការវ៉ា»បានទូទាត់ប្រាក់ជូនពលរដ្ឋអគារប៊ូឌីញក្នុងមួយម៉ែតការេចំនួន ១៤០០ដុល្លារ។

ការចាកចេញចុងក្រោយរបស់ក្រុមប្រជាពលរដ្ឋ គឺនៅថ្ងៃទី ៧ ខែកក្កដា ខណដែលក្រុមហ៊ុនវិនិយោគលើសំណង់អាគារនេះចាប់ផ្តើមបើកសម្ភោធកំទេចអាគារចំណាស់នេះចោល។

អតីតពលរដ្ឋប៊ូឌីញមួយរូបលោកពុទ្ធា រត្ន័ កំពុងអង្គុយទទួលទានកាហ្វេនៅពីមុខអាគារដែលលោកធ្លាប់រស់នៅ។ លោកនិយាយថា លោកមានអារម្មណ៍សោកស្តាយ និងអាល័យចំពោះទីលំនៅដែលធ្លាប់រស់នៅតាំងពីតូច។ ហើយលោកកាន់ តែរន្ធត់ដោយថ្ងៃនេះជាថ្ងៃកំណត់ដែលគេត្រូវវាយកម្ទេចអគារនេះចោល។ លោកបន្តថា លោកតែងតែមកថតរូបអគារនេះ ដើម្បីទុកជាអនុស្សាវរីយ៍។

«ពេលដែលគេវៃ យើងចេះតែមានអារម្មណ៍ថា នៅតែនឹកឃើញ ស្រមៃឃើញវា។ ពេលខ្លះខ្ញុំមកថតរូបទុកជាអនុស្សាវរីយ៍ ព្រោះវាជាផ្ទះយើងធ្លាប់រស់តាំងពីយូរ យើងចេះតែនឹកស្រលាញ់ជាធម្មតា»។

ក្រុមហ៊ុនពិស្ណុកាគ្រោងចំណាយរយៈពេល ៤ ខែដើម្បីធ្វើការវាយកម្ទេចអគារប៊ូឌីញនេះឱ្យរួចរួលជាស្ថាពរ។ ក្រុមហ៊ុនក៏ នឹង ប្រើប្រាស់គ្រឿងចក្រទំនើបៗ និងកម្មករប្រមាណ ៦០នាក់ដើម្បីបំរើក្នុងដំណើរការវាយកម្ទេចនេះ៕

Share

Image
Image
Image