en     km
en     km

ក្រុងហុងកុងធ្លាក់ក្នុងស្ថានភាពចុងក្រោយខណៈចោទអាមេរិកនៅពីក្រោយ

Share

នៅថ្ងៃច័ន្ទ៥សីហានេះ បាតុកម្មនៅតែបន្តដោយធ្វើឲ្យកក្រើកទីក្រុងហុងកុងកាន់តែខ្លាំង គឺបាតុករ មើលទៅមិនដកថយនឹងការគំរាមរបស់អាជ្ញាធរ លំអៀងក្រុងប៉េកាំងឡើយ ។  អភិបាលតំបន់ស្វយ័តពិសេសរបស់ចិន គឺលោកស្រី ខារី ឡាំ បាន ប្តេជ្ញាថា លោកស្រីនឹងមិនចុះពីតំណែងជាដាច់ខាត ។តែ ផ្ទុយទៅវិញ លោកស្រីសន្យា ស្តារសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងហុងកុងឲ្យបានឡើងវិញ។

ថ្លែងនៅសន្និសីទសារព័ត៌មានមួយធ្វើឡើងនៅព្រឹកថ្ងៃចន្ទនេះ លោកស្រី Lam បានចោទក្រុមបាតុករ  បានបង្កជាអំពើហិង្សាឥតឈប់ឈរ ហើយ ហួសហេតុដែលមិនមែនសំដៅតែប្រឆាំងនឹងច្បាប់ ស្តីពីការធ្វើបត្យាប័នទៀតនោះទេ គឺក្រុមអ្នកតវ៉ាទាំងអស់នោះ កំពុងតែរុញច្រានទីក្រុងហុងកុង ឲ្យឆ្ពោះទៅរកស្ថានការណ៍យ៉ាងគ្រោះថ្នាក់ព្រោះរឿងនេះ មានអ្នកនៅពីក្រោយ។ នេះបើតាមការចុះផ្សាយរបស់​បណ្ដាញ​ផ្សាយព័ត៌មាន Channel News Asia ។

លោកស្រីឡាម ពន្យល់ថា ការចុះចេញពីតំណែងរបស់ លោកស្រី នឹងមិនអាចជួយស្ថានការណ៍ដ៏អាក្រក់នេះឡើយ ។

លោកស្រី Lam បានថ្លែងការពារការ កម្លាំងសមត្ថកិច្ចទីក្រុងហុងកុង ដែលបានទប់ស្កាត់សកម្មភាពតវ៉ានាពេលកន្លងមក។ លោកស្រីបានបញ្ជាក់ថា គឺជារឿងចាំបាច់ដើម្បីការពារច្បាប់ និងសណ្តាប់ធ្នាប់ ក្នុងការធានាសុវត្ថិភាពទីក្រុងហុងកុង។

ក្នុងស្ថានភាព កាន់ធ្ងន់ធ្ងរ នេះ Channel News Asia បានចុះផ្សាយថា នៅថ្ងៃចន្ទនេះជើងហោះហើរដល់ទៅជាង ២០០ ត្រូវបានលុបចោលក្នុងទីក្រុងហុងកុង ដោយបានបង្វិលការធ្វើដំណើរនៅតាមស្ថានីយ៍រថភ្លើង វិញ។ នៅតាមស្ថានីយ៍ មួយចំនួន កកស្ទះជាខ្លាំង។

តាមប្រភពដដែល នេះ ក្រុមបាតុករបាននាំគ្នាធ្វើបាតុកម្មតវ៉ាជាថ្មីប្រឆាំង នឹងរដ្ឋាភិបាលទីក្រុងហុងកុងរបស់លោកស្រី ខារី ឡាំ ដែលពួកគេកំពុងទាមទារ ឱ្យចុះចេញតំណែង។

ក្រុមអាជ្ញាធរព្រមានពីការរំខានទ្រង់ទ្រាយដល់អ្នកដំណើរ ខណៈក្រុម បាតុករកំពុងដឹកនាំបាតុកម្មតវ៉ាកាន់តែខ្លាំងក្លា ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងហុងកុង។

ចិនចោទ អាមេរិកនៅពីក្រោយ បាតុករ

​ក្រសួងការបរទេសចិន​ បាន​ចោទជាចំហទៅលើសហរដ្ឋអាមេរិក ​ជាអ្នក​នៅពីក្រោយបាតុកម្ម​នៅទីក្រុងហុងកុង ដោយព្រមាន​អាមេរិកកុំ​លេងជាមួយល្បែងលេងភ្លើងនេះអោយសោះ។ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោកស្រី Hua Chunying បានថ្លែងប្រាប់អ្នកសារព័ត៌ថា ​បាតុកម្ម​ហិង្សាដែលបាន​កើតឡើងក្នុងទីក្រុងហុងកុងរយៈពេលប៉ុន្មាន​សប្តាហ៍មកនេះ គឺមាន​លោកខាងលិចនៅពីក្រោយ​ជាពិសេស គឺអាមេរិក​។

លោកស្រី បាន​អោយដឹង ​ថាក្នុងពេលថ្មីៗនេះមាន​ជំនួបជាច្រើនធ្វើឡើងរវាង មេដឹកក្រុមប្រឆាំងនៃ  ហុងកុងជាមួយ អ្នកនយោបាយអាមេរិក ​ដូចជាអនុប្រធាធិបតី Mike Pence រដ្ឋមន្រ្តីក្រសួងការបរទេស Mike Pompeo និងទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិកព្រមទាំងសមាជិកសភាទៀតផង។

លោកស្រី Hua Chunying  អះអាងថា​តាមរយៈរូបភាពដែល​មាន​​លើប្រព័ន្ធផ្សព្វផ្សាយ​ គេសង្កេត​ឃើញ​ថា​មានមុខជនជាតិ​អាមេរិក​ស្ថិតនៅក្នុងចំណោម​បាតុករទាំង​នោះ។

លោកស្រី បានទាមទារ​ឲ្យអាមេរិកពន្យល់​ពីបញ្ហាទាំងនេះឲ្យ​បាន​ច្បាស់​។

លោកស្រី បានទាមទារអោយអាមេរិក សន្យាឈប់លូកលាន់​កិច្ចការផ្ទៃក្នុង​ហុងកុង។

លោកស្រីបានព្រមាន​អាមេរិកថាកុំ​ លេង ភ្លើង​រមែងប្រយ័ត្នរ​លាក​ខ្លួនឯង។

រដ្ឋមន្រ្តី​ក្រសួងការបរទេសអាមេរិក​ លោក Mike Pompeo បានថ្លែងជាចំហ ​ឲ្យចិនរក​ដំណោះស្រាយ​បញ្ហា​ហុងកុងឲ្យឆាប់ហើយដោយអហិង្សា។ លោក បានបញ្ជាក់ថាការ​ធ្វើបាតុកម្ម​របស់​ពលរដ្ឋហុងកុងជារឿងត្រឹម​ត្រូវ គឺជាសិទ្ធិរបស់ដែនដីនេះ។

ក្រៅពី ចោទអាមេរិកដូចនេះ ក្រុងប៉េកាំង បានប្រាប់ទៅអង់គ្លេស កុំបន្តជ្រៀតជ្រែក កិច្ចការរបស់ចិន ពាក់ព័ន្ធក្រុងហុងកុង។  តែរដ្ឋាភិបាលអង់គ្លេស ទទូចថា ចិនត្រូវគោរពកិច្ចសន្យាឆ្នាំ១៩៩៧ដែល ធានាសេរីភាពរបស់ប្រជាជនហុងកុង។

តាមអ្នកសង្កេតការណ៍ ស្ថានការណ៍នៅក្រុងហុងកុងនៅពេលនេះ មើលទៅដើរដល់ចំណុចចុងក្រោយ ហើយ ថាតើរដ្ឋអំណាចកុម្មុយនិស្តចិន បន្តសម្របសម្រួលម្ដងទៀត​ឬក៏ត្រូវវាយបង្រ្កាប​ដូចនៅទៀន​អាន់​មីន ឆ្នាំ១៩៨៩៕

Share

Image
Image
Image