en     km
en     km

ក្រសួង​សង្គមកិច្ច​ ៖​ ឆ្នាំ​២០១៨​ ជន​ពិការ​ បាន​ចូល​បម្រើ​ការងារ​ទាំង​ស្ថាប័នរដ្ឋ​ និង​ឯកជន​កើនឡើង​

Share

​ភ្នំពេញ​ ៖​ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ មាន​ប្រសាសន៍​ថា​ ឆ្នាំ​២០១៨​នេះ​ កំណើន​ជន​ពិការ​ គឺ​មាន​កើនឡើង​ខ្ពស់​ ដែល​បាន​ចូល​បម្រើ​ការងារ​ទាំង​ស្ថាប័នរដ្ឋ​ និង​ឯកជន​។​ យ៉ាងណា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ នៅ​តែ​ជំរុញ​ និង​លើកទឹកចិត្ដ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ បង្កើន​ថែម​ទៀត​ ការ​ទទួលយក​បុគ្គលិក​ជា​ជន​ពិការ​។​

​លោក​ លៀ​ ស៊ី​ណា​ ជូន​សេចក្ដីរាយការណ៍​ ៖​

 

​រដ្ឋលេខាធិការ​ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នី​ត​សម្បទា​ លោក​ សែ​ម​ សុខា​ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ថា​ ចំនួន​ជន​ពិការ​ គឺ​បាន​កើនឡើង​ខ្ពស់​នៅ​ឆ្នាំ​២០១៨​នេះ​ ដែល​បាន​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ​ និង​វិស័យ​ឯកជន​។​ ប្រសាសន៍​របស់​លោក​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ លើក​ឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​លើ​ការ​អនុវត្ដ​ច្បាប់​ស្ដី​ពី​កិច្ច​ការពារ​ និង​លើកកម្ពស់​សិទ្ធជន​ពិការ​ ដល់​ខណ្ឌ​ទាំង​១២​ និង​បណ្ដា​វិស័យ​ឯកជន​ ស្ថិត​នៅ​រាជធានី​ភ្នំពេញ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ឲ្យ​អនុវត្ដ​នូវ​ច្បាប់​ស្ដី​ពី​ការ​កំណត់​អត្រា​ជន​ពិការ​ ឲ្យ​ចូល​បម្រើ​ការងារ​ និង​លើកទឹកចិត្ដ​ទាំង​វិស័យ​រដ្ឋ​ និង​ឯកជន​ ឲ្យ​ជ្រើសរើស​ជន​ពិការ​ចូល​បម្រើ​ការងារ​។​ តាម​រយៈ​ច្បាប់​នេះ​ លទ្ធផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រសួង​ស្ថាប័នរដ្ឋ​ ចំនួន​ ៤០​ បាន​ទទួល​ជន​ពិការ​ចំនួន​ ២៨៣៩​នាក់​ ហើយ​មាន​ ៧៣០​នាក់​ជា​ស្ដ្រី​។​ ក្នុង​ចំណោម​ជន​ពិការ​ជាង​ ២​ពាន់​នាក់​នេះ​ មាន​ ១៤៧៨​នាក់​ ជា​ជន​ពិការ​កម្រិត​ធ្ងន់​។​

​បន្ថែម​ពី​នេះ​លោក​ សែ​ម​ សុខា​ បន្ដ​ថា​ សម្រាប់​វិស័យ​ឯក​ ដែល​មាន​ដូច​ជា​ធនាគារ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ សណ្ឋាគារ​ រោងចក្រ​ ក៏​មានការ​កើនឡើង​ដែរ​ ដែល​ក្រសួង​បាន​សាកល្បង​លើ​វិស័យ​ទាំងនោះ​នៅ​ភ្នំពេញ​ ខេត្ដកណ្ដាល​ និង​ខេត្ដ​សៀម​រាម​ លើ​អង្គភាព​ចំនួន​ ៧៧​។​ ជា​លទ្ធផល​វិស័យ​ឯកជន​ទាំងនោះ​បាន​ទទួល​ជន​ពិការ​ចំនួន​ ៣០៥៥​នាក់​ ហើយ​មាន​ ១៩៤៧​នាក់​ជា​ស្ដ្រី​។​ លើស​ពី​នេះ​ក្នុង​ចំណោម​ជន​ពិការ​ទាំង​ ៣០៥៥​នាក់​នេះ​ មាន​ជន​ពិការ​កម្រិត​ធ្ងន់​ចំនួន​ ៤២០​នាក់​។​ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​ ជន​ពិការ​ដែល​បាន​ចូល​បម្រើ​ការងារ​ទាំង​ស្ថាប័នរដ្ឋ​ និង​វិស័យ​ឯកជន​ សរុប​មាន​ចំនួន​ ៥៨៦៨​នាក់​។​

​រដ្ឋលេខាធិការ​ ក្រសួង​សង្គមកិច្ច​ បញ្ជាក់​ថា​ កន្លង​មក​ក្រសួង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ដ​តួនាទី​ និង​ភារកិច្ច​ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ជន​ពិការ​ប្រកបដោយ​ប្រសិទ្ធភាព​ ជំរុញ​ឲ្យ​សង្គម​មួយ​ដែល​គ្មាន​ឧបសគ្គ​សម្រាប់​ជន​ពិការ​ ហើយ​ជន​ពិការ​អាច​រស់នៅ​ដោយ​ស្មើរ​ភាព​ និង​គ្មាន​ការ​រើសអើង​ ដូច​ប្រជាពលរដ្ឋ​ទូល​ទៅ​។​

​យ៉ាងណា​សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ តែងតែ​អំពាវនាវ​ជា​រឿយៗ​ចំពោះ​ការ​ផ្ដល់​ឱកាស​ឲ្យ​ជន​ពិការ​បាន​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​ផ្សេងៗ​ទាំង​រដ្ឋ​ និង​ឯកជន​។​ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​លោក​ក៏​បាន​អំពាវនាវ​ដល់​ថែម​ទៀត​ ដល់​គ្រប់​ស្ថាប័ន​ ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ត្រូវ​រៀបចំ​ឲ្យ​មាន​លក្ខណៈ​ងាយស្រួល​ នៅ​ក្នុង​ការ​ចេញចូល​ នៅ​ទីកន្លែង​សាធារណៈ​ សម្រាប់​ជន​ពិការ​ ដែល​មាន​ដូច​ជា​ ត្រូវ​រៀបចំ​ឲ្យ​មាន​ចំណត​យានយន្ដ​ពិសេស​សម្រាប់​ជន​ពិការ​ ការ​ធ្វើ​ជម្រាល​ ការ​បំពាក់​ឧបករណ៍​ធ្នាក់​ដៃ​នៅ​តាម​បន្ទប់ទឹក​ ការ​ដាក់​ស្លាក​សញ្ញា​នានា​នៅ​តាម​ក្រសួង​ ស្ថាប័ន​ មន្ទីរ​ ផ្លូវថ្នល់​ ទីកន្លែង​លំហែកាយ​ មជ្ឈមណ្ឌល​វប្បធម៌​ កន្លែង​លេង​កីឡា​ កន្លែង​កម្សាន្ដ​ គ្រឹះស្ថាន​អប់រំ​ សណ្ឋាគារ​ មន្ទីរពេទ្យ​ មជ្ឈមណ្ឌល​សុខភាព​ និង​មធ្យោបាយ​ដឹក​ជញ្ជូន​ ព្រមទាំង​ការ​បង្កើន​ការ​យកចិត្ដទុកដាក់​គិតគូ​អំពី​ផលប្រយោជន៍​ និង​ការ​លើកតម្កើង​ជីវភាព​រស់នៅ​របស់​ជន​ពិការ​ឲ្យ​បាន​សមរម្យ​ ស្រប​តាម​សេដ្ឋកិច្ចជាតិ​។​ បន្ថែម​ពី​នេះ​សម្ដេច​ អំពាវនាវ​ឲ្យ​មានការ​បំផុស​លើកទឹកចិត្ដ​ ដល់​ពលរដ្ឋ​ សប្បុរសជន​ ផ្នែក​ឯកជន​ និង​អង្គការ​សង្គម​ស៊ី​វិល​នានា​ ឲ្យ​ចូលរួម​ឧបត្ថម្ភ​ដល់​ជន​ពិការ​។​

​ក្រៅពី​ការ​អំពាវនាវ​ទាំងនេះ​ សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​បង្កើត​ វិទ្យាស្ថាន​អប់រំ​ពិសេស​ ដើម្បី​ជំរុញ​លើ​ការ​សិក្សា​របស់​ជន​ពិការ​ ការ​បង្រៀន​ និង​ការ​បណ្ដុះបណ្ដាល​គរុ​សិស្ស​ និស្សិត​ពិការ​ លើ​ជំនាញ​អប់រំ​ សិស្ស​មាន​ពិការ​ភាព​ផង​ដែរ​។​

​លោក​ សែ​ម​ សុខា​ បាន​អំពាវនាវ​ ឲ្យ​គ្រប់​អង្គភាព​ទាំង​ស្ថាប័នរដ្ឋ​ វិស័យ​ឯកជន​នានា​ ចូលរួម​ថែម​ទៀត​ក្នុង​ការ​ផ្ដល់​ឱកាស​ សម្រាប់​ជន​ពិការ​បាន​ចូល​បម្រើ​ការងារ​ ដើម្បី​រួម​គ្នា​ក្នុង​ការ​អនុវត្ដ​ច្បាប់​ស្ដី​ពី​កិច្ច​ការពារ​ និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ​៕

Share

Image
Image
Image