en     km
en     km

ក្រសួង​មួយ​ចំនួន​ ចាប់ផ្តើម​បង្កើត​ក្រុមការងារ​តាមដាន​ហ្វេ​ស​ប៊ុ​ក​ តាម​បញ្ជា​នាយក​រដ្ឋមន្ត្រី​

Share

Logo Women's Media Finalបន្ទាប់​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​  បាន​ចេញ​បញ្ជា​ឱ្យ​គ្រប់​ក្រសួង​-​ស្ថាប័ន​មួយ​ចំនួន​ បង្កើត​ក្រុមការងារ​របស់​ខ្លួន​តាមដាន​រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដែល​បាន​រាយការណ៍​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លោក​ និង​ត្រូវ​ដោះស្រាយ​ជូន​ពួក​គាត់​ជា​បន្ទាន់​។​  ប៉ុន្តែ​ការ​ង្កើ​ត​ក្រុមការងារ​តាមដាន​នេះ​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​យល់​ថា​ ក្រុមការងារ​នេះ​ គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​ មិន​អាច​ផ្តល់​ផល​ចំណេញ​ដល់​ការ​អភិវឌ្ឍ​សង្គម​នោះ​ទេ​។​

យ៉ាង​ហោច​ណាស់​គិត​មក​ដល់​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​នេះ​ មាន​ក្រសួង​មិន​តិច​ជាង​ ៥​ ទេ​ ដែល​បាន​បង្កើត​ក្រុមការងារ​ ដើម្បី​តាមដាន​រាល់​បញ្ហា​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ជំនាញ​របស់​ខ្លួន​នៅ​លើ​ទំព័រ​ Facebook​ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​ ក្រុមការងារ​ ដែល​ក្រសួង​-​ស្ថាប័ន​នីមួយៗ​ ទើបនឹង​បង្កើត​តាម​អនុសាសន៍​របស់​សម្តេច​ មាន​សមាសភាព​យ៉ាងតិច​ ៥​ នាក់​ ដើម្បី​តាមដាន​ព័ត៌មាន​ដែល​ជា​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​។​

ទាក់ទិន​នឹង​បង្កើត​ក្រុមការងារ​នេះ​ លោក​ ហេង​ ស្រាង​ អ្នក​ស្រាវជ្រាវ​ពី​សង្គម​និង​នយោបាយ​ យល់​ថា​ ក្រុមការងារ​ដែល​ត្រូវ​បាន​បង្កើត​នេះ​ មិន​បាន​ផ្តល់​ចំណេញ​អ្វី​ដល់​សង្គម​នោះ​ទេ​ ដោយសារ​តែ​ព័ត៌មាន​ និង​កង្វល់​របស់​ប្រជាពលរដ្ឋ​ ដែល​យក​ចេញពី​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយក​រដ្ឋមន្ត្រី​ ជា​បញ្ហា​សើរៗ​របស់​សង្គម​ប៉ុណ្ណោះ​។​  លោក​ថា​ ការ​ដោះស្រាយ​បញ្ហា​សង្គម​ ត្រូវ​មាន​យន្តការ​ ផែនការ​ច្បាស់លាស់​ និង​មានការ​ពិគ្រោះ​យោបល់​ ដើម្បី​កំណត់​ថា​បញ្ហា​ណា​ជា​បញ្ហា​អ​ទិ​ភាព​ដែល​ត្រូវ​ដោះស្រាយ​មុន​។​

អ្នក​ស្រាវជ្រាវ​រូប​នេះ​ ផ្តល់​ជា​ទស្សនៈ​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ឱ្យ​មាន​ប្រសិទ្ធភាព​   រដ្ឋាភិបាល​ត្រូវ​តែ​ពង្រឹង​ ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ នៅ​ក្នុង​ប្រទេស​ឱ្យ​មាន​ឱ្យ​ប្រសិទ្ធភាព​ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​។​

ជុំវិញ​បញ្ហា​នេះ​ដែរ​ លោក​ កែម​ ឡី​ អ្នក​តាមដាន​ស្ថាន​ការ​សង្គម​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ កាលពី​ថ្ងៃ​ទី​០៩​ កុម្ភៈ​ ថា​ ដំណោះស្រាយ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ គឺជា​ដំណោះស្រាយ​ តាម​រូបមន្ត​អង្ករ​កំប៉ុង​។​ លោក​យល់​ថា​ យន្តការ​សម​ស្រប​សម្រាប់​ទទួល​ការ​រិះគន់​ និង​ដោះស្រាយ​កង្វល់​ពលរដ្ឋ​ ថ្នាក់ដឹកនាំ​នយោបាយ​ និង​ថ្នាក់ដឹកនាំ​រដ្ឋ​ គួរ​ទទួលយក​ ព័ត៌មាន​ពី​គ្រប់​ជ្រុងជ្រោយ​ និង​វិភាគ​ឱ្យ​បាន​ម៉ត់ចត់​មុន​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា​អ្វីមួយ​។​

kem ley_1
លោក​ កែម​ ឡី

លោក​បាន​សរសេរ​ទៀត​ថា​ ការ​ផ្តោត​លើ​ការ​ប្រមូល​បញ្ហា​ពី​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​តែ​មួយ​ជ្រុង​ មក​ដោះស្រាយ​ដោយ​ប្រញាប់ប្រញាល់​ និង​គ្មាន​គោលការណ៍​  គឺ​គ្រាន់តែ​ជា​ល្បែង​នយោបាយ​ ដែល​គ្មាន​ប្រសិទ្ធិ​ភាព​ និង​មិន​ទទួល​បាន​ប្រជាប្រិយភាព​ទេ​។​ តែ​ផ្ទុយ​ទៅ​វិញ​ បញ្ហា​ជាតិ​សំខាន់ៗ​ នៅ​តែ​កើត​មាន​ឡើង​ និង​កាន់តែ​ស្មុគស្មាញ​បន្ថែម​ទៀត​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ថ្នាក់ដឹកនាំ​រដ្ឋ​មាន​លំ​ហាត់​កាន់តែ​ច្រើន​ពី​ពលរដ្ឋ​ និង​អាច​រៀនសូត្រ​ពី​ដំណោះស្រាយ​ ដែល​មិនសូវ​ទទួល​បាន​ប្រសិទ្ធិ​ភាព​ទាំងនោះ​។​

គួរ​រំឭក​ថា​ កាលពី​ថ្ងៃ​ទី​០៨​ កុម្ភៈ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ចេញ​សេចក្តីណែនាំ​ដល់​  ថ្នាក់ដឹកនាំ​គ្រប់​ក្រសួង​ ស្ថាប័ន​ និង​ មន្ត្រី​ថ្នាក់​មូលដ្ឋាន​ ឱ្យ​បង្កើត​ក្រុមការងារ​តាមដាន​ និង​ស្រង់​ព័ត៌មាន​ ពាក្យបណ្តឹង​ និង​សំណូមពរ​ ប្រជាពលរដ្ឋ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ របស់​លោក​ ហើយ​ត្រូវ​ឆ្លើយ​តប​ និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យទាន់​ពេលវេលា​។

​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​ បាន​ប្រកាស​បែប​នេះ​ មាន​ក្រសួង​មួយ​ចំនួន​បាន​ចេញ​សេចក្តី​ប្រកាស​ភ្លាមៗ​ ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ អនុវត្ត​តាម​ការ​ណែនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​។​ ក្រសួង​ស្ថាប័ន​ទាំងនោះ​រួម​មាន​៖​  ក្រសួង​អភិវឌ្ឍន៍ជនបទ​,​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​,​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​,​ ហើយ​និង​ក្រសួង​ធម្មការ​ និង​សាសនា​ជាដើម​៕

Share

Image
Image
Image