en     km
en     km

ក្រសួង​កិច្ចការ​នារី​រក​ឃើញ​ថា​ ស្ត្រី​នៅ​តែ​ជួប​បញ្ហា​ប្រឈម​ក្នុង​ការ​ចូលរួម​ធ្វើ​សេចក្តី​សម្រេចចិត្ត​ និង​នយោបាយ​

Share

cover-National-forum-on-Women

ភ្នំពេញ៖  លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ បាន​កត់សម្គាល់​ឃើញ​ថា​ បច្ចុប្បន្ន​ស្ត្រី​នៅ​តែ​មាន​បញ្ហា​ប្រឈម​ និង​នៅ​មាន​ឧបសគ្គ​មួយ​ចំនួន​នៅឡើយ​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចូលរួម​ធ្វើ​សេចក្តី​សម្រេចចិត្ត​ នៅ​ក្នុង​វិស័យ​នយោបាយ​។​ ការ​ថ្លែង​របស់​លោកស្រី​បែប​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​វេទិកា​ជាតិ​ ស្តី​ពី​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​សាធារណៈ​ និង​នយោបាយ​ នៅ​ឯ​សណ្ឋាគារ​អ៊ី​ន​ធើ​ខន​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៤​ខែធ្នូ​នេះ​។​

​ថ្លែង​ក្នុង​កម្មវិធី​វេទិកា​ជាតិ​ស្តី​ពី​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​សាធារណៈ​ និង​នយោបាយ​ ដែល​មានការ​ចូលរួម​ពី​សំណាក់​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​ជាតិ​ ថ្នាក់​ក្រោម​ជាតិ​ ដៃគូ​អភិវឌ្ឍន៍​ និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ ប្រមាណ​ ៨០០​ នាក់​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​ស្ត្រី​នៅ​តែ​មាន​បញ្ហា​ប្រឈម​ និង​មាន​ឧបសគ្គ​មួយ​ចំនួន​នៅឡើយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចូលរួម​ធ្វើ​សេចក្តី​សម្រេចចិត្ត​ និង​នៅ​ក្នុង​វិស័យ​នយោបាយ​។​

លោកស្រី អ៊ឹង កន្ថាផាវី
លោកស្រី អ៊ឹង កន្ថាផាវី

​លោកស្រី​ពន្យល់​ពី​បញ្ហា​ប្រឈម​នេះ​ថា​ គឺ​ដោយសារ​ឥរិយាបថ​សង្គម​នៅ​មានការ​រើសអើង​លើ​ស្រី្ត​ ការ​ទទួល​បានការ​អប់រំ​របស់​ស្ត្រី​នៅ​មាន​កម្រិត​ បន្ទុក​ធ្ងន់ធ្ងរ​លើក​ការ​ទទួលខុសត្រូវ​ក្នុង​គ្រួសារ​ កង្វះខាត​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ការ​គាំទ្រ​ពី​គ្រួសារ​ជាដើម​។​

​ចំណែក​ក្នុង​វិស័យ​នយោបាយ​វិញ​ លោកស្រី​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ បង្ហាញ​ថា​ ស្រី្ត​នៅ​ជួប​កង្វះ​ការ​គាំទ្រ​ពី​គណបក្ស​ និង​ប្រធាន​អង្គភាព​របស់​ខ្លួន​ ក្នុង​ការ​ដាក់​បេក្ខភាព​ស្ត្រី​នៅ​លំដាប់​លេខ​រៀង​ខ្ពស់​ ឬ​ក្នុង​ការ​តម្លើង​តួនាទី​ រួម​ទាំង​ទស្សនៈ​អវិជ្ជមាន​របស់​ស្ត្រី​ខ្លួនឯង​ដែល​ធ្វើ​ឱ្យ​ស្ត្រី​មិន​ហ៊ាន​ឈរឈ្មោះ​បោះ​ឆ្នោត​ ឬ​ទទួល​តួនាទី​តាម​ការ​តែងតាំង​។​

​អ្នកស្រី​ ខាវ​ ខាំ​អន​ មេឃុំ​សាម​ឃួ​យ​ ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង​ បាន​និយាយ​ថា​ នៅ​មូលដ្ឋាន​ដែល​អ្នកស្រី​រស់នៅ​បច្ចុប្បន្ន​ ចាប់ផ្តើម​មាន​សមាស​ភាពស្រី្ត​ក្នុង​ថ្នាក់ដឹកនាំ​កើនឡើង​មួយ​កម្រិត​ ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​បុរស​ នៅ​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​នៅឡើយ​។​

​អ្នកស្រី​បាន​អំពាវនាវ​សូម​ឱ្យ​រដ្ឋាភិបាល​ ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ក្នុង​ការ​លើក​ស្ទួយ​ស្ត្រី​ឱ្យ​បាន​ច្រើន​ តាម​រយៈ​ការ​កំណត់​សមាមាត្រ​បុរស​និង​ស្ត្រី​ឱ្យ​មាន​ភាព​ស្មើគ្នា​។​ អ្នកស្រី​ ខាវ​ ខាំ​អន​ ៖​ នៅ​ភូមិ​ ឃុំ​របស់ខ្ញុំ​សមាមាត្រ​រវាង​បុរស​ និង​ស្ត្រី​ គឺ​បុរស​មាន​ច្រើន​ជាង​ស្ត្រី​។​ ជា​គំនិត​ និង​អារម្មណ៍​របស់ខ្ញុំ​ផ្ទាល់​ គឺ​ចង់ឱ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាងណា​លើកកម្ពស់​ស្ត្រី​ឱ្យ​បាន​ខ្ពស់​ និយាយ​រួម​ក្នុង​ក្រប​ខណ្ឌ​ការងារ​អ្វី​ទាំងអស់​ ទាំង​ថ្នាក់​ជាតិ​ ថ្នាក់​ក្រោម​ជាតិ​ គឺ​ដាក់​ស្ត្រី​ឱ្យ​បាន​ស្មើភាព​ដូច​បុរស​។​

អ្នកស្រី ធីតា ឃឹះ
អ្នកស្រី ធីតា ឃឹះ

ជុំវិញ​បញ្ហា​នេះ​ លោកស្រី​ ធីតា​ ឃិះ​ នាយិកា​អង្គការ​សីល​ការ​ និង​ជា​ប្រធាន​នៃ​គណៈ​គ្រប់គ្រង​នៃ​គណកម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ លើក​ឡើង​ថា​ ការ​ផ្តល់​ឱកាស​ដល់​ស្ត្រី​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ និង​ក្នុង​វិស័យ​នយោបាយ​បាន​ច្រើន​នោះ​ នឹង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​ទៅ​មុខ​បាន​ឆាប់រហ័ស​ ព្រោះ​ស្ត្រី​មើលឃើញ​បញ្ហា​បាន​គ្រប់​ជ្រុងជ្រោយ​ជាង​បុរស​។​

​លោកស្រី​ ធីតា​ ឃិះ​ ៖​ «​កាលណា​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​ ហើយ​បាន​ចូលរួម​ក្នុង​ការ​សម្រេច​ដោយ​ស្មើភាព​ជាមួយ​បរុស​ នោះ​នឹង​ធ្វើ​ឱ្យ​ការ​សម្រេចចិត្ត​នោះ​មាន​ប្រសិទ្ធភាព​ នេះ​មិនមែន​សម្រាប់​តែ​ស្ត្រី​ទេ​ គឺ​សម្រាប់​មនុស្ស​ទូ​ទាំង​ប្រទេស​ម្តង​ ព្រោះ​ស្ត្រី​មើល​ល្អិត​ជាង​ ហើយ​ស្ត្រី​មើលទៅ​លើ​ការងារ​សង្គមកិច្ច​ ខាង​ផ្នែក​គ្រួសារ​ និង​សេដ្ឋកិច្ច​បាន​ច្រើន​។​

​យោង​តាម​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​ទី​៣​ ឆ្នាំ​២០០៩-២០១៣​ បាន​បង្ហាញ​ថា​ ក្នុង​ឆ្នាំ​២០១៣​ ស​ន្ទ​ស្សន៍​នៃ​ការ​ចូលរួម​របស់​ស្រី្ត​ ក្នុង​ទីផ្សារ​ការងារ​មាន​ ៧៩,២%​ ដែល​ស​ន្ទ​ស្សន៍​នេះ​ បាន​បង្ហាញ​ថា​គម្លាត​យេ​ន​ឌ័​រស​កល​ក្នុង​ឆ្នាំ​ ២០១៣​ ទាក់ទង​នឹង​ការ​ចូលរួម​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ខ្ពស់​មធ្យម​សម្រាប់​ការ​ចូលរួម​របស់​ស្ត្រី​ ក្នុង​កម្លាំង​ពលកម្ម​។​ រីឯ​នៅ​ឆ្នាំ​ ២០១២​ វិញ​ សមាជិក​ព្រឹទ្ធសភា​ជា​ស្ត្រី​ទទួល​បាន​អាសនៈ​ ១៤,៧៥%​ ដែល​មានការ​កើនឡើង​បី​ដង​ក្នុង​រយៈពេល​ ២​ ទសវត្សរ៍​ កន្លង​មកនេះ​។​ ចំណែក​សមាមាត្រ​ស្ត្រី​ជា​មន្ត្រីរាជការ​កើនឡើង​ពី​ ៣២%​ ក្នុង​ឆ្នាំ​២០០៧​ ដល់​ ៣៧%​ ក្នុង​ឆ្នាំ​២០១៣៕

forum-on-women

Share

Image
Image
Image