en     km
en     km

ក្រសួង​ការងារ​៖​ពលករ​ខ្មែរ​នៅ​ថៃ​តិចតួច​ខក​ខានមិនបាន​បន្ត​សុពលភាព​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​

Share

ភ្នំពេញ​៖​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឲ្យ​ដឹង​ថា​ ពលករ​ខ្មែរ​មាន​ចំនួន​តិច​តូច​ដែល​បាន​ខក​ខានមិនបាន​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់​នៅ​និង​ធ្វើការ​បណ្តោះអាសន្ន​ ឬ​ ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​ និង​លិខិត​ទំនាក់ទំនង​រវាង​ថៅកែ​ និង​ ពលករ​ ខណៈ​ដែល​អាជ្ញាធរ​ថៃ​ព្រមាន​ពី​ការ​បណ្តេញចេញ​ពលករ​បរទេស​ខុសច្បាប់​។​

                 លោក ហ៊ុន ម៉ានី កូនប្រុសនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណេះសំណាលជាមួយពលករខ្មែរនៅថៃ។រូបភាព៖ Facebook

​នៅ​ស​ប្តា​ហ៍​មុន​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ទាំងអស់​ ប្រញាប់​ទៅ​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់​នៅ​ និង​ធ្វើការ​បណ្តោះអាសន្ន​ ឬ​ ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​ និង​លិខិត​ទំនាក់ទំនង​រវាង​ថៅកែ​ និង​ ពលករ​ នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ ដើម្បី​បំពេញបែបបទ​ជា​ពលករ​ស្របច្បាប់​ជាមួយ​គណៈកម្មការ​ផ្តល់​ភាព​ស្របច្បាប់​កម្ពុជា​នៅ​ប្រទេស​ថៃ​។​

​ជាមួយ​គ្នា​នេះ​ ការ​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់​នៅ​ និង​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​ រួម​ទាំង​លិខិត​ទំនាក់ទំនង​រវាង​ថៅកែ​និង​ពលករ​ បាន​ផុត​សុពលភាព​ហើយ​ កាលពី​ដើមខែ​ មេ​សា​នេះ​។​

​កាសែត​ថៃ​ Bangkok​ Post​ បាន​ចុះ​ផ្សាយ​ថា​ ពលករ​ចំណាកស្រុក​បរទេស​ ដូច​ជា​ ពលករ​ កម្ពុជា​ មី​យ៉ា​ន់​ម៉ា​ ឡាវ​ ប្រមាណ​ ៦​ ម៉ឺន​នាក់​ កំពុងធ្វើការ​ងារ​និង​ស្នាក់​នៅ​ដោយ​ខុសច្បាប់​ ព្រោះ​ពលករ​ទាំងនោះ​ ខកខាន​មិន​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់​នៅ​និង​ ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​នៅ​ក្រសួង​ការងារ​ថៃ​ ហើយ​ពលករ​បរទេស​ទាំងនោះ​ នឹង​ប្រឈម​ការ​បណ្តេញ​ចេញពី​ប្រទេស​ថៃ​។​

​ទាក់ទិន​ករណី​នេះ​ លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​ពលករ​មិន​ទាន់​ស្របច្បាប់​ប្រមាណ​ ៤០​ ម៉ឺន​ នាក់​ គឺ​ ពលករ​ខែ្ម​រ​មាន​ចំនួន​តិចតួច​ទេ​ ដែល​មិន​ទាន់​បាន​មក​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់​នៅ​និង​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​។​

​លោក​ ហេង​ សួរ​៖​ «​បើ​ធៀប​ជាមួយនឹង​ចំនួន​៤០​ម៉ឺន​នាក់​ដែល​មិន​មាន​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​ ឥឡូវនេះ​យើង​មាន​ពលករ​តិចតួច​តែ​ប៉ុណ្ណោះ​មិន​ទាន់​បាន​ទៅ​ពន្យា​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​នេះ​។​អ​ញ្ចឹ​ង​យើង​បាន​ដោះស្រាយ​បញ្ហា​ជូន​បងប្អូន​បាន​ប្រមាណ​៩៦​ភាគរយ​រួច​ទៅ​ហើយ​។​»

​លោក​ ហេង​ សួរ​ ជឿ​ថា​ ពលករ​ខ្មែរ​ដែល​ខកខាន​ទាំងនោះ​អាច​នឹង​ទៅ​បន្ត​សុ​ព​ភាព​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​នៅ​ ក្រោយ​ពេល​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​។​

​ទោះបី​យ៉ាងណា​ លោក​ព្រមាន​ថា​ អាជ្ញាធរ​ថៃ​នឹង​ចាប់ផ្តើម​រឹត​បន្តឹង​លើ​ពលករ​ចំណាកស្រុក​ខុសច្បាប់​យ៉ាង​យូរ​នៅ​ដើមខែ​ មិថុនា​ ខាង​មុន​នេះ​។​

​លោក​ ហេង​ សួរ​៖​ «​សម្រាប់​ភាគី​ថៃ​គឺ​យូរ​នៅ​ថ្ងៃ​ទី​ ៣០​ ខែ​ មិថុនា​ គាត់​នឹង​មាន​វិធានការ​សម្រាប់​អ្នក​ដែល​មិន​មាន​ឯកសារ​ ជា​ពិសេស​មិន​មាន​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​និង​តែ​ម្តង​។​ប៉ុន្តែ​ក៏​មិនមែន​មាន​ន័យ​ថា​បិទ​សម្រាប់​បងប្អូន​មិន​មាន​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​វិញ​ត្រឡប់​មក​ប្រទេស​កំណើត​បាន​ទេ​។​អ​ញ្ចឹ​ង​ប្អូន​អាច​ត្រឡប់​មក​វិញ​រៀបចំ​ឯកសារ​ពី​កម្ពុជា​ចូល​ទៅ​ប្រទេស​ថៃ​វិញ​បាន​។​»

​កាលពី​អំឡុង​ខែ​ កុម្ភៈ​ កម្ពុជា​-​ថៃ​ ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ​ឲ្យ​ក្លាយជា​ពលករ​ស្របច្បាប់​និង​បញ្ចប់​ការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​ខ្មែរ​នៅ​ចុងខែ​ មិថុនា​ ឆ្នាំ​នេះ​។​

​តាម​ច្បាប់​ថ្មី​របស់​ប្រទេស​ថៃ​ ពលករ​អន្តោប្រវេសន៍​ ខក​ខានមិនបាន​ធ្វើ​បែបបទ​ស្នាក់​នៅ​ត្រូវ​ ពិន័យ​ជា​ប្រាក់​ពី​ ៥.០០០ ​បាត​ ទៅ​ ៥០.០០០​ ​បាត​។​ សម្រាប់​កម្មករ​ និយោជិត​ ត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់ពី​ ១​ ម៉ឺន​បាត​ ទៅ​ ១​ សែន​បាត​។​ បទល្មើស​ដែល​កើតឡើង​ច្រំ​ដែលៗ​របស់​និយោជក​ត្រូវ​ពិន័យ​ប្រាក់​ ២​ សែន​បាត​ ក្នុង​មួយ​ករណី​ ហើយ​ផ្តន្ទាទោស​ព​ន្ធា​គារ​ ជិត​ ១​ឆ្នាំ​។​ ​បន្ថែម​ពី​នេះ​ក្រុមហ៊ុន​ត្រូវ​ហាម​មិន​ឲ្យ​ជ្រើសរើស​ពលករ​បរទេស​រយៈពេល​៣​ឆ្នាំ​។​

​យោង​តាម​របាយការណ៍​ក្រសួង​ការងារ​កម្ពុជា​ ពលករ​ចំណាក់ស្រុក​ខ្មែរ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​ ១​ លាន​ ៥​ ម៉ឺន​នាក់​។​

​បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​ក្រសួង​ការ​បទេស​និង​សហប្រតិបត្តិការ​ណ៍​អន្តរជាតិ​បង្ហាញ​ថា​យ៉ាងតិច​ពលករ​ខ្មែរ​ជិត​១​ពាន់​នាក់​ត្រូវ​បាន​និរទេស​ពី​ប្រទេស​ថៃ​មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​៕

Share

Image
Image
Image