en     km
en     km

ក្រសួង​ការងារ​ប្តេជ្ញា​ការពារ​កម្មករនិយោជិត​វិស័យ​កាត់ដេរ​ពី​ការ​គ្រោះថ្នាក់​ចរាចរណ៍​

Share

ភ្នំពេញ​៖​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្តេជ្ញា​ធានា​សុវត្ថិភាព​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​-​កម្មការិនី​តាម​រថយន្ត​មក​បំពេញការងារ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​។​ទាក់ទិន​រឿង​នេះ​ប្រធាន​សហជីព​មួយ​សង្កេត​ឃើញ​ថា​ស្ថានភាព​គ្រោះថ្នាក់​ការងារ​របស់​កម្មករ​-​កម្មការិនី​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​ទេ​។​ 

កម្មការិនីម្នាក់ស្លាប់និងរងបួសធ្ងន់ច្រើននាក់ករណីរថយន្តដឹងពួកគេក្រឡាប់ នៅថ្ងៃទី៨ ខែធ្នូ ឆ្នំា ២០១៧។រូបភាព៖កាសែតរស្មីកម្ពុជា។

​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថ្លែង​ក្នុង​សិក្ខាសាលា​នៅ​ថ្ងៃ​ទី​២២​ ខែ​ មក​រា​នេះ​ស្តី​ពី​«​យុទ្ធសាស្ត្រ​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​គាំពារ​កម្មករនិយោជិត​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ផលិត​ស្បែកជើង​»​ថា​ក្រសួង​ការងារ​សន្យា​កាត់​បន្ថយ​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​កម្រិត​អតិបរមា​នៅ​ឆ្នាំ​២០១៨​នេះ​។​

                                   លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ(រូបកណ្តាល)

​លោក​ រដ្ឋមន្ត្រី​អ៊ិ​ត​ សំ​ហេង​ ថ្លែង​ថា​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​សុវត្ថិភាព​ចរាចរណ៍​ សម្រាប់​គាំពារ​កម្មករ​ និយោ ជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ផលិត​ស្បែកជើង​ចំនួន​បួន​គឺ​ទី​១​ការ​គ្រប់គ្រង​សុវត្ថិភាព​ចរាចរណ៍​និង​គណនេយ្យ​ភាព​ ទី​២​ បង្កើន​សុវត្ថិភាព​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​និង​រៀបចំ​ ផែនការ​ទី​៣​បង្កើន​ សុវត្ថិភាព​យានជំនិះ​និង​មធ្យោបាយ​ធ្វើ​ដំណើរ​និង​ចុង​ក្រោយ​បង្កើន​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើប្រាស់​ផ្លូវ​។​

«​ឆ្នាំ​២០១៨​នេះ​ជា​ឆ្នាំ​មួយ​ដែល​រាជរដ្ឋាភិបាល​មួយ​កំណត់​ថា​ជា​ឆ្នាំ​ទប់ស្កាត់​និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជា​អតិបរមា​។​សម្តេច​តេ​ជោ​បាន​ផ្តល់​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ទាក់ទង​នៅ​និង​ការ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ហើយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ប្រើប្រាស់​ផ្លូវ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ ដើម្បី​ការពារ​ជីវិត​ខ្លួនឯង​ក៏​ដូច​ជា​ជីវិត​អ្នក​រួម​ដំណើរ​នៅ​លើ​ផ្លូវជាតិ​របស់​យើង​។​»

​នៅ​ឆ្នាំ​២០១៣​ ក្រសួង​ការងារ​បាន​បង្កើត​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ ផ្លូវគោក​ដើម្បី​គាំពារ​កម្មករ​ និយោជិត​ដូច​ជា​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ បណ្តុះបណ្តាល​ប្រឡង​យក​ប័ណ្ណបើកបរ​និង​ គ្រូ​បង្គោល​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ បណ្តុះបណ្តាល​ភ្នាក់ងារ​សង្គ្រោះ​បឋម​ និង​ការ​បំពាក់​បដា​ពាក្យស្លោក​តាម​បណ្តា​រោងចក្រ​កាត់ដេរ​។​

​ទោះបី​យ៉ាងណា​ លោក​ អាត់​ ធន់​ យល់​ឃើញ​ថា​ក្រសួង​ការងារ​គួរ​រឹត​បណ្តឹង​ខ្លាំង​ចំពោះ​ម្ចាស់​រថយន្ត​ដឹក​កម្មករ​លើស​ចម្រុះ​នៅ​ក្នុង​ចំណោម​រថយន្ត​ជាង​៥​ពាន់​គ្រឿង​និង​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​នៅ​តាម​បណ្តា​រោងចក្រ​ជាយក្រុង​ជាដើម​។​ជាមួយ​គ្នា​នេះ​ម្ចាស់​ក្រុមហ៊ុន​ សហគ្រាស​ គ្រឹ​ស្ថាន​ត្រូវ​បង្កើត​កន្លែង​ស្នាក់​នៅ​ និង​ផ្សារ​សម្រាប់​កម្មករ​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ពេល​ធ្វើ​ ដំណើរ​ទៅ​ធ្វើការ​តាម​រថយន្ត​ហើយ​រដ្ឋាភិបាល​គួរ​អភិវឌ្ឍ​រោងចក្រ​នៅ​តាម​តំបន់​ជនបទ​និង​ដាក់​ស្លាក់​សញ្ញា​ចរាចរណ៍​តំបន់​ជាយក្រុង​ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​                                                លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា


​លោក​ អាត់​ ធន់​ ប្រធាន​សហជីព​សហភាព​ការងារ​កម្ពុជា​ពន្យល់​ថាបើ​តាម​របាយការណ៍​របប​ បេឡា​ជាតិ​សន្តិសុខ​នៃ​ហានិភ័យ​គ្រោះថ្នាក់​ការងារ​របស់​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​រយៈពេល​៩​ខែ​ឆ្នាំ​២០១៧​បង្ហាញ​ថា​មាន​អត្រា​ខ្ពស់​ជាង​ឆ្នាំ​២០១៦​។​

​របាយការណ៍​របស់​ ប​.​ស​.​ស​ បញ្ជាក់​ថា​ហានិភ័យ​គ្រោះថ្នាក់​ការងារ​របស់​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ​២០១៧​សរុប​៣៥២៥៨​នាក់​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​មាន​២៦០៨៩​នាក់​។​នេះ​បើ​តាម​លោក​ អាត់​ ធន់​ ទទួល​បាន​របាយការណ៍​ពី​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម​។​

​ក្នុង​នោះ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​សរុប​៨៨៩០​នាក់​ បើ​ធៀប​នឹង​ឆ្នាំ​មុន​មាន​៧១៧៣​នាក់​ហើយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​កម្មករ​រោងចក្រ​ស្លាប់មាន​ចំនួន​១៦២​នាក់​ ក្នុង​ឆ្នាំ​២០១៧​នេះ​បើ​ធៀប​នឹង​ឆ្នាំ​មុន​មាន​១៤២​នាក់​។

​«​គ្រោះថ្នាក់​អំឡុង​ពេល​ធ្វើ​ដំណើរ​ច្រើន​គួរសម​នៅ​ក្នុង​នោះ​យើង​ឃើញ​ដល់​ទៅ​៨៨៩០​នាក់​ឆ្នាំ​២០១៧​ហើយ​ឆ្នាំទៅ​៧១៧៣​នាក់​ទេ​។​អ​ញ្ចឹ​ង​វា​ខ្ពស់​ ខ្ញុំ​គិត​ទៅ​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​កម្មករនិយោជិត​នៅ​ជា​បញ្ហា​។​»

​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​នៃ​ក្រសួងមហាផ្ទៃ​ក្នុង​រយៈពេល​១១​ខែ​សម្រាប់​ឆ្នាំ​២០១៧​ ឲ្យ​ដឹង​ថា​រថយន្ត​ដឹក​កម្មករ​ទទួល​រងគ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​២៦​លើក​បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៤​នាក់​ របួស​ចំនួន​៤៨៤​នាក់​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​៩​ខេត្ត​ រួម​មាន​៖​ ខេត្តស្វាយរៀង​ ខេត្ត​ព្រះ​សីហ​នុ​ ខេត្តតាកែវ​ ខេត្តកំពង់ឆ្នាំង​ ខេត្តកំពង់ចាម​ ខេត្តកំពង់ស្ពឺ​ ខេត្តព្រៃវែង​ និង​ខេត្តកណ្តាល​ ដែល​មូលហេតុ​បណ្តាល​មក​ពី​ការ​ធ្វេសប្រហែស​នៅ​ពេល​បើកបរ​ និង​កំហុស​លក្ខណៈ​បច្ចេកទេស​យានយន្ត​។

​បើ​តាម​លោក​រដ្ឋមន្ត្រី​អំពាវនាវ​អ្នក​បើករថយន្ត​ដឹក​កម្មករ​គោរព​ច្បាប់​ចរាចរណ៍​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពេល​បើកបរ​ដោយ​ពិនិត្យ​បច្ចេកទេស​យានយន្ត​មុន​ពេល​ចេញដំណើរ​និង​បើកបរ​ត្រូវ​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​៕

Share

Image
Image
Image