en     km
en     km

ក្រសួង​ការងារ​ថា​ នឹង​ប្រើ​រូបមន្ត​ដែល​បាន​អនុម័ត​កាលពី​ ២០១៤​ ដើម្បី​កំណត់​ប្រាក់ខែ​កម្មករ​

Share

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​សុក្រ​ ទី​ ១៨​ ខែកញ្ញា​នេះ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ថា​ ការ​កំណត់​ប្រាក់ខែ​របស់​កម្មករ​ចាប់ពី​ឆ្នាំ​នេះ​តទៅ​នឹង​ឈរ​លើ​រូបមន្ត​ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​ ២០១៤​ កន្លង​មក​។​ ប៉ុន្តែ​ខាង​សហជីព​មួយ​យល់​ថា​ ការ​កំណត់​ប្រាក់ខែ​គោល​របស់​កម្មករ​ ត្រូវ​តែ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ស្រាវជ្រាវ​ថ្មី​ មិន​អាច​ប្រើ​មូលដ្ឋាន​ចាស់​បាន​នោះ​ទេ​។​

​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឲ្យ​ដឹង​ថា​ ក្រសួង​នេះ​នឹង​រៀបចំ​សិក្ខាសាលា​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​យន្តការ​ និង​លក្ខណៈ​វិនិច្ឆ័យ​ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​។​

150918-dara-news-01 (2)

​យោងសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ចុះ​ថ្ងៃ​ទី​ ១៧​ ខែកញ្ញា​ ឆ្នាំ​ ២០១៥​ បញ្ជាក់​ថា​ សិក្ខាសាលា​នោះ​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​ ២២​ ខែកញ្ញា​ ឆ្នាំ​ ២០១៥​ វេលា​ម៉ោង​ ៨​ និង ​៣០​ នាទី​ព្រឹក​ នៅ​ទីស្ដីការក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​ សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា​ គោលបំណង​នៃ​ការ​រៀបចំ​សិក្ខាសាលា​នេះ​ គឺ​ដើម្បី​ផ្ដល់​ឱកាស​ដល់​សាធារណជន​ អ្នក​សារព័ត៌មាន​ និង​អ្នក​ស្រាវជ្រាវ​នានា​ ឲ្យ​កាន់តែ​យល់​ច្បាស់​អំពី​យន្តការ​ និង​លក្ខណ​វិនិច្ឆ័យ​ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បរ​មា​នៅ​កម្ពុជា​ ដែល​គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​តាម​រយៈ​កិច្ចប្រជុំ​លើក​ទី​ ៧​ នៃ​អាណត្តិ​ទី​ ៨​ នា​ថ្ងៃ​ទី​ ១៦​ ខែមិថុនា​ ឆ្នាំ​ ២០១៤​ កន្លង​មក​។​

​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក​ ហេង​ សួរ​ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​សុក្រ​ ទី​ ១៨​ ខែកញ្ញា​នេះ​ថា​ សិក្ខាសាលា​នោះ​ គឺ​ធ្វើ​ដើម្បី​ពន្យល់​អំពី​លក្ខណ​វិនិច្ឆ័យ​ ដែល​ក្រសួង​បាន​អនុម័ត​លើ​រូបមន្ត​ក្នុង​ការ​កំណត់​ប្រាក់ខែ​របស់​កម្មករ​។​ លោក​ថា​ ដោយសារ​មាន​រូបមន្ត​នោះ​ហើយ​ ទើប​កាលពី​ឆ្នាំ​កន្លង​ទៅ​ ក្រសួង​អាច​គណនា​ប្រាក់ខែ​របស់​កម្មករ​បាន​។​ លោក​មាន​ប្រសាសន៍​ថា​៖​ «​ដោយសារ​មាន​រូបមន្ត​ហ្នឹងហើយ​ បាន​គេ​គណនា​ប្រាក់ខែ​ឃើញ​កាលពី​ឆ្នាំទៅ​ ហើយ​រូបមន្ត​ដដែល​ហ្នឹង​ គឺ​នឹង​អនុវត្ត​ជា​រៀង​រាល់​ឆ្នាំ​»​។

150918-dara-news-pix2ទាក់ទង​នឹង​ការ​លើក​ខាងលើ​នេះ​ ប្រធាន​សហព័ន្ធ​ សហជីព​កម្មករ​ ចំណីអាហារ​ និង​សេវាកម្ម​កម្ពុជា​ លោក​ ស​ មូរ៉ា​ មាន​ប្រសាសន៍​ថា​ ការ​កំណត់​ប្រាក់ខែ​កម្មករ​ គឺ​ត្រូវ​ឈរ​លើ​ទិន្នន័យ​ជាក់ស្ដែង​ ប៉ុន្តែ​កន្លង​មក​ទាំង​ក្រសួង​ការងារ​ ទាំង​និយោជក​ មិន​បាន​ឈរ​លើ​មូលដ្ឋាន​ ដែល​កម្មករនិយោជិត​ទទួលយក​បាន​នោះ​ទេ​។​ លោក​មាន​ប្រសាសន៍​ថា​៖​ «​យើង​មិន​ត្រឹមតែ​គិត​ទៅ​លើ​តែ​ផលិតភាព​ យើង​មិន​គិត​ទេ​ ប៉ុន្តែ​យើង​ត្រូវ​គិត​អំពី​ស្ថានភាព​សេដ្ឋកិច្ច​ មាន​ន័យ​ថា​ ការ​រស់នៅ​ជាក់ស្ដែង​របស់​កម្មករនិយោជិត​ តើ​គាត់​ត្រូវ​ចំណាយ​ប៉ុន្មាន​ ហើយ​មក​ដល់​ពេល​នេះ​ យើង​ឃើញ​ហើយ​ថា​ ជា​ការ​សិក្សា​ស្រាវជ្រាវ​ យើង​ឃើញ​រហូត​ដល់​២០៧​ដុល្លារ​ ដែល​ជា​កម្រិត​នៃ​ការ​ចំណាយ​ប្រចាំ​របស់​ពួក​គាត់​ ។​ អ៊‌ីចឹង​អាហ្នឹង​ ដែល​យើង​ធ្វើការ​ យើង​ប្រើ​មូលដ្ឋាន​ យើង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​»​។​

​លោក​ ស​ មូរ៉ា​ បន្ថែម​ថា​ ទាំង​សហជីព​ ទាំង​ក្រសួង​ ព្រមទាំង​និយោជក​ ត្រូវ​សិក្សា​ស្រាវជ្រាវ​ ដើម្បី​យក​ទិន្នន័យ​ដែល​បាន​រក​ឃើញ​រៀងខ្លួន​នោះ​ មក​ផ្ទៀងផ្ទាត់​គ្នា​ រក​ការ​ព្រមព្រៀង​មួយ​ ដើម្បី​ធ្វើ​សេចក្ដីសម្រេច​ទៅ​លើ​ប្រាក់​ឈ្នួល​របស់​កម្មករ​។​ ប៉ុន្តែ​លោក​បន្ត​ថា​ មក​ដល់​ពេល​នេះ​ ខាង​សហជីព​មាន​ទិន្នន័យ​សិក្សា​ស្រាវជ្រាវ​អំពី​ស្ថានភាព​របស់​កម្មករ​ក្នុង​ការ​ចំណាយ​ជាក់ស្ដែង​ ផ្ទុយ​ទៅ​វិញ​ក្រសួង​និង​និយោជក​ បែរជា​មិន​ទាន់​បាន​បង្ហាញ​ទិន្នន័យ​សិក្សា​ស្រាវជ្រាវ​របស់​ខ្លួន​ឲ្យ​ប្រាកដប្រជា​នោះ​ទេ​។​

​សូម​រំឭក​ថា​ នៅ​ឆ្នាំ​ ២០១៥​ នេះ​ រដ្ឋាភិបាល​បាន​កំណត់​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​ចំនួន​ ១២៨​ ដុល្លារ​ក្នុង​មួយ​ខែ​។​ ប៉ុន្តែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ ឃើញ​ថា​តម្រូវការ​របស់​កម្មករ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​គឺ​មាន​រហូត​ដល់​ ២០៧​ ដុល្លារ​ក្នុង​មួយ​ខែ​។​ យ៉ាងនេះ​ក្ដី​ រហូត​មក​ដល់​ពេល​នេះ​ រវាង​រដ្ឋាភិបាល​ និង​សហជីព​ នៅ​មិន​ទាន់​ឯកភាព​គ្នា​លើ​ការ​កំណត់​ប្រាក់ខែ​គោល​របស់​កម្មករ​នៅឡើយ​ទេ​។​ កាលពីដើម​ខែកក្កដា​ ឆ្នាំ​ ២០១៥​ នេះ​ ដោយ​មាន​កិច្ចសហការ​ពី​អង្គការ​អាយ​ឡូ​អន្តរជាតិ​ ក្រុម​សហជីព​ជាង​ ២០​ បាន​ធ្វើការ​គណនា​មួយ​រក​ឃើញ​ថា​ ប្រាក់ខែ​កម្មករ​សម្រាប់​ឆ្នាំ​ ២០១៦​ ខាង​មុខ​នេះ​ នឹង​ទទួល​បាន​លើស​ពី​ ១៧៧​ដុល្លារ​ដូចដែល​សហជីព​ និង​កម្មករ​ ធ្លាប់​ទាមទារ​កន្លង​មក​ ៕​

Share

Image
Image
Image