en     km
en     km

ក្រសួងសុខាភិបាល​ រៀបចំ​យុទ្ធនាការ​បញ្ជ្រាប​ការ​យល់​ដឹង​ពី​ការ​កាត់​បន្ថយ​បរិភោគ​ភេសជ្ជៈ​ផ្អែម​

Share

ភ្នំពេញ​ ៖​ លេខាធិការដ្ឋាន​សុខុមាលភាព​រាជធានី​ភ្នំពេញ​ បាន​រៀបចំ​ប្រជុំ​ពិភាក្សា​រៀបចំ​យុទ្ធនាការ​បញ្ជ្រាប​ការ​យល់​ដឹង​ពី​ការ​កាត់​បន្ថយ​បរិភោគ​ភេសជ្ជៈ​ផ្អែម​នៅ​រាជធានី​ភ្នំពេញ​។​ យុទ្ធនាការ​នេះ​ នឹង​ចាប់ផ្ដើម​រយៈពេល​ ១​ខែ​ ហើយ​មានការ​ចូលរួម​ពី​នាយក​ នាយិការ​ សាលា​បឋម​សិក្សា​ អនុ​វិទ្យា​ ទាំង​រដ្ឋ​ និង​ឯកជន​ ក៏​ដូច​ជាម​ន្ដ្រី​ខណ្ឌ​ នៅ​រាជធានី​ភ្នំពេញ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ការ​បរិភោគ​ភេសជ្ជៈ​ និង​អាហារ​ផ្សេងៗ​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង​ នឹង​បណ្ដាល​ឲ្យ​មនុស្ស​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​ដោយ​មិនដឹង​ខ្លួន​។​ ក្រសួងសុខាភិបាល​រក​ឃើញ​ថា​ បច្ចុប្បន្ន​នេះ​ ការ​ទទួលទាន​ភេសជ្ជៈ​ដែល​មាន​រស់ជាតិ​ផ្អែម​គឺ​កាន់តែ​ពេញ​និយម​ ដែល​ជា​កង្វល់​ដ៏​ធំ​មួយ​របស់​ក្រសួង​ ចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ​។​ ដោយសារ​ករណី​នេះ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ ដោយ​មិនដឹង​ខ្លួន​ ពីព្រោះ​ជំងឺ​នេះ​ បាន​សំងំ​នៅ​ក្នុង​ខ្លួន​មនុស្ស​ហើយ​បង្ក​ផល​ប៉ះពាល់​តិច​តូច​បំផុត​ ក៏​ប៉ុន្ដែ​កាលណា​វា​នៅ​បាន​រយៈពេល​កាន់តែ​យូរ​ វា​នឹង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​ដល់​សុខភាព​។​

​ក្រោយ​ពី​មើលឃើញ​ហានិភ័យ​ដ៏​គ្រោះថ្នាក់​នេះ​ហើយ​ ទើប​ក្រសួងសុខាភិបាល​ រៀបចំ​ឲ្យ​មាន​យុទ្ធនាការ​បញ្ជ្រាប​ការ​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ រំពឹង​ថា​ ពលរដ្ឋ​នឹង​មាន​យល់​ដឹង​ ហើយនឹង​កាត់​បន្ថយ​យ៉ាងច្រើន​បំផុត​ក្នុង​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​។​

​លោក​វេជ្ជបណ្ឌិត​ ងី​ មាន​ហេង​ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ក្រសួង​បាន​រៀបចំ​កិច្ចប្រជុំ​ពិ​ភក្សា​ពី​យុទ្ធនាការ​ហើយ​ ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ដំណើរការ​យុទ្ធនាការ​រយៈពេល​ ១​ខែ​ ចាប់ពី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។​ លោក​បន្ដ​ថា​ អំឡុង​នៃ​យុទ្ធនាការ​នេះ​ ក្រសួងសុខាភិបាល​នឹង​រៀបចំ​សិក្ខាសាលា​ចំនួន​ ០៧​ លើក​ ដែល​មានការ​អ​ញ្ញើញ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ រួម​ជាមួយ​នាយក​ នាយិកា​ សាលា​បឋម​សិក្សា​ អនុ​វិទ្យាល័យ​ ទាំង​រដ្ឋ​ និង​ឯកជន​ រួម​ទាំង​មន្ដ្រី​ នៃ​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​។​ យុទ្ធនាការ​នេះ​ គឺ​ចាប់ផ្ដើម​ជា​លើក​ដំបូង​ ក្នុង​ទ្រង់ទ្រាយ​ធំ​ ក៏​ប៉ុន្ដែ​ធ្វើ​ឡើង​តែ​ក្នុង​រាជធានី​ភ្នំពេញ​តែ​ប៉ុណ្ណោះ​ ៖«​យើង​ធ្វើ​ជា​សិក្ខាសាលា​ ០៧​ដង​ក្នុង​រយៈពេល​មួយ​ខែ​ហ្នឹង​ ដោយ​អញ្ជើញ​នាយក​ ឬ​ក៏​នាយិកា​ សាលា​បឋម​សិក្សា​ អនុ​វិទ្យាល័យ​អី​ទាំង​ឯកជន​ និង​រដ្ឋ​នៅ​នឹង​ភ្នំពេញ​នេះ​ ជា​ពិសេស​ខណ្ឌ​៤​នៅ​រាជធានី​ភ្នំពេញ​»​។​

​លោក​វេជ្ជបណ្ឌិត​បន្ដ​ថា​ យោង​តាម​ការ​សង្កេត​មើល​របស់​ក្រសួង​ឃើញ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​នៅឡើយ​ ដែល​មិន​ទាន់​បាន​យល់​ច្បាស់​ពី​ការ​បង្ការ​ ជំងឺ​ទឹកនោមផ្អែម​។​ តែ​យ៉ាងណា​លោក​រំពឹង​ថា​ តាម​រយៈ​យុទ្ធនាការ​បញ្ជ្រាប​ការ​ទទួលទាន​ភេសជ្ជៈ​ផ្អែម​នេះ​ ប្រជា​ព​រដ្ឋ​នៅ​រាជធានី​ នឹង​មានការ​យល់​ដឹង​ពី​គ្រោះថ្នាក់​ ហើយ​បង្ការ​ខ្លួន​បាន​កាន់តែ​ប្រសើរ​ ព្រោះ​ភេសជ្ជៈ​ផ្អែម​នឹង​ធ្វើ​ឲ្យ​មនុស្ស​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​ ធាត់​ និង​ឈឺបេះដូង​ជាដើម​ ៖«​បញ្ជ្រាប​ការ​យល់​ដឹង​ពី​ការ​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ តែ​កាលណា​យើង​ញ៉ាំ​ច្រើន​ទៅ​វា​ប្រឈម​មុខ​នឹង​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ ធាត់​ និង​ឈឺ​ដល់​បេះដូង​អី​អ​ញ្ចឹ​ង​ទៅ​»​។​

​ជំងឺ​ទឹកនោមផ្អែម​ គឺជា​ការ​រុករាន​ និង​ការ​ប្រែប្រួល​កម្រិត​ជាតិ​ស្ករ​ នៅ​ក្នុង​ឈាម​របស់​មនុស្ស​។​ ជំងឺ​ទឹកនោមផ្អែម​មាន​ច្រើន​ប្រភេទ​ តែ​ជំងឺ​ទឹកនោមផ្អែម​ដែល​យើង​ជួប​ប្រទះ​ច្រើន​ជាងគេ​នៅ​ពេល​បច្ចុប្បន្ន​ គឺ​មាន​តែ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ តែ​ប៉ុណ្ណោះ​ ដែល​មាន​ប្រហែល​ជាង​ ៩០​ភាគរយ​ នៃ​ជំងឺ​ទឹកនោមផ្អែម​ទាំងអស់​។​ បន្ទាប់​ពី​នេះ​ មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​ ដែល​មាន​ប្រហែល​ ១​ ទៅ​ ១០​ភាគរយ​ នៃ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ទាំងអស់​។​

​យោង​តាម​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ កើត​មាន​ភាគច្រើន​លើសលប់​លើ​មនុស្ស​ធំ​ពេញវ័យ​ដោយ​ស្ងប់​ស្ថា​ត់​បំផុត​ និង​ដោយ​ប្រើ​ពេលវេលា​ច្រើន​ឆ្នាំ​ បន្ដិច​ម្ដងៗ​ ដោយ​មិន​មាន​ស្ដែង​ចេញ​ជា​រោគ​សញ្ញា​អ្វី​ទាំងអស់​។​ ក៏​ប៉ុន្ដែ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ ដែល​ពលរដ្ឋ​គួរតែ​កត់សម្គាល់​ដែល​មាន​ដូច​ជា​ វិលមុខ​ អស់កម្លាំង​ នោម​ច្រើន​ ស្រវាំងភ្នែក​ និង​ហឹ​ង​ត្រចៀក​ជាដើម​។​ ក៏​ប៉ុន្ដែ​ក្នុង​ករណី​ដែល​ធ្វើ​រោគវិនិច្ឆ័យ​ និង​ធ្វើការ​ព្យាបាល​ យឺត​មិន​ទាន់​ពេលវេលា​ និង​ទុក​បណ្ដោយ​ឲ្យ​មាន​ផល​ប៉ះពាល់​រហូត​ដល់​ពិការ​ភាព​ នោះ​អាច​នឹង​មាន​ហានិភ័យ​ដល់​អាយុជីវិត​។​

​បន្ថែម​ពី​នេះ​មន្ទីរ​សុខាភិបាល​បញ្ជាក់​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ គឺ​នៅ​ពេល​ដែល​ រាង​ការយ​មនុស្ស​ មិន​អាច​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព​ដូច​ធម្មតា​នូវ​អ័រម៉ូន​ឈ្មោះ​អាំង​ស៊ុ​យ​លី​ន​។​ អាំង​ស៊ុ​យ​លី​ន​ ជា​អ័រម៉ូន​សំខាន់​តែ​មួយ​គត់​ក្នុង​ខ្លួន​មនុស្ស​យើង​ មាន​ភារកិច្ច​ដឹកនាំ​ជាតិ​ស្ករ​យក​ទៅ​ប្រើប្រាស់​នៅ​គ្រប់​កោសិការ​ នៃ​កាយ​ទាំងមូល​ ដើម្បី​បំ​លែង​ទៅ​ជា​ប្រភព​ថាមពល​ អាច​ឲ្យ​ជីវិត​រស់នៅ​បាន​។​ ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ ឬ​ហៅ​ថា​ ទឹក​នោ​ន​ផ្អែម​ គឺ​មាន​ន័យ​ថា​ ឬ​មួយ​មាន​អាំង​ស៊ុ​យ​លី​ន​ គ្រប់​គ្រាន់តែ​គ្មាន​ប្រសិទ្ធិ​ភាព​ ឬ​មួយ​មាន​អាំង​ស៊ុ​យ​លី​ន​មាន​ប្រសិទ្ធិ​ភាព​ តែ​បរិមាណ​មិន​គ្រប់គ្រាន់​ ឬ​មួយ​មាន​បញ្ហា​ទាំង​ពីរ​ (​ដែល​ជា​ករណី​ទូទៅ​ភាគច្រើន​)​។​

​មន្ទីរ​សុខាភិបាល​រាជធានី​ សង្កត់ធ្ងន់​ថា​ ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ គឺជា​ក្ដី​កង្វល់​ចម្បង​របស់​វិ​ជ្ជ​សាស្ដ្រ​នា​ពេល​បច្ចុប្បន្ន​នេះ​។​ បញ្ហា​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​តែ​មួយ​មុខ​ នឹង​នាំ​ទៅ​ដល់​ផល​ប៉ះពាល់​ស្ទើរ​គ្រប់​សរីរាង្គ​ទាំងអស់​ ដែល​អាច​នាំ​ឲ្យ​ទៅ​ដល់​ពិការ​ភាព​ និង​បាត់បង់​អាយុជីវិត​ ក្នុង​ករណី​ដែល​មិន​បាន​ព្យាបាល​ត្រឹមត្រូវ​ និង​ឲ្យ​ទាន់​ពេលវេលា​។​ ជំងឺ​ទឹកនោមផ្អែម​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដូច​ជា​ ៖​ ប៉ះពាល់​បណ្ដាល​ឲ្យ​ខ្សោយតម្រងនោម​ ការ​ខូច​សាច់ដុំ​បេះដូង​ បណ្ដាល​មក​ពី​ស្ទះ​សរសៃឈាម​បេះដូង​ ដាច់​ ឬ​ស្ទះ​សរសៃឈាម​ខួរក្បាល​ ពិការ​ភ្នែក​ និង​បាត់បង់​ការ​ដឹង​ប្រព័ន្ធ​ប្រសាទ​អវៈយវៈ​ ដែល​នាំ​ដល់​ការ​ងាយ​មាន​របួស​ជើង​ និង​ការ​វះកាត់​ជើង​។​

​តែ​យ៉ាងណា​មន្ទីរ​សុខាភិបាល​រាជធានី​ ក៏​មាន​វិធីសាស្ដ្រ​មួយ​ចំនួន​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ខ្លះ​ដែរ​ ដើម្បី​ធានា​នូវ​សុខភាព​ឲ្យ​ដំណើរការ​ជា​ប្រក្រតី​ ប្រសិនបើ​អនុវត្ដ​តាម​វិធី​ទាំងនោះ​។​ ប្រជាពលរដ្ឋ​ដែល​ដឹង​ថា​ខ្លួន​មាន​ជំងឺ​ទឹកនោមផ្អែម​ ត្រូវ​ហាត់ប្រាណ​យ៉ាងតិច​ ៣០​នាទី​ ទៅ​ ៤៥​នាទី​ក្នុង​មួយ​ថ្ងៃ​ (​ក្នុង​ពេល​តែ​ម្ដង​ ឬ​ចែក​ជា​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​)​។​ ត្រូវ​បរិភោគ​អាហារ​មួយ​ថ្ងៃ​យ៉ាងតិច​ ៣​ដង​ និង​ទៀងពេល​វេលា​ ដោយ​មាន​បន្លែ​ចម្រុះ​ជាមួយ​ពេល​អាហារ​នីមួយៗ​។​ ត្រូវ​កាត់​បន្ថយ​គ្រឿង​ស្រវឹង​ឲ្យ​បាន​ច្រើន​បំផុត​ ឈប់​ពិសា​បារី​ ជៀសវាង​អាហារ​ប្រៃ​ខ្លាំង​ឲ្យ​បាន​ច្រើន​ កាត់​បន្ថយ​អាហារ​មាន​កាឡូរី​ខ្ពស់​ ដែល​មាន​មក​ពី​ប្រភព​ស្ករ​ ខ្លាញ់​ និង​សាច់​ក្រហម​ (​សាច់​គោ​ សាច់​ជ្រូ​)​។​ លើស​ពី​នេះ​ គឺ​ត្រូវ​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​បំផុត​ស្ថានភាព​តានតឹង​អារម្មណ៍​ ព្រោះ​នេះ​ជា​មូលហេតុ​ចម្បង​នាំ​មក​ដល់​វិបត្ដិ​មេតា​បូ​លិ​ក​។​

​មន្ទីរ​សុខាភិបាល​រាជធានី​ បញ្ជាក់​ថា​ គឺជា​ការ​ប្រសើរ​បំផុត​ ដែល​ប្រជាពលរដ្ឋ​ព្យាយាម​កាត់​បន្ថយ​ភេសជ្ជៈ​ និង​អាហារ​ផ្សេងៗ​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ ហើយ​បាន​ទៅ​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​ដើម្បី​មើល​ថា​ តើ​ម្នាក់ៗ​កំពុង​តែ​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​ឬ​ក៏​យ៉ាងណា​៕

Share

Image
Image
Image