en     km
en     km

ក្រសួងសុខាភិបាល​ បន្ត​ជំរុញ​ឲ្យ​ម្តាយ​បំបៅ​ដោះ​កូន​ ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​ (មានសំឡេង)

Share

​ភ្នំពេញ​៖​ មន្ត្រី​ក្រសួងសុខាភិបាល​ជំរុញ​ឲ្យ​ស្ត្រី​ជា​ម្តាយ​បំបៅ​ដោះ​កូន​ ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​ ក្នុង​រយៈពេល​ ៦​ ខែ​ ចាប់ពី​ទារក​កើត​ ដើម្បី​ផ្តល់​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ដល់​ទារក​ និង​កុមារ​ក្នុង​ការ​លូតលាស់​ប្រាជ្ញា​ ស្មារតី​ល្អ​។​ ការ​បំបៅ​ដោះ​ទារក​ និង​កុមារ​ដោយ​ទឹកដោះ​ម្តាយ​អាច​ការពារ​ មរណភាព​ទារក​ប្រមាណ​២០​ភាគរយ​។​

woman-milk
ការ​ជំរុញ​ដូចនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ អ្នក​សារព័ត៌មាន​ស្តី​អំពី​ការ​ចិញ្ចឹម​ទារក​ និង​កុមារ​តាម​ អនុក្រឹត្យ​លេខ​ ១៣៣​ និង​ការ​រាយការណ៍​ ប្រកបដោយ​ប្រសិទ្ធភាព​ នៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ២០​ ខែ​ តុលា​នេះ​។​  លោក​ ធូ​ វិ​រៈ​ រាយការណ៍​៖

 

​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​ តែ​មួយ​មុខ​គត់​គឺ​ត្រូវធ្វើ​ឡើង​ភ្លាមៗ​ អំឡុង​ពេល​ម៉ោង​ដំបូង​ បន្ទាប់​ពី​សម្រាល​រួច​ហើយ​មាន​រយៈពេល​ ៦​ខែ​ ដំបូង​នៃ​ជីវិត​កុមារ​ ឬ​យ៉ាង​ហោច​ណាស់​រហូត​ដល់​កុមារ​អាយុ​ ២​ ឆ្នាំ​ ឬ​លើស​ពី​នេះ​។​

​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹ​ម្តាយ​តែ​មួយ​មុខ​នេះ​គឺ​វា​ បាន​ផ្តល់​សារធាតុចិញ្ចឹម​ និង​ជាតិ​ទឹក​គ្រប់គ្រាន់​ដែល​កុមារ​ត្រូវការ​ ព្រោះ​ទឹកដោះ​ម្តាយ​គឺជា​ អាហារ​ និង​ភេសជ្ជៈ​ ដ៏​ប្រសើរ​បំផុត​សម្រាប់​កុមារ​។​ សារធាតុចិញ្ចឹម​នៅ​ ក្នុង​ទឹកដោះ​ផ្ទុក​ទៅ​ដោយ​កោសិកា​រស់​ អង្គ​ប​ដិ​ក្ខ​ប្រាណ​ អង់​ស្ស៊ី​ម​ កត្តា​ភាព​សុំា​សម្រាប់​ជួយ​ជំរុញ​ក្នុង​ ការពារ​ជំងឺ​ ដូច​ជា​ ជ​ម្អឺ​រាករូស​ រលាក​សួត​ ជាដើម​។​

​លោក​ ស្រី​ វេជ្ជបណ្ឌិត​ ជា​ ម៉ា​រី​ អនុប្រធាន​កម្មវិធី​អាហារូបត្ថម្ភ​ នៃ​ក្រសួងសុខាភិបាល​ បាន​លើក​ឡើង​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ ថា​ ទារក​ ដែល​បាន​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រយៈពេល​ ៦​ ខែ​ ជួយ​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​ជ​ម្អឺ​រាករូស​ បាន​ ១១​ ដង​ និង​ជ​ម្អឺ​ រលាក​សួត​ បាន​ចំនួន​ ១៥​ ដង​។​

​លោកស្រី​ វេជ្ជបណ្ឌិត​ ម៉ា​រី​ បន្ត​ថា​ ប្រទេស​កម្ពុជា​ខាតបង់​ ២៤​ លាន​ដុល្លា​អា​មេ​រិ​ក​ ជា​រៀង​រាល់​ឆ្នាំ​ ដោយសារ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​ មិន​ពេញលេញ​ ហើយ​ជា​មធ្យម​គ្រួសារ​ចំណាយ​ប្រាក់​ ២៦.៧​ ភាគរយ​ នៃ​ប្រាក់​ចំណូល​សរុប​ប្រចាំខែ​សម្រាប់​ទិញ​ម្សៅ​ទឹកដោះគោ​ផ្សំ​តាម​រូបមន្ត​។

​លោកស្រី​ វេជ្ជបណ្ឌិត​ ម៉ា​រី​៖«​ជាម​ធ្ប​ម​គ្រួសារ​មួយៗ​ បើសិនជា​គាត់​ឲ្យ​បៅដោះ​ អត់​ចំណាយ​លុយ​២៦.៧​ ភាគរយ​ វា​សន្សំ​សំចៃ​លុយ​នៅ​ក្នុង​គ្រួសារ​យើង​ទៀត​»​

​ចំណែក​ លោកស្រី​វេជ្ជបណ្ឌិត​ ប្រាក់​ សោភ័ណ​នារី​ ប្រធាន​កម្មវិធី​អាហារូបត្ថម្ភ​  បាន​ធ្វើ​បទ​បង្ហាញ​ថា​ ហានិភ័យ​ នៃ​ការ​ចិញ្ចឹម​កូន​ដោយ​ ទឹកដោះ​សិប្បនិម្មិត​ បាន​បង្ក​ឲ្យ​ទារក​ និង​កុមារ​ខ្វះ​អាហារូបត្ថម្ភ​ខ្ពស់​ អាច​មាន​ជម្ងឺ​ផ្លូវដង្ហើម​ រលាក​ក្រពះ​ និង​ពោះវៀន​ ជាដើម​។​ ពិសេស​ស្ត្រី​ជា​ម្តាយ​អាច​ប្រឈម​នឹង​ជ​ម្អឺ​មហារីក​សុដន​ និង​មហារីក​ស្បូន​។​

​លោកស្រី​វេជ្ជបណ្ឌិត​ បញ្ជាក់​ថា​ ទឹកដោះគោ​ម្សៅ​ មិនមែន​ជា​ផលិតផល​ដែល​ ត្រូវ​បាន​រំងាប់​រួចរាល់​នោះ​ទេ​ ព្រោះ​ផលិតផល​ទាំងនោះ​អាច​ប្រឡាក់​ លាយឡំ​ មេរោគ​ពោះវៀន​ ឈ្មោះ​ថា​ សា​កា​សា​គី​ តាំងនៅ​ក្នុង​រោងចក្រ​មក​ម្ល៉េះ​។​

​លោកស្រី​វេជ្ជបណ្ឌិត​ បន្ថែម​ថា​ ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ​មាន​ ដប​បំបៅ​ ក្បាលដោះ​ជ័រ​ និង​គ្រឿង​សម្រាប់​ទារក​ ជញ្ជក់​លេង​ភាគច្រើន​ មាន​សារធាតុ​គីមី​មួយ​ ជួយ​បង្កើន​កម្លាំង​ក្រុម​មហារីក​ និង​ ជាតិ​នី​ត្រូ​សា​ម៉ី​ន​។

​លោកស្រី​វេជ្ជបណ្ឌិត​ សោភ័ណ​នារី​៖«​សូ​ម្បី​តែ​ប្រភេទ​ដប​បំបៅ​ក្បាលដោះ​ជ័រ​ ឬ​គ្រឿង​ជញ្ជក់​លេង​ទាំង​អស់នេះ​ក៏​យើង​ហាម​ ដោយសារ​ក្បាលដោះ​ជ័រ​មាន​ជាតិ​នី​ត្រូ​សា​ម៉ី​ន​ដែល​ជា​ជាតិ​គីមី​ជួយ​បង្កើន​កម្លាំង​ជាតិ​មហារីក​»​។​

​លោក​  Keith​ Porter​ នាយក​ប្រតិបត្តិ​អង្គការ​ ហេ​ឡែ​ន​ ខេ​ល​ល័​រ​ អន្តរជាតិ​ថ្លែង​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ ដែរ​ថា​ ការ​ចិញ្ចឹម​ទារក​ និង​កុមារ​មិន​ពេញលេញ​ បណ្តាល​ឲ្យ​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ ជា​កត្តា​រួមចំណែក​ជាង​ពាក់កណ្តាល​ទៅ​លើ​មរណភាព​កុមារ​។​ លោក​ថា​ ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រហូត​ដល់​ ២​ ឆ្នាំ​ ឬ​ លើស​ពី​នេះ​ អាច​ធ្វើ​ឲ្យ​កុមារ​លូតលាស់​បាន​យ៉ាង​ល្អ​ បង្កើន​សតិបញ្ញា​ស្មារតី​ លទ្ធផល​នៃ​ការ​សិក្សា​ល្អ​នៅ​សាលារៀន​  និង​សមត្ថភាព​រក​ប្រាក់​ចំណូល​ខ្ពស់​នៅ​ពេល​អនាគត​។​

​លោក​  Keith​ Porter​ បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​ បាន​ខាតបង់​ប្រមាណ​ ២៥០​ លាន​ដុល្លា​អា​មេ​រិ​ក​ ដោយ​ក្នុង​ ១​ ឆ្នាំ​ ដោយសារ​កង្វះ​អាហារូបត្ថម្ភ​។​

​កាលពី​ថ្ងៃ​ទី​ ១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៥​ រាជរដ្ឋាភិបាល​បាន​អនុម័ត​អនុក្រឹត្យ​លេខ​ ១៣៣​ មាន​៩​ជំពូក​ និង​ ២២​ មាត្រា​ ក្នុង​គោលបំណង​ រួម​ចំណេ​ក​ក្នុង​ការ​ផ្តល់​អាហារូបត្ថម្ភ​ ឲ្យ​បាន​សព្វគ្រប់​ និង​មាន​សុវត្ថិភាព​ដល់​ទារក​ និង​កុមារ​តូច​ តាម​រយៈ​ការ​គាំពារ​ និង​លើកកម្ពស់​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​។​

​អនុក្រឹត្យ​យ​លេខ​១៣៣​ នេះ​ក៏​បាន​ជំរុញ​លើកទឹកចិត្ត​ ឲ្យ​មានការ​ផ្តល់​អាហារ​ បន្ថែម​ត្រឹមត្រូវ​ និង​សម​ស្រប​តាម​ អាយុ​កំណត់​របស់​ទារក​ និង​កុមារ​ ដើម្បី​ធានា​ក្នុង​ការ​ប្រើប្រាស់​ សម​ស្រប​នូវ​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​ តែ​នៅ​ពេល​ដែល​ចាំបាច់​ និង​ដោយ​មាន​មូលដ្ឋាន​ព័ត៌មាន​គ្រប់គ្រាន់​។​

​នៅ​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​អនុក្រឹត្យ​នេះ​ គឺ​បាន​ដាក់​កម្រិត​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​អប់រំ​ នៃ​សម្ភារៈ​ទាក់​ ទង​នឹង​ការ​ចិញ្ចឹម​ទារក​ និង​កុមារ​ និង​ស្លាក​សញ្ញា​ផលិតផល​ ដែល​មា​នក​ល្ខ​ណៈ​បំ​ភ្លើ​ស​ខុស​ពី​ការ​ពិត​៕

Share

Image
Image
Image