en     km
en     km

ក្រសួងសុខាភិបាល​ពង្រឹង​វិធានការ​បង្ការ​ការពារ​ជំងឺ​អេ​បូ​ឡា​ក្រោយ​ផ្ទុះ​ជា​ថ្មី​ក្នុង​ទ្វីប​អា​ហ្រិ្វ​ក​

Share

​ភ្នំពេញ​៖​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​ចាត់វិធានការ​បង្ការ​ការពារ​ចំពោះ​ការ​រាតត្បាត​ជំងឺ​អេ​បូ​ឡា​ពី​តំបន់​ទ្វីបអាហ្វ្រិក​តាម​រយៈ​អ្នកដំណើរ​មក​ពី​អាហ្វ្រិក​មក​កម្ពុជា​ ក្រោយ​ពី​ការ​ផ្ទុះ​ឡើង​វិញ​ថ្មី​នៃ​ជំងឺ​អេ​បូ​ឡា​សម្លាប់​មនុស្ស​យ៉ាងតិច​៤៤​នាក់​។​ ជំងឺ​អេ​បូ​ឡា​ពុំ​ទាន់​កើត​មាននៅ​កម្ពុជា​នោះ​ទេ​ រហូត​មក​ដល់​ពេល​នេះ​។​


​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​(CDC)​ ឲ្យ​ដឹង​ថា​ ជំងឺ​អេ​បូ​ឡា​កំពុង​រាតត្បាត​ឡើង​វិញ​ជា​ថ្មី​នៅ​ប្រទេស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ក្នុង​ទ្វីបអាហ្វ្រិក​ នៅ​ពាក់កណ្តាល​ខែសីហា​នេះ​ មាន​អ្នកជំងឺ​កើនឡើង​រហូត​ដល់​ ៧៨​នាក់​។​ ក្នុង​នោះ​ស្លាប់​ ៤៤​ នាក់​ ដែល​ក្នុង​ចំណោម​នោះ​ ១០​ នាក់​ជា​បុគ្គលិក​សុខាភិបាល​។​នេះ​បើ​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​កម្ពុជា​។​

​លោក​វេជ្ជបណ្ឌិត​ លី​ សូ​វណ្ណ​ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ ឱ្យ​ដឹង​ថា​ ក្រោយ​ពី​អង្គការ​សុខភាព​ពិភព លោក​ផ្តល់​របាយការណ៍​ស្តី​ពី​ការ​ផ្ទុះ​ឡើង​វិញ​ជំងឺ​អេ​បូ​ឡា​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​ចាត់វិធានការ​បង្ការ​ការពារ​ ដើម្បី​ត្រៀម​ឆ្លើយ​តប​ចំពោះ​ជំងឺ​អេ​បូ​ឡា​។​ វិធានការ​ទាំងនោះរ​រួម​មាន​ ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​រាតត្បាត​ជំងឺ​អេ​បូ​ឡា​ ហើយ​ណែនាំ​មន្ត្រី​តាម​ព្រំដែន​អាកាស​យាន្ត​ដ្ឋា​ន​ ផ្លូវគោក​ ទឹក​ ត្រួតពិនិត្យ​តឹង​រឹង​ចំពោះ​អ្នកដំណើរ​មក​ពី​តំបន់​ទ្វីបអាហ្វ្រិក​រក​ជំងឺ​អេ​បូ​ឡា​។​

​លោក​វេជ្ជបណ្ឌិត​ លី​ សូ​វណ្ណ​៖​ «​យើង​ពង្រឹង​ប្រព័ន្ធ​តាមដាន​របស់​យើង​ដែល​មាន​ស្រាប់​ ធ្វើ​នៅ​ក្នុង​ប្រទេស​ ក៏​ដូច​ជា​តាម​ព្រំដែន​ទាំងអស់​ តាមដាន​បងប្អូន​អ្នកដំណើរ​ជា​ពិសេស​អ្នកដំណើរ​មក​ពី​ទ្វីបអាហ្វ្រិក​ តាម ដាន​សុខភាព​ បើសិន​ករណី​រក​ឃើញ​សង្ស័យ​យើង​ធ្វើការ​វាយតម្លៃ​ហើយ​ ធ្វើការ​ព្យាបាល​ជា​បន្ទាន់​។​»

​ជាមួយ​គ្នា​នេះ​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​ ធ្វើការ​ចែកចាយ​សម្ភារ​អប់រំ​ស្តី​ពី​របៀប​បង្ការ​ និង​ឆ្លើយ​តប​ជា​បន្ទាន់​ករណី​សង្ស័យ​មាន​ជំងឺ​អេ​បូ​ឡា​ផ្ទុះ​ឡើង​។​

​បើ​តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ ជំងឺ​អេ​បូ​ឡា​បង្ក​ឡើង​ដោយ​វីរុស​អេ​បូ​ឡា​ដែល​ជំងឺ​នេះ​មាន​អត្រា​ស្លាប់​ខ្ពស់​ ហើយ​ជំងឺ​នេះ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ តាម​រយៈ​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ ឬ​សាកសព​ស្លាប់​ដោយ​ជំងឺ​អេ​បូ​ឡា​ និង​ ការ​ប៉ះពាល់​ឈាម​ ឬ​ទឹករំអិល​សរីរាង្គ​ ដូច​ជា​ទឹកនោម​ ញើស​ កំអួត​ ទឹកមាត់​ ទឹកកាម​ សំបោរ​ និង​ទឹកភ្នែក​។​ អ្នក​ដែល​ប្រឈម​មុខ​ខ្ពស់​ឆ្លង​ជំងឺ​អេ​បូ​ឡា​គឺ​ សមាជិកគ្រួសារ​នៃ​អ្នកជំងឺ​ អ្នក​ថែទាំ​អ្នកជំងឺ​ និង​បុគ្គលិក​សុខាភិបាល​។​

​ក្រសួង​បញ្ជាក់​ថា​ ជំងឺ​អេ​បូ​ឡា​មិន​ទាន់​មាន​ឱសថ​ព្យាបាល​ជាក់លាក់​ ឬ​វ៉ាក់សាំង​សម្រាប់​បង្ការ​ជំងឺ​នេះ​នៅឡើយ​ទេ​។​ទោះបី​យ៉ាង​បើ​មាន​ករណី​សង្ស័យ​ថា​មាន​រោគ​សញ្ញា​នៃ​ជំងឺ​អេ​បូ​ឡា​ត្រូវ​ឆាប់​ទៅ​ព្យាបាល​ព្រោះ​ឱកាស​ជា​សះស្បើយ​ច្រើន​។​

​ក្រសួងសុខាភិបាល​ពន្យល់​ថា​ រោគ​សញ្ញា​កើត​មាន​ឡើង​ពី​ ២​ ទៅ​ ២១​ ថ្ងៃ​ ក្រោយ​ប៉ះពាល់​អ្នក​កើត​ជំងឺ​អេ​បូ​ឡា​ ឬ​ក្រោយ​ប៉ះពាល់​សាកសព​ស្លាប់​ដោយសារ​ជំងឺ​អេ​បូ​ឡា​ ហើយ​អ្នកជំងឺ​អាច​ចម្លង​ទៅ​អ្នក​ដទៃ​ទៀត​នៅ​ពេល​ចេញ​រោគ​សញ្ញា​។​

​លោក​វេជ្ជបណ្ឌិត​ លី​ សូ​វណ្ណ​ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ដែល​សង្ស័យ​មាន​ រោគ​សញ្ញា​ជំងឺ​អេ​បូ​ឡា​ ដូច​ជា​ គ្រុនក្តៅ​លើស​ពី​ ៣៨​ អង្សា​សេ​ ឈឺ​សាច់ដុំ​ អស់កម្លាំង​ ក្អួត​ កន្ទួល​ក្រហម​ ឬ​ ចេញ​ឈាម​ ត្រូវ​នាំ​អ្នកជំងឺ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​ ឬ​ទូរស័ព្ទ​ទៅ​លេខ​ ១១៥​ ។​

​លោក​វេជ្ជបណ្ឌិត​ លី​ សូ​វណ្ណ​៖​ «​បច្ចុប្បន្ន​យើង​មានការ​រីក​រាលដាល​ឡើង​វិញ​នៃ​ជំ​ង​អេ​បូ​ឡា​នៅ​ទ្វីបអាហ្វ្រិក​ដូច្នេះ​ បើសិន​បងប្អូន​ធ្វើ​ដំណើរ​ទៅ​អាហ្វ្រិក​គឺ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន​ ហើយ​ត្រឡប់​មក​ឆ្លងកាត់​ទ្វីបអាហ្វ្រិក​ឬ​ក៏​ជួប​ជនជាតិ​មក​ពី​តំបន់​រាតត្បាត​ត្រឡប់​មក​ស្រុក​ខ្មែរ​ចេញ​រោគ​សញ្ញា​ ដូច​ក្អួត​ រាក​ ហើយ​មាន​ក្រ​តួ​ល​ក្រហម​នៅ​លើ​ស្បែក​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ឲ្យ​គ្រូពេទ្យ​ធ្វើការ​វាយតម្លៃ​ ធ្វើការ​ព្យាបាល​ជា​បន្ទាន់​ ហើយ​រំលឹក​លោកគ្រូ​ពេទ្យ​អំពី​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​ផង​។​»​

​អ្នកនាំពាក្យ​រូប​នេះ​អះអាង​ថា​ កម្ពុជា​ពុំ​ទាន់​មាន​ករណី​សង្ស័យ​មាន​ជំងឺ​អេ​បូ​ឡា​ ឬ​ក៏​មិន​ទាន់​ពិនិត្យ​ឃើញ​ជំងឺ​នេះ​កើត​មាន​ចំពោះ​អ្នកដំណើរ​មក​ពី​តំបន់​ទ្វីបអាហ្វ្រិក​នោះ​ដែរ​។​

​ដើម្បី​បង្ការ​ជំងឺ​អេ​បូ​ឡា​ ប្រជាពលរដ្ឋ​ត្រូវ​ជៀសវាង​ប៉ះពាល់​អ្នកជំងឺ​អេ​ឡា​ ឬ​ទឹក​សរីរាង្គ​អ្នកជំងឺ​ និង​កុំ​ប៉ះពាល់​អ្នកជំងឺ​ ឬ​សាកសព​អ្នក​ស្លាប់​ដោយសារ​អេ​បូ​ឡា​។​ ឧស្សាហ៍​លាងដៃ​ជាមួយ​ទឹក​និង​សាប៊ូ​ ឬ​អាកុល​ ឲ្យ​បាន​ញឹកញាប់​។​

​បើ​សង្ស័យ​ថា​មាន​ជំងឺ​អេ​បូ​ឡា​ ត្រូវ​ប្រញាប់​ទៅ​កាន់​មន្ទីរពេទ្យ​។​ ដាក់​ជំងឺ​ឲ្យ​នៅ​ដាច​ដោយឡែក​ពី​អ្នក​ដទៃ​ ដើម្បី​កុំ​ឲ្យ​ឆ្លង​បន្ត​។​ ការ​ព្យាបាល​ដោយ​វេជ្ជសាស្ត្រ​តែ​ប៉ុណ្ណោះ​ដែល​អាច​បង្កើន​ឱកាស​រស់រាន​ជិ​វិត​។​

​យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ WHO​ ជំងឺ​អេ​បូ​ឡា​ បាន​ផ្ទុះ​រាលដាល​ខ្លាំង​កាល ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៦​ នៅ​ប្រទេស​ចំនួន​ ៥​ នៅ​ភាគ​ខាងលិច​នៃ​ទ្វីបអាហ្វ្រិក​ ដោយ​សម្លាប់​មនុស្ស​ ២៨៦១២៕​

Share

Image
Image
Image