លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែមេសាឆ្នាំ២០២១នេះ បានបង្ហាញថា ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកើនឡើងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត ក្រសួងសុខាភិបាលណែនាំទៅកាន់ប្រជាពលរដ្ឋពីរបៀប និងវិធីតាមដានរោគសញ្ញា ការថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។
ក្រសួងបានពន្យល់ថា៖ «ប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាល សូមបងប្អូនអនុវត្តតាមការណែនាំក្នុងការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ»។
តាមក្រសួង គឺអ្នកកើតជំងឺកូវីដ-១៩ គ្មានរោគសញ្ញាសង្ស័យដូចជា គ្មានក្អក កម្ដៅក្រោម៣៧,៥ អង្សារសេ គ្មានហៀរសំបោរ គ្មានឈឺបំពង់ក ហើយសភាពទូទៅធម្មតា គឺពុំចាំបាច់ប្រើឱសថព្យាបាលនោះទេ។
យ៉ាងណា ក្រសួងថា ករណីមានរោគសញ្ញាស្រាល ដូចជា មានកម្ដៅលើស៣៧,៥អង្សារសេ និងមានឈឺសាច់ដុំ ឈឺបំពង់ក សម្រាប់មនុស្សពេញវ័យ ឬកុមារចាប់ពី៣០គីឡូក្រាមឡើង ត្រូវប្រើប៉ារ៉ាសេតាម៉ុលកម្រិត៥០០មីលីក្រាម មួយថ្ងៃ៣ដង។ រីឯកុមារដែលមានទម្ងន់ចាប់ពី២០ដល់២៩គីឡូក្រាម ត្រូវប្រើប៉ារ៉ាសេតាម៉ុលកម្រិត៣០០មីលីក្រាម មួយថ្ងៃ៣ដងផងដែរ។
ក្នុងករណីមានសញ្ញាបន្ថែមដូចជា តឹងច្រមុះ ហៀរសំបោ ឬក្អក ដោយមានឬមិនមានស្លេស្មក៏ដោយ សម្រាប់មនុស្សពេញវ័យនិងកុមារអាយុចាប់ពី៦ឆ្នាំឡើង អាចប្រើប្រូម៉ិចស៊ីន ៨មីល្លីក្រាម មួយថ្ងៃ៣ដង ឬ សេទីរីហ្សីន ១០មីល្លីក្រាម មួយដងក្នុងមួយថ្ងៃ។
ក្រសួងសុខាភិបាល ក៏បានបង្ហាញពីការអនុវត្តវិធានសុខាភិបាលក្នុងរយៈពេលព្យាបាលនៅតាមផ្ទះ រួមមាន ស្នាក់នៅបន្ទប់ដាច់ដោយឡែក មានអនាម័យស្អាតនិងមានខ្យល់ចេញ-ចូលល្អ។ តាមដានសុខភាពខ្លួនឯងឱ្យបានញឹកញាប់ទៀងទាត់ប្រចាំថ្ងៃ ហើយត្រូវពាក់ម៉ាស់ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹក ឬអាល់កុល និងរក្សាគម្លាតយ៉ាងតិច២ម៉ែត្រ។ ជាងនេះទៀត ក្រសួងបានណែនាំថា ត្រូវបរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ ដូចជាសាច់ បន្លែ ផ្លែឈើ និងពិសាទឹកឱ្យបានច្រើន។
លើសពីនេះ ពលរដ្ឋត្រូវថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ហើយចំណុចដែលត្រូវហាមឃាត់រួមមាន ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ ជាដើម។
កាលពីថ្ងៃទី៦ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារជាសំឡេង បានណែនាំឱ្យក្រសួងសុខាភិបាលពន្លឿនការដាក់ចេញក្រមប្រតិបត្តិមួយ ដើម្បីត្រៀមរៀបចំដាក់ឱ្យអ្នកជំងឺកូវីដ-១៩ដែលមានស្ថានភាពស្រាល អាចសម្រាកព្យាបាលនៅតាមផ្ទះបាន។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបង្គាប់ទៅគ្រូពេទ្យរបស់ក្រុមការងារនេះត្រូវមានគ្រូពេទ្យចល័ត ឬស្ម័គ្រចិត្ត ឬពេទ្យនៅតាមមូលដ្ឋានស្រាប់ ក្នុងការចូលរួមព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។
ដោយអនុវត្តតាមការណែនាំរបស់ានាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាលក៏បានចេញនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។