en     km
en     km

ក្រសួងរៀបចំផែនការមេអភិវឌ្ឍតំបន់ជុំវិញអង្គរឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មី

Share

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានជំរុញការសិក្សារៀបចំផែនការមេមួយ អភិវឌ្ឍន៍វិស័យទេស

ចរណ៍ក្នុងខេត្តសៀមរាប តំបន់ជុំវិញអង្គរ ភ្នំគូលែន បឹងទន្លេសាប និងតំបន់ដែលមានសក្ដានុពលផ្សេងទៀត​ ឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មីៗសម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបបន្ថែម។

ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប នាចុងសប្ដាហ៍នេះ ដែលទំព័រហ្វេសប៊ុករបស់ក្រសួងបង្ហោះកាលពីម្សិលមិញ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្លែងក្នុងសិក្ខាសាលាមួយកាលពីចុងសប្តាហ៍មុន។រូបភាពក្រសួងទេសចរណ៍

ថ្លែងក្នុងអង្គសិក្ខាសាលាពិគ្រោះយោងបល់នេះ លោករដ្ឋមន្រ្តីកត់សម្គាល់ថា ជារាល់រាល់ឆ្នាំខេត្តសៀម រាបទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរណ៍ តែលោកថាត្រូវអភិវឌ្ឍតំបន់ផ្សេងៗទៀត ព្រោះអ្នកទេសចរណ៍មិនមែនមកមើលតែប្រាសាទនោះទេ។

ពាក់ព័ន្ធរឿងនេះលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមជំនាញការរបស់គណៈកម្មការអន្តរក្រសួងបានចុះទៅសិក្សាតំបន់ភ្នំគូលែន និងទន្លេសាប ដោយបានសាកសួរផ្ទាល់ជាមួយប្រជាពលរដ្ឋ។ លោកបន្ថែមថា តំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់បឹងទន្លេសាប និងតំបន់ជុំវិញទាំងនោះពិតជាមានសក្ដានុពលខ្លាំងណាស់ទាំងវប្បធម៌ និងប្រវត្តិសាស្ត្រដែលត្រូវអភិវឌ្ឍបន្ថែម។

លោកបញ្ជាក់ថា ក្រៅពីសក្ដានុពលទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ តំបន់ទាំងនោះអាចរៀបចំអភិវឌ្ឍន៍ទៅជាតំបន់អេកូទេសចរណ៍ និងកសិទេសចរណ៍ ប្រកបដោយភាពទាក់ទាញបន្ថែមទៀតផងដែរ។

លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍បានឱ្យដឹងថា ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយសម្រាប់អនុវត្តលើការងារនានា មិនមែនតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ គឺមានវិស័យពាក់ព័ន្ធជាច្រើនទៀត។

រូបភាពទឹកជ្រោះភ្នំគូលែន និងសហគមន៍នៅបឹងទន្លេសាបក្នុងខេត្តសៀមរាប។រូបភាព ក្រសួងទេសចរណ៍

លោកបន្ថែមថា ការអភិវឌ្ឍឱ្យមានផលិតផលទេសចរណ៍ថ្មីៗត្រូវគិតគូរដល់បញ្ហា«ស្អាតនិងបៃតង»ធានាឱ្យបានថា ភ្ញៀវទេសចរដែលមកទស្សនាសៀមរាប-អង្គរហើយ ត្រលប់ទៅវិញនឹងផ្សព្វផ្សាយពីព័ត៌មានល្អៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា។

សូមបញ្ជាក់ថា ការសិក្សារៀបចំលើផែនការមេនេះ នឹងត្រូវបញ្ចប់ជាដំណាក់កាលៗ ហើយនឹងបញ្ចប់ទាំងស្រុងនៅអំលុងដើមឆ្នាំ២០២០។ ផែនការមេនេះនឹងត្រូវគេយកមកអនុវត្តចាប់ពីឆ្នាំ២០២០-២០៣៥។

ក្នុងឆ្នាំ២០១៨ កន្លងទៅ មានភ្ញៀវទេសចរប្រមាណ ៥លាននាក់ បានទៅទស្សនាតំបន់សៀមរាប-អង្គរទាំងមូល ក្នុងចំណោមនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២លាន៥០ម៉ឺននាក់ផងដែរ៕

Share

Image
Image
Image