en     km
en     km

ក្រសួងមហាផ្ទៃ៖អង្គភាពក្រោមចំណុះត្រូវដំណើរការAppលើទូរស័ព្ទស្មាតហ្វូនដើម្បីដោះស្រាយបញ្ហាសង្គម

Share

ភ្នំពេញ៖ក្រសួមហាផ្ទៃបានដាក់ឱ្យដំណើរការកម្មវិធី(App)លើទូរស័ព្ទស្មាតហ្វូននៅក្នុង AppStoreនិងPlayStoreក្នុងគោលបំណងដើម្បីទទួលបានព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចរាចរណ៍ ការបម្រើសេវាសាធារណៈជាដើម។

គេសង្កេតឃើញថាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការប្រើប្រាស់ស្មាតហ្វូន នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន កាន់តែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ការណ៍នេះក្រសួងមហាផ្ទៃបានបង្កើតកម្មវិធី AppStore និង PlayStore នៅលើទូរស័ព្ទដៃស្មាតហ្វូន ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។

ទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃដែលបង្ហោះផ្សាយជាសាធារណៈ បានឱ្យដឹងថា បន្ទាប់ពីក្រសួងបានបង្កើតកម្មវិធីទូរស័ព្ទ (App) ដាក់ឱ្យដំណើរការលើទូរស័ព្ទស្មាតហ្វូននៅក្នុង AppStore និង PlayStore រួចមកនៅថ្ងៃទី២៧ វិច្ឆិកា ឆ្នំា២០១៧នេះ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ  លោក ប៉ោ ភក្តិ បានជូនដំណឹងឱ្យ​អគ្គនាយកដ្ឋាន អង្គភាពចំណុះ និងគណៈអភិបាលរាជធានី-ខេត្តទំាងអស់ត្រូវរៀបចំក្រុមការងារទទួលផ្នែកសារព័ត៌មាន។

សារលិខិតរបស់លោកប៉ោ ភក្តិបញ្ជាក់ថា ធ្វើដូចនេះដើម្បីចាប់ឱ្យដំណើរការ ការផ្សព្វផ្សាយព័ត៌មាននានារបស់ក្រសួងមហាផ្ទៃ ជូនដល់សាធារណៈជន ជាពិសេសព័ត៌មាន ដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចរាចរណ៍ ការបម្រើសេវាសាធារណៈក្រោមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងសកម្មភាពរបស់ថ្នាក់ដឹកនំាសាលារាជធានី-ខេត្ត នៅលើប្រព័ន្ធបច្ចេកវិទ្យា Online ។

ការបង្កើតឱ្យមានកម្មវិធីប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ ដែលបានបញ្ចូលទៅក្នុង AppStore និង PlayStore នៃកម្មវិធីស្មាតហ្វូននេះធ្វើទ្បើងតាមតាមចំណារ របស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង ចុះថ្ងៃទី២៣ តុលា ឆ្នំា២០១៧។

យោងតាមចំណារនេះក្រសួងមហាផ្ទៃបានដាក់ឱសានវាទទៅដល់គ្រប់អង្គភាពពាក់ព័ន្ធទំាងអស់ត្រូវចាត់តំាងតំណាងរបស់ខ្លួន១រូប ដែលមានសិទ្ធិផ្តល់ព័ត៌មានរបស់អង្គភាពដោយភ្ជាប់មកជាមួយនូវលេខទូរស័ព្ទភ្ជាប់ប្រព័ន្ធ Telegram បញ្ជូនមកអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃឱ្យបានមុនថ្ងៃទី០១ ខែធ្នូ ឆ្នំា២០១៧ខាងមុខនេះ ដើម្បីចងក្រងជាក្រុមសម្រាប់ផ្តល់ព័ត៌មានផ្សព្វផ្សាយ ក្នុងគេហេទំព័រ និងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍របស់ក្រសួងមហាផ្ទៃ។

គួររលឹកថា នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ដែលមានតួនាទីភារៈកិច្ចក្នុងការងារសារព័ត៌មាន អភិវឌ្ឍន៏ បច្ចេកវិទ្យា និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាកន្លងមក បានរៀបចំកែលម្អទ្បើងវិញ ប្រព័ន្ធគេហទំព័រកម្មវិធី App ការផ្សព្វផ្សាយ និងទទួលមតិយោបល់ តាមបណ្តាញសង្គម ហ្វេសប៊ុក។ ភារៈកិច្ចនេះ តម្រូវ អោយចូលរួមក្នុងការស្រាវជ្រាវ បង្រ្កាបបទល្មើសបច្ចេកវិទ្យានានា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងគមនាគមន៏នៃសកលលោក៕

Share

Image
Image
Image