en     km
en     km

ក្រសួងព័ត៌មានអនុញ្ញាតឱ្យវិទ្យុ VOA បើកការិយាល័យដំណើរការនៅកម្ពុជាឡើងវិញ

Share

(ភ្នំពេញ)៖ ក្រសួងព័ត៌មានបានអនុញ្ញាតជាគោលការណ៍ឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បើកការិយាល័យតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ស្របច្បាប់ឡើងវិញ បន្ទាប់ពី​តំណាងភាគីផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានចូលជួបជាមួយលោករដ្ឋមន្រ្តីក្រសួងព័ត៌មាននៅថ្ងៃទី៣០ ឧសភា នេះ។

នេះបើយោងតាមអ្នកនាំពាក្យក្រសួងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបមួយនេះ។ ចំណែកទំព័រហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានបង្ហោះពីជំនួបនេះផងដែរ។

ជំនួបរវាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងតំណាងវិទ្យុVOA ពាក់ព័ន្ធដំណើរការផ្សាយឡើងវិញរបស់វិទ្យុVOA នៅកម្ពុជា។រូបភាពហ្វេសប៊ុកលោកខៀវ កាញារីទ្ធ

តាមទំព័រហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា លោកបានអនុញ្ញាតឲ្យ លោក Michael Newbill ភារៈធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និង លោក Matthew Walsh អនុប្រធានទទួលបន្ទុកប្រតិបត្តិការនៃ ទីភ្នាក់ងារអាមេរិកសម្រាប់ប្រពន្ធ័ផ្សព្វផ្សាយសកល US Agency for Global Media ដើម្បីស្វែងយល់ពីស្ថានការណ៍សារព័ត៌មានក្នុងប្រទេសកម្ពុជា។ ក្នុងជំនួ​បនោះក៏មានពិភាក្សាការងារអំពីការបើកការិយាល័យ VOA ខេមរភាសាប្រចាំនៅកម្ពុជាផងដែរ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ បានបញ្ជាក់ថា ក្នុងជំនួបនោះលោករដ្ឋមន្រ្តី បានឯកភាពជាគោលការណ៍ ឱ្យបើកការិយាល័យតំណាង VOA នៅកម្ពុជាហើយ។ យ៉ាងណា បែបបទឯកសារផ្លូវការក្នុងការស្នើសុំបើកការិយាល័យតំណាងនេះ នឹងដាក់បញ្ចូលទៅក្រសួងព័ត៌មាននាពេលខាងមុខនេះ។

 

លោក មាស សោភ័ណ្ឌ បន្ថែមថាលោក Mathew Walsh បានថ្លែងអរគុណក្រសួងព័ត៌មាន និងលោករដ្ឋមន្រ្តីសម្រាប់ការអនុញ្ញាតនេះ ហើយបានស្នើសុំឱ្យលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់អំពីនីតិវិធីបែបបទ ក្នុងការបើកការិយាល័យនៅកម្ពុជាឡើងវិញផងដែរ។លោក មាស សោភ័ណ្ឌ បញ្ជាក់ថា នៅក្នុងជំនួបនោះ ភាគីទាំងពីរពុំបាននិយាយអំពីវិទ្យុអាស៊ីសេរីនោះទេ។

កាលពីថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ២០១៧ វិទ្យុ​អាស៊ី​សេរី បាន​សម្រេច​ចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​ទីក្រុង ភ្នំពេញ។ វិទ្យុអាស៊ីសេរីបញ្ជាក់ថា ការបិទនេះដោយមិន​អាច​ស៊ូទ្រាំ​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញពីរដ្ឋាភិបាលក្រុងភ្នំពេញបាន។

យ៉ាងណាកាលពីខែដើមធ្នូ ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាសថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋ អាមេរិក អាចបើកការិយាល័យ និងដំណើរការផ្សាយព័ត៌មានរបស់ខ្លួននៅទីក្រុងភ្នំពេញវិញបាន។ ចំណែកកាសែត ឌឹឃែមបូឌា ឌែលលី (The Cambodia Daily) វិញ លោក ស ខេង តម្រូវឲ្យកាសែតមួយនេះ គិតគូរអំពីការបង់ពន្ធជាមុន ទើបអាចបើកការបោះពុម្ពផ្សាយព្រឹត្តិបត្ររបស់ខ្លួនឡើងវិញបាន៕

 

Share

Image
Image
Image