en     km
en     km

ក្រសួងពាណិជ្ជកម្ម​ ប្រកាស​ឲ្យ​ឈប់​ប្រើ​ ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក​ Dumex​ Mamil​ Gold​ Infant​ Milk​ Formula-Step1​

Share

​ភ្នំពេញ​ ៖​ អគ្គនាយកដ្ឋាន​កាំកុងត្រូល​ នៃ​ក្រសួងពាណិជ្ជកម្ម​ បាន​ប្រកាស​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ​ Dumex​ Mamil​ Gold​ Infant​ Milk​ Formula-Step1​ដែល​ផលិត​នៅ​ប្រទេស​ ម៉ា​ឡេ​ស៊ី​ ពីព្រោះ​តែ​ម្សៅ​ទឹកដោះគោ​ប្រភេទ​នេះ​ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​បាក់តេរី​ ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ទារក​ អាច​ឈាន​ទៅ​ដល់​ស្លាប់​។​

​សេចក្ដីជូនដំណឹង​របស់​ អគ្គនាយកដ្ឋាន​កាំកុងត្រូល​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៩​ សីហា​ ម្សិលមិញ​បញ្ជាក់​ថា​ អាជ្ញាធរ​ ក​សិ​ម្ហូបអាហារ​ និង​បសុពេទ្យ​ នៃ​ ប្រទេស​សិង្ហ​បុរី​ បាន​រក​ឃើញ​បាក់តេរី​ Cronobacter​ sakazakii​ នៅ​ក្នុង​ផលិតផល​ម្សៅ​ង​ទឹកដោះគោ​សម្រាប់​ទារក​ Dumex​ Mamil​ Gold​ Infant​ Milk​ Formula-Step1​។​ ម្សៅ​ទឹកដោះគោ​ប្រភេទ​នេះ​ ត្រូវ​បាន​នាំ​ចូល​មក​កម្ពុជា​ ដោយ​ក្រុមហ៊ុន​ Danone​ Dumex​។​

​បាក់តេរី​ ដែល​មាន​ក្នុង​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក​នេះ​ នឹង​បណ្ដាល​ឲ្យ​ កើត​ជំងឺ​រលាក​ពោះវៀនធំ​ រលាក​ពោះវៀនតូច​ និង​រលាក​ស្រោមខួរ​ក្បាល​ជាដើម​។​ លើស​ពី​នេះ​ បាក់តេរី​នេះ​ នឹង​បណ្ដាល​ឲ្យ​ទារក​អាយុ​តិច​ជាង​ ២​ខែ​ ប្រឈម​អត្រា​ស្លាប់​ពី​ ១០​ ទៅ​ ៨០​ភាគរយ​។​ ហេតុ​ដូច្នេះ​ ទើប​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ នៃ​ក្រសួងពាណិជ្ជកម្ម​ ស្នើ​ឲ្យ​អាណាព្យាបាល​គ្រប់​រូប​ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើប្រាស់​ម្សៅ​ទឹក​គោ​ប្រភេទ​នេះ​។​

​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ បញ្ជាក់​ថា​ ពេល​នេះ​អាជ្ញាធរ​បាន​ផ្ដល់​ព័ត៌មាន​ដល់​ក្រុមហ៊ុន​នាំ​ ចូល​ អាជីវករ​ លក់ដុំ​ និង​រាយ​ទាំងអស់​ ឲ្យ​បញ្ឈប់​ការ​ចរាចរ​ផលិតផល​នេះ​ លើ​ទីផ្សារ​ ហើយ​អាជ្ញាធរ​ក៏​នឹង​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ផ្សារ​ ទាំង​ធំ​ ទាំង​តូច​ ក៏​ដូច​ជា​តាម​បណ្ដា​ផ្សារ​ទំនើប​ផង​ដែរ​ ដើម្បី​ប្រមូល​យក​ផលិត​ម្សៅ​ទឹកដោះគោ​ដែល​មាន​គ្រោះថ្នាក់​ដល់​ទារក​នេះ​។​

​បន្ថែម​ពី​នេះ​ អគ្គនាយកដ្ឋាន​កាំកុងត្រូល​ អំពាវនាវ​ដល់​សារ​ធារ​ណ​ជន​ទាំងអស់​ សូមកុំ​ទិញ​ផលិតផល​ដែល​មាន​អត្ដសញ្ញាណ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ និង​សូម​ឲ្យ​ផ្ដល់​ព័ត៌មាន​ដល់​មន្ដ្រី​មាន​សមត្ថកិច្ច​ ក្នុង​ករណី​បាន​ប្រទះ​ឃើញ​ ម្សៅ​ទឹកដោះគោ​ ប្រភេទ​ Dumex​ Mamil​ Gold​ Infant​ Milk​ Formula-Step1​ នេះ​ (​លេខ​អាជ្ញាធរ​ កាំកុងត្រូល​ 012​ 278​ 789​ /​ 092​ 999​ 867​ /​ 012​ 985​ 577)៕​

Share

Image
Image
Image