en     km
en     km

ក្រសួងធនធានទឹក៖ចាប់ពីថ្ងៃទី០៥-១១ខាងមុខកម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់

Share

ភ្នំពេញ៖ តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃនេះបញ្ជាក់ថា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃ១១ ខែមិថុនាខាងមុខនេះ ភ្លៀងនឹងចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ហើយកន្លែងខ្លះអាចខ្លាំងជាលក្ខណៈឡូកាល់។ លក្ខណៈ ឡូកាល់មានន័យថា ភ្លៀងកើតមានឡើងដោយសារឥទ្ធិពលផ្ទាល់នៃទីតាំង និងទីកន្លែងនិមួយៗ ខុសពីភ្លៀងដែលកើតដោយសារប្រព័ន្ធដូចជា ព្យុះ,សម្ពាធទាប និងប្រព័ន្ធសម្ពាធទាប ជាដើម។

បើតាមក្រសួង បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមានផងដែរ។

ក្រសួងធនធានទឹក សុំអំពាវនាវដល់សាធារណជន ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតខាងលើ។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រយៈពេល ៤ខែក្នុងឆ្នាំ២០១៩នេះ បង្ហាញថា បាតុភូតរន្ទះ បានឆក់យកជីវិតមនុស្សចំនួន ១៥នាក់ បង្កឱ្យមនុស្ស ១៨នាក់ទៀតរងរបួស និងសម្លាប់គោក្របីចំនួន ២១ក្បាល ហើយផ្ទះសម្បែង ៤ខ្នងត្រូវខូតខាត។

ចំណែកបាតុភូតខ្យល់កន្ត្រាក់វិញ បានសម្លាប់មនុស្សម្នាក់ បង្កឱ្យមនុស្ស ២១នាក់រងរបួស ហើយផ្ទះសម្បែងជាង ៣០០០ខ្នងត្រូវខូចខាត៕

 

Share

Image
Image
Image