en     km
en     km

ក្រសួងណែនាំមន្រ្តីពាក់ព័ន្ធទប់ស្កាត់ការនាំចូលជ្រូកមានជំងឺប៉េស្តអាហ្វ្រិកពីប្រទេសវៀតណាម

Share

ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែឧសភា ក្រសួងកសិកម្មបានចេញសារាចរណែនាំ ដោយព្រមានដាក់ការទទួលខុសត្រូវលើមន្រ្តីថ្នាក់ក្រោមរបស់ខ្លួនបើថ្លោះធ្លាយ ករណីបណ្តាលឱ្យមានជ្រូកដែលមានជំងឺប៉េស្តអាហ្វ្រិកនាំចូលពីប្រទេសវៀតណាមទៀតនោះ។ សារាចររបស់ក្រសួងកសិកម្មក៏បានចេញនូវគោលការណ៍ណែនាំចំនួន ៨ ចំណុចដល់មន្រ្តីក្រោមឳវាទពិសេសមន្រ្តីច្រកព្រំដែនដែលមានករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)       

  

សារាចរណែនាំរបស់ក្រសួងកសិកម្ម ឱ្យដឹងថាជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅតែបន្តឆ្លងរាលដាលនៅខេត្តមួយចំនួនក្នុងប្រទេស វៀតណាមជាប់ព្រំប្រទល់កម្ពុជា។ ខេត្តវៀតណាមជាប់ព្រំដែនកម្ពុជាដែលផ្ទុះករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះរួមមាន៖ ខេត្តដាក់ណុងជាប់ខេត្តមណ្ឌលគីរី ខេត្តយ៉ាឡាយ ជាប់ខេត្តរតនគិរី ខេត្តដុងថាប់ ជាប់ខេត្តព្រៃវែង ខេត្តកៀនយ៉ាង ជាប់ខេត្តកំពត និងខេត្តអានយ៉ាងជាប់ខេត្តកំពត និងកណ្តាល។ ជាការអង្កេតក្រសួងបញ្ជាក់ថា នេះអាចជាសញ្ញាហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំ និងធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា។

ពាក់ព័ន្ធបញ្ហានេះ ក្រសួងបានចេញនូវវិធានការណ៍ចំនួន ៨​ ចំណុចដើម្បីពង្រឹងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ពីប្រទេសវៀតណាម។

ចំណុចទាំង ៨ បានណែនាំដល់មន្ទីរកសិកម្ម និងការិយាល័យផលិតកម្ម បសុព្យាបាលរាជធានី-ខេត្តទូទាំងប្រទេស និងបណ្តាខេត្តជាប់ព្រំដែនវៀតណាម ត្រូវមានការទទួលខុសត្រូវប្រកបដោយតម្លាភាព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖

ទី១៖ ត្រូវពង្រឹងការទប់ស្កាត់ការនាំចូលជ្រូករស់ និងផលិតផលជ្រូកខុសច្បាប់គ្រប់ប្រភេទដែលឆ្លងកាត់តាមច្រកព្រំដែន អាកាសយានដ្ឋានអន្តរជាតិ កំពង់ផែន និងពីខេត្តមួយទៅខេត្តមួយ ឬពីតំបន់មួយទៅតំបន់មួយទៀត ដោយត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចព្រំដែន។ ក្នុងករណីដែលមន្រ្តីក្រោមឳវាទអនុវត្តមិនបានត្រឹមត្រូវ ឬថ្លោះធ្លាយដោយប្រការណាមួយ មន្ទីរកសិកម្ម ក៏ដូចជាការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្តនោះ នឹងទទួលខុសត្រូវទាំងស្រុងចំពោះមុខក្រសួងកសិកម្ម និងចំពោះមុខច្បាប់ជាធរមាន។

                                                                                         ច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម។

 

ទី២៖ ត្រូ​វបន្តការអនុវត្តវិធានជីវសុវត្ថិភាពឱ្យបានហ្មត់ចត់នៅគ្រប់កសិដ្ឋានចិញ្ចឹមជ្រូក ទីកន្លែងចិញ្ចឹមជ្រូក កន្លែងប្រមូលផ្តុំជ្រូក កន្លែងអាជីវកម្មលក់សាច់ជ្រូក ទីសត្តឃាត និងត្រូវបង្កើនតាមដាន ពិនិត្យសុខភាពជ្រូកទូទាំងប្រទេស ហើយចាត់វិធានការឱ្យទាន់ពេលវេលា ប្រសិនសង្ស័យវត្តមានជំងឺប៉េស្តជ្រូកអាហ្វ្រិក។

ទី៣៖ ពង្រឹងការត្រួតពិនិត្យអនាម័យជ្រូក និងផលិតផលជ្រូកនៅតាមសត្តឃាតដ្ឋាន និងកន្លែងតាំងលក់ឱ្យបានហ្មត់ចត់។

ទី៤៖ រាល់ការចរចរសត្វជ្រូក និងផលិតផលជ្រូក ត្រូវមានវិញ្ញាបនបត្របសុព្យាបាលពីប្រទេសនាំចូល និងត្រូវស្ថិតក្រោមការត្រួតពិនិត្យសុខភាពសត្វ និងអនាម័យសត្វពីមន្រ្តីជំនាញ។

ទី៥៖ ត្រូវតាមដាន ឃ្លាំមើលស្ថានភាពសុខភាពជ្រូកនៅមូលដ្ឋាន កន្លែងចិញ្ចឹម តាមកសិដ្ឋានជាប្រចាំ ពិសេសត្រូវប្រមូលសំណាកទៅវិភាគករណីសង្ស័យ។

ទី៦៖ ត្រូវផ្សព្វផ្សាយទៅប្រជាពលរដ្ឋ ភ្នាក់ងារសុខភាពសត្វ អ្នកចិញ្ចឹមជ្រូកគ្រប់កម្រិតឱ្យបានដឹងពីជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំរុញការចិញ្ចឹមជ្រូកក្នុងទ្រុង ណែនាំដល់អ្នកចិញ្ចឹមជ្រូកជៀសវាងប្រើប្រាស់កាកសំណល់អាហារ ឬកាកសំណល់ដែលមានសាច់ជ្រូកពុំបានចម្អិនល្អជាចំណីផ្តល់ឱ្យជ្រូក។

និងទី៧ និងទី៨ ៖ ត្រូវផ្សព្វផ្សាយដល់ប្រជាជនពីផលប៉ះពាល់ និងការខូតខាតផ្នែកសេដ្ឋកិច្ច ដែលបង្កពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ហើយត្រូវសហការឱ្យបានល្អជាមួយភាគីវៀតណាម ក្នុងការផ្តល់ព័ត៌មានទាក់ទងជំងឺប៉េស្តជ្រូកអាហ្រ្វិក ដើម្បីទប់ស្កាត់ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពង់បន្តឆ្លងរាលដាលនៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោក។ ដោយឡែកនៅប្រទេសវៀតណាម មានករណីផ្ទុះនេះនៅបណ្តាខេត្ត-ក្រុងចំនួន​ ៣៨ ហើយជ្រូកចំនួនប្រមាណ ១,៥ លានក្បាលត្រូវបានសម្លាប់ចោលចាប់ពីមានករណីផ្ទុះលើកដំបូងដែលត្រូវបានរាយការណ៍ជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

កាលពីខែមេសា ឆ្នាំ២០១៩ ថ្មីៗនេះ ជំងឺប៉េស្តជ្រូកបានផ្ទុះឡើងនៅខេត្តរតនគិរី ជាប់ព្រំប្រទល់ប្រទេសវៀតណាម។ មន្រ្តីជំនាញបញ្ជាក់ថា ជំងឺប៉េស្តជ្រូកនេះបានផ្ទុះឡើងដំបូង​ក្នុងភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្ត​រតនគិរី បន្ទាប់​ពី​មាន​សត្វ​ជ្រូក​ប្រហែល ៤០០ក្បាលបានងាប់។​ ចំណែក​ជ្រូក ​១៩៣​ ក្បាល​ផ្សេង​ទៀត​ត្រូវ​សម្លាប់​ក្រោយ​រក​ឃើញ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។

                               តម្រូវការសាច់ជ្រូកនៅប្រទេសកម្ពុជាត្រូវបានដឹងថា ខ្វះដែលតម្រូវមានការនាំចូលពីប្រទេសជិតខាង។

 

មន្រ្តីជំនាញពន្យល់ថា ជំងឺប៉េស្តជ្រូកនេះមិនឆ្លងមកមនុស្សទេ តែជំងឺនេះអាចឆ្លងទៅសត្វជ្រូកផ្សេងទៀត ដែលនាំឱ្យអត្រាងាប់ឡើងខ្ពស់។ មន្រ្តីដាក់ការសង្ស័យថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក គឺមានប្រភពពីប្រទេសវៀតណាមឆ្លងចូលក្នុងប្រទេសកម្ពុជា តាមរយៈការនាំចូលជ្រូកពីប្រទេសវៀតណាម។

កាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញអង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិហៅកាត់ថា FAO បានចុះសិក្សាពីបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិកក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែឧសភា ដើម្បីសិក្សាពីជំងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិកក្នុងប្រទេសកម្ពុជា។ យ៉ាងណាក្រសួងកសិកម្មមិនទាន់បង្ហាញលទ្ធផលនៃការចុះសិក្សានេះនៅឡើយនោះទេ៕

Share

Image
Image
Image