en     km
en     km

ក្រសួងការបរទេស៖ ស្ថានបេសកកម្មកម្ពុជាក្រៅប្រទេសប្ដេជ្ញាតស៊ូការពារយុត្តិធម៌ជូនរាជរដ្ឋាភិបាល

Share

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់តាមរយៈសន្ទរកថារបស់រដ្ឋមន្ត្រីនៃក្រសួងនេះថា ស្ថានបេសកកម្មកម្ពុជាក្រៅប្រទេស បានប្ដេជ្ញាចិត្តតស៊ូការពារ និងរកយុត្តិធម៌ជូនរាជរដ្ឋាភិបាលកម្ពុជា ។

សន្ទរកថានេះ របស់លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើឡើងក្នុងឱកាសអបអរសាទរទិវានៃកិច្ចប្រជុំអាស៊ីអឺរ៉ុប(ASEM DAY) ធ្វើឡើងនៅព្រឹកថ្ងៃទី ១១ មីនា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងនេះ ។

តាមសន្ទរកថានេះបញ្ជាក់ថា ការការពារនិងរកយុត្តិធម៌ជូនរាជរដ្ឋាភិបាលកម្ពុជា គឺជាការការពារតម្លៃស្នូលទីមួយ និងការពារផលប្រយោជន៍គោលរបស់ជាតិ ពិសេសការពារឯករាជ្យ និងអធិបតេយ្យភាព ។

ប្រភពដដែលបញ្ជាក់ថា កិច្ចការទាំងនេះ ជាកិច្ចការអាទិភាពរបស់ការទូតកម្ពុជា នៅក្នុងបរិបទដែលមានការជ្រៀតជ្រែកផ្ទៃក្នុងនៃរដ្ឋនេះ ។

លោកប្រាក់ សុខុន ធ្វើការថ្លែងអំណរគុណដល់​ប្រទេស និងស្ថាប័នទាំងអស់ដែលជួយឧបត្ថម្ភគាំទ្រ ដោយស្មោះដល់កម្ពុជាក្នុងការស្ដារ និងកសាងកម្ពុជាកន្លងមក ។ ជាងនេះ កម្ពុជានៅតែបន្តទទួលជំនួយ ការឧបត្ថម្ភ ពីប្រទេសនៅតំបន់អាស៊ី អាមេរិក និងអឺរ៉ុបជាដើម  តាមរូបភាពផ្សេងៗ ដូចជាជំនួយឥតសំណង កម្ចីដោយការប្រាក់សម្បទាន  ការអនុគ្រោះពន្ធជាដើម ។

រដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះបញ្ជាក់ម្ដងទៀតថា ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ ក៏កម្ពុជាមិនប្ដូរអធិបតេយ្យភាពរបស់ខ្លួនជាមួយនឹងជំនួយនោះទេ ។

លោកបន្ថែមថា កម្ពុជានៅតែអនុវត្តនូវការការពារសិទ្ធិអធិបតេយ្យភាព ក្នុងការធ្វើសេចក្ដីសម្រេចដោយឯករាជ្យ ការពារប្រយោជន៍ជាតិ សន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន ប្រឆាំងសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ។

យ៉ាងណា ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជាបញ្ជាក់បន្ថែមទៀតថា​ខណៈពេលនេះ សភាពការនៅក្នុងតំបន់ និងពិភពលោក បានវិវត្តន៍យ៉ាងឆាប់រហ័ស ស្មុគ្រស្មាញលើសពីការគិត ។ ស្ថានភាពនេះអាចនឹងបង្ករគ្រោះថ្នាក់ ប្រសិនបើកម្ពុជាមិនបានកាច់ចង្កូត ដែលជាការដឹកនាំបានត្រឹមត្រូវ ថ្លឹងថ្លែង និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ទេនោះ  ។

លោក ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជានឹងអនុវត្តន៍នយោបាយការបរទេសប្រកបដោយភាពបទបែនវៃឆ្លាត តបទៅនឹងការបែ្រប្រួល និងសម្ពាធភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងដ៏តានតឹងរបស់ប្រទេសមហាអំណាច ។

លោកថា កម្ពុជានឹងបន្តដំណើរអភិវឌ្ឍបន្តទៀត ដោយឈរលើគោលការណ៍អព្យាក្រិត្យអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ។

រដ្ឋាភិបាលបានអនុវត្តន៍នូវបាវចនាពីរ គឺកំណែទម្រង់ខាងក្នុង  និងបង្កើនមិត្តខាងក្រៅ ។

សម្ដេច​ ហ៊ុន សែនថា កម្ពុជានិងសហភាពអឺរ៉ុប នៅតែមានទំនាក់ទំនងការទូតល្អជាមួយគ្នាទោះបីមានការដកការអនុគ្រោះពន្ធក្ដី ។

សភាពអឺរ៉ុបកំពុងដំណើរនីតិវិធីបណ្ដោះអាសន្នលើដកប្រព័ន្ធអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌគ្រប់មុខទំនិញទាំងអស់លើកលែងអាវុធពីកម្ពុជា ដែលធ្វើឱ្យកម្ពុជាចំណាយប្រមាណ៧០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ៕  

Share

Image
Image
Image