en     km
en     km

ក្រសួងកសិកម្មប្ដូរគោលដៅស្រូវអង្ករ មកកសិកម្មចម្រុះក្រោយអឺរ៉ុបយកពន្ធអង្ករ

Share

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោកវែង សាខុន បានបញ្ជាក់ចំពោះមុខដំណាងមកពីធនាគារអភិវឌ្ឍអាស៊ី (ADB) ថា ក្រសួងបានប្ដូរគោលដៅរបស់ក្រសួងខណៈកន្លងមកផ្តោតសំខាន់តែលើស្រូវអង្ករ មកជាកសិកម្មចម្រុះ ។ ការបញ្ជាក់បែបនេះ ក្រោយពេលដែលសហភាពអឺរ៉ុបសម្រេចយកពន្ធអង្ករជាស្ថាពរដែលចាំចូលពីកម្ពុជា ។

រាយការណ៍ដោយ លោក សោម​ លាភ

 

តាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ការបង្ហាញអំពីការផ្លាស់ប្ដូរទិសដៅរបស់ក្រសួងកសិកម្មបែបនេះ គឺធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាគឺលោក វែង សាខុន ជាមួយលោក Jaing Feng Zhang នាយកប្រតិបត្តិគម្រោងផ្នែកកសិកម្ម និងធនធានធម្មជាតិនៃធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជា នៅថ្ងៃទី ៦ ខែមីនានេះ ។

ប្រភពដដែលបានបញ្ជាក់ថា ធនាគារអភិវឌ្ឍអាស៊ី  ADB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មនៅកម្ពុជា ។

រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បញ្ជាក់ទៅ ADB ថា គោលដៅរបស់ក្រសួងរយៈពេលកន្លងមកគឺផ្តោតជាសំខាន់លើការផលិតស្រូវ និងការនាំចេញ ។

ប៉ុន្តែលោកថា បច្ចុប្បន្ន កំណើនសេដ្ឋកិច្ច ការកើនឡើងនៃចំនួនប្រជាជន ទេសចរណ៍ និងតម្រូវការនៃទីផ្សារបានតម្រូវឲ្យក្រសួងពង្រឹង ពង្រីក និងធ្វើបច្ចុប្បន្នភាពនៃគោលដៅរបស់ខ្លួនមកផ្តោតលើការធ្វើកសិកម្មចម្រុះវិញ ។

មិនត្រឹមតែប៉ុណ្ណោះ លោកថា ក្រសួងកសិកម្ម ក៏ត្រូវងាកមកពង្រឹង និងពង្រីកផលិតផលដែលមានសក្កានុពលខ្ពស់ដូចជា ដំឡូងមី ពោតចំណី ស្វាយ ស្វាយចន្ទី និងជាពិសេសសាកវប្បកម្ម ដោយធ្វើយ៉ាងណាជួយប្រជាកសិករបង្កើនប្រាក់ចំណូល រួមទាំងជាការលើកកម្ពស់ជីវភាពរស់រប់សពួកគាត់នាពេលបច្ចុប្បន្ន ។

លោក វែង សាខុន បានស្នើឲ្យ ADB ផ្តល់ការគាំទ្រលើការបំពេញខ្សែច្រវាក់តម្លៃផលិតកម្ម ធ្វើយ៉ាងនេះដើម្បីបង្កើនតម្លៃបន្ថែមដល់កសិផល ពង្រីកនិងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ជាដើម ។ ជាងនេះ ផ្នែកដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេកទេស និងការធានាដល់គុណភាព សុវត្តិភាពទាំងអនាម័យ និងភូតគាមអនាម័យ ដើម្បីជាការបន្ថយការនាំចេញវត្ថុធាតុដើម ក៏រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើឱ្យ ADB  គាំទ្រផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ លោក វែង សាខុន បានសុំឱ្យ ADB ពិនិត្យពិចារណារៀបចំគម្រោងអភិវឌ្ឍអនុវិស័យជលផល វារីវប្បកម្ម និងការកែច្នៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ឈានទៅដល់បង្កើនការនាំចេញ និងជាពិសេសកាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិ ។

លោក វែង សាខុន បានបញ្ជាក់ថា មានការយកចិត្តទុកដាក់ចំពោះការបង្កាត់ពូជគោសិប្បនិម្មិតដែលនេះជាប្រភពចំណូលសម្រាប់កសិករនៅតាមជនបទ ។

លោក Jaing Feng Zhang បញ្ជាក់ថា លោក នឹងសហការីនិងយកការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ទៅពិនិត្យពិចារណាក្នុងការផ្ដល់ការគាំទ្រ ពិសេសបញ្ចូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍថ្មីដែល ADB កំពុងចងក្រងសម្រាប់កម្ពុជា ។

ភាគី ADB  ថានឹងបន្តផ្តល់ការគាំទ្រមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីអភិវឌ្ឍវិស័យនេះកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត ។

វិស័យកសិកម្មនៅកម្ពុជាជាវិស័យមួយក្នុងចំណោមវិស័យជាច្រើនទៀតដែលមានសក្ដានុពលខ្លាំង ។ ប្រជាជនកម្ពុជាប្រមាណជិត ៨០ % ជាកសិករ ពិសេសគឺពួកគាត់ធ្វើស្រែ បានន័យថាពួកគាត់ពឹងផ្អែកទៅលើស្រូវអង្ករភាគច្រើន ។

ដើមឆ្នាំ ២០១៩ នេះ សហភាពអឺរ៉ុបបានសម្រេចយកពន្ធអង្ករនាំចូលពីកម្ពុជា ជាហេតុធ្វើឱ្យកម្ពុជាចំណាយទៅលើពន្ធអង្ករប្រមាណជាង ៥៤ លានដុល្លារក្នុងមួយឆ្នាំៗ ។ ការសម្រេចយកពន្ធអង្ករពីកម្ពុជាដោយសហភាពអឺរ៉ុបនេះ គឺធ្វើតាមការស្នើពីប្រទេសមួយចំនួនដែលជាសមាជិកនៃសហភាពនេះ ។

ទោះបីជាបែបនេះក្ដី ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាបានបង្ហាញពីស្ថានភាពនៃប្រទេសនេះថា មិនមានការខ្វល់ខ្វាយចំពោះការយកពន្ធនេះទេ ។

យ៉ាងណា កម្ពុជាបានស្វះស្វែងរកទីផ្សារសម្រាប់ការនាំចេញអង្ករ ជាក់ស្ដែងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ចិននឹងទិញអង្ករពីកម្ពុជាពី ៣០ ទៅ ៤០ ម៉ឺនតោន និងវៀតណាម នឹងទិញពីកម្ពុជា ៣០ ម៉ឺនតោនផងដែរ ៕

អត្តបទដោយ៖ សោម លាភ

 

Share

Image
Image
Image