en     km
en     km

កូរ៉េខាងត្បូងសម្រេចទិញគ្រឿងសព្វាវុធពីអាមេរិកតម្លៃជាង ២ពាន់ ៦រយ លានដុល្លារ

Share

ក្រសួងការបរទេសអាមេរិកបានយល់ព្រមអនុម័ត ការលក់អាវុធមានតម្លៃ ២.៦ពាន់លានដុល្លារឱ្យកូរ៉េខាងត្បូងទោះជាប្រទេសពីរនេះ បន្ថយការធ្វើសមយុទ្ធយោធានៅលើឧបទ្វីបកូរ៉េក៏ដោយ។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters   ចុះផ្សាយនៅថ្ងៃសុក្រទី១៤កញ្ញានេះ គឺគ្រឿងសព្វាវុធដែលលក់ទៅអោយកូរ៉េខាងត្បូង រួមមាន យន្ដហោះស៊ើបការណ៍ P-8A Poseidon និងប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលបាលិស្ទីគ Patriot។

ទីភ្នាក់ងារសហប្រតិបត្តិការការពារសន្តិសុខនៃមន្ទីរប៉ុងតាហ្គោនអាមេរិក បានបន្ថែមថាយន្ដហោះ P-8A Poseidon ផលិតដោយក្រុមហ៊ុន Boeing ដែលមានសមត្ថភាព ក្នុងការតាមប្រមាញ់នាវាមុជទឹក ក៏ដូចជាដឹកនាំសកម្មភាពស៊ើបការណ៍សំងាត់នៅឯតំបន់សមុទ្រ នឹងមានតម្លៃរហូតដល់២.១ពាន់ លានដុល្លារ។

កូរ៉េខាងត្បូងបានសម្រេចទិញយន្ដហោះ P-8 Poseidon(ភូសាយឌុន)  ចំនួន៦គ្រឿង និងប្រព័ន្ធ មីស៊ីល Patriot ៦៤ គ្រឿង ពីសហរដ្ឋអាមេរិក កាលពីខែមិថុនាកន្លងទៅគឺចំពេល លោកប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន បានជួបគ្នានៅ ក្នុងប្រទេសសិង្ហបុរីដែលជំនួបកំពូលរវាងមេដឹកនាំសត្រូវនឹងគ្នានេះបានធ្វើអោយស្ថានការណ៍យោធានៅលើឧបទ្វីបថយកម្ដៅជាខ្លាំងមកដល់ពេលនេះ។ ដោយផ្ដើមពីជំនួបនេះ នាំអោយអាមេរិកនិងកូរ៉េខាងត្បូងផ្អាកការធ្វើសមយុទ្ធរួមគ្នា ជាការផ្ដល់ឱកាសអោយក្រុងព្យុងយ៉ាង បន្ថយការប្រឈមផែ្នកកងទ័ពជាមួយ កូរ៉េខាងត្បូង៕  

 

Share

Image
Image
Image