en     km
en     km

ការ​បង្ក្រាប​បទល្មើស​ជលផល​កើនឡើង​តែ​បទល្មើស​ព្រៃឈើ​ សត្វព្រៃ​ ថយ​ចុះ​

Share

ភ្នំពេញ​៖​ របាយការណ៍​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បង្ហាញ​ថា​ ការ​បង្ក្រាប​បទល្មើស​ជលផល​កើនឡើង​ជាង​ ២០០​ ករណី​ ប៉ុន្តែ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ សត្វព្រៃ​ ការ​កាប់​រាន​ដី​ព្រៃ​ថយ​ចុះ​ ៦២​ ករណី​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។​

    អាជ្ញាធរបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប។ រូបភាព៖ Facebook

​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​ របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ដែល​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​កម្ម​វិធីបូក​សរុប​ការងារ​ កាលពី​ថ្ងៃ​ពុធ​ ទី​ ២​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​នេះ​ថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​ ៣៩២៥​ ករណី​ បើ​ធៀប​នឹង​ឆ្នាំ​មុន​កើនឡើង​ ២៧៥​ ករណី​។​ ក្នុង​នោះ​អាជ្ញាធរ​បំផ្លាញ​ចោល​វត្ថុ​តាង​ ៣៧២៣​ ករណី​ ហើយ​ពិន័យ​អន្តរកាល​ចំនួន​ ១១៦​ ករណី​ និង​បញ្ជូន​ទៅ​តុលាការ​ចំនួន​ ៨៦​ ករណី​។​

​ដោយឡែក​ ក្នុង​ឆ្នាំ​ ២០១៧​ រដ្ឋបាល​ព្រៃឈើ​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ សត្វព្រៃ​ ការ​កាប់​រាន​ព្រៃ​សរុប​ ១៤២៨​ ករណី​ ដោយ​ថយ​ចុះ​ ៦២​ ករណី​ ស្មើនឹង​ ៤,១៦​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦​ មាន​ ១៤៩០​ ករណី​។​ ក្នុង​នោះ​ សំណុំរឿង​បទល្មើស​ព្រៃឈើ​ពិន័យ​អន្តរកាល​ ៦៥០​ ករណី​ និង​បញ្ជូន​ទៅ​តុលាការ​ ៧៧៨​ ករណី​ ហើយ​ដកហូត​រណា​យន្ត​ ៥២​ គ្រឿង​។​

​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​ក្នុង​កម្ម​វិធីបូក​សរុប​ការងារ​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ជលផល​ និង​បទល្មើស​ព្រៃ​។​ សម្តេច​ថា​ រាជរដ្ឋា ភិបាល​សម្រេច​បញ្ឈប់​ការ​ផ្តល់​ឡូ​នេសាទ​ និង​សម្បទាន​ដី​សេដ្ឋកិច្ច​ទៀត​ហើយ​។​

​សម្តេច​ ហ៊ុន​ សែន​៖​ «​ទន្ទឹម​នេះ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ខេត្ត​ត្រូវ​ចូលរួម​សហ​ការណ៍​ឲ្យ​បាន​ល្អ​ក្នុង​ការ​ស្រាវជ្រាវ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​ជលផល​ឲ្យ​មាន​ប្រ​សិន​ភាព​។​ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ថា​ ពុំ​មានការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ ឬ​ការ​ជួល​ឡូ​នេសាទ​ទៀត​ទេ​ ហើយ​តំបន់​សម្បទាន​សេដ្ឋកិច្ច​ដដែល​សេសសល់​ពី​មុន​នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ដ៏​តឹង​រឹង​ក្នុង​ការ​អនុវត្តន៍​តាម​កិច្ចសន្យា​វិនិយោគ​។​ »

​កាលពី​ថ្មី​នេះ​ តំណាង​ឲ្យ​អង្គការ​អភិរក្ស​ និង​បរិស្ថាន​ បាន​កោត​ស​សើរ​ចំពោះ​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ​ធនធានធម្មជាតិ​ អភិរក្ស​ជីវចម្រុះ​។​ ទោះបី​យ៉ាងណា​ ក្រុម​អង្គការ​ទាំងនោះ​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ធនធានធម្មជាតិ​យ៉ាង​កំ​ហុ​កដោយ​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​ ចាប់​យក​ដី​ ជា​កម្មសិទ្ធិ​ ការ​កាប់​ឈើ​ និង​ការ​បរបាញ់​សត្វព្រៃ​ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​ ស្ថិត​ខេត្តព្រះវិហារ​។​

​ទាក់ទិន​រឿង​នេះ​ តំណាង​ឲ្យ​អង្គការ​អភិរក្ស​ និង​បរិស្ថាន​ បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ចាត់វិធានការ​ជា​បន្ទាន់​ដោយ​មិន​ពន្យារពេល​ ដើម្បី​ទប់ស្កាត់​ជនល្មើស​ និង​ដើម្បី​ការពារ​ព្រៃឈើ​ និង​សត្វព្រៃ​កម្រ​ ដែល​ជិត​ផុត​ពូជ​ជា​ច្រើន​ប្រភេទ​ផង​ដែរ​។​

​តាម​របាយការណ៍​ក្រសួងបរិស្ថាន​នៅ​ឆ្នាំ​ ២០១៧​ គេ​បាន​បង្កើន​អ្នក​អភិរក្ស​ព្រៃឈើ​ ៣០០​ នាក់​ ដោយ​អ្នក​អភិរក្ស​ព្រៃឈើ​កើនឡើង​រហូត​ដល់​ ១២៦០​ នាក់​។​

​របាយការណ៍​នេះ​ បញ្ជាក់​ថា​ ក្រសួងបរិស្ថាន​បាន​បង្កើត​តំបន់ការពារធម្មជាតិ​ថ្មី​យ៉ាងតិច​ ២៤​កន្លែង​ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​ចំនួន​ ៣​ កន្លែង​ ហើយ​តំបន់ការពារធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សរុប​មាន​ ៥១​កន្លែង​ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ ៧,​ ៥​ លាន​ហិច​តា​៕

Share

Image
Image
Image