en     km
en     km

ការ​បង្កើន​គុណភាព​អប់រំ​ ជាមួយ​ទិន្នន័យ​ប្រសើរ​ជាង​មុន​

Share

​ខេត្តកំពង់ធំ​ ប្រទេស​កម្ពុជា​ ខែ​ក​ក្ដ​ដា​ ឆ្នាំ​២០១៨​ –​ ក្នុង​យុគសម័យ​ដែល​មាន​ទិន្នន័យ​សម្បូរ​បែប​ អ្នកជំនាញ​អប់រំ​ក្នុង​ខេត្តកំពង់់ធំ​ ត្រូវ​បាន​បណ្តុះបណ្តាល​អំពី​របៀប​ប្រមូល​ វិភាគ​ និង​ប្រើប្រាស់​ទិន្នន័យ​ ទៅ​លើ​លទ្ធផល​សិក្សា​ និង​វត្តមាន​របស់​សិស្ស​ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​រៀបចំ​កិច្ច​តែងការ​បង្រៀន​ និង​លើកកម្ពស់​សាលារៀន​របស់​ពួក​គេ​ផង​ដែរ​។​ ​ដោយ​ទទួល​ថវិកា​ពី​មូលនិធិ​ភាព​ជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​ (CDPF)​ ដែល​ជា​មូលនិធិ​មានការ​ចូលរួម​ពី​ស្ថាប័ន​ជា​ច្រើន​ អ្នកជំនាញ​អប់រំ​ក្នុង​ខេត្ត​មួយ​នេះ​ ដែល​ស្ថិត​ក្នុង​ចំណោម​ខេត្ត​ក្រីក្រ​ជាងគេ​របស់​ប្រទេស​កម្ពុជា​ អាច​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​ស្ថិតិ​ និង​វិភាគ​ទិន្នន័យ​។​

​ ​ក្រោម​កិច្ច​ដឹកនាំ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ជាមួយនឹង​ការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប​ (EU)​ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុ​យ​អែ​ត​ (SIDA)​ ភាព​ជា​ដៃគូ​សកល​សម្រាប់​ការ​អប់រំ​ (GPE)​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ និង​យូ​នី​សេ​ហ្វ​ មូលនិធិ​ CDPF​ មាន​គោលបំណង​ពង្រឹងសមត្ថភាព​អ្នកគ្រប់គ្រង​សាលារៀន​ និង​គ្រូបង្រៀន​ ដើម្បី​ឱ្យ​ពួក​គេ​អាច​ផ្តល់​សេវា​អប់រំ​ប្រកបដោយ​គុណភាព​ និង​កាន់តែ​ប្រសើរ​ ដល់​កុមារ​ក្នុង​ប្រទេស​កម្ពុជា​។​ សកម្មភាព​នានា​ដែល​អនុវត្ត​ក្រោម​កម្មវិធី​នេះ​ ធ្វើ​ឡើង​ដោយ​សហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដូច​ជា​អង្គការ​សេវាកម្ម​អ្នក​ស្ម័គ្រចិត្ត​ក្រៅប្រទេស​ (VSO)​ ជាដើម​។​

​ជំនាញ​ថ្មីៗ​ ដែល​ពាក់ព័ន្ធ​នឹង​ស្ថិតិ​ និង​ការ​វិភាគ​ទិន្នន័យ​ទាំងនេះ​ មើល​ដំបូង​ហាក់ដូចជា​ជា​ជំនាញ​កម្រិត​មូលដ្ឋាន​ ប៉ុន្តែ​សម្រាប់​កុមារ​ដែល​រៀន​នៅ​សាលា​បឋម​សិក្សា​កំពង់ថ្ម​ វា​ជា​ផ្លាស់​ប្តូរ​មួយ​ដ៏​ល្អ​ប្រសើរ​។​ ​ដោយ​មានការ​ប្រមូល​ និង​វិភាគ​ទិន្នន័យ​អប់រំ​យ៉ាង​សុក្រឹត​ ឥឡូវនេះ​លោកគ្រូ​ អ្នកគ្រូ​អាច​រៀបចំ​កិច្ច​តែងការ​បង្រៀន​ និង​កម្មវិធី​អប់រំ​ក្នុង​សាលារៀន​ ដែល​អាច​ជួយ​ឱ្យ​ពួក​គេ​ឆ្លើយ​តប​កាន់តែ​ប្រសើរ​ចំពោះ​តម្រូវការ​ និង​បញ្ហា​ប្រឈម​ជាក់លាក់​ ដែល​សិស្សានុសិស្ស​កំពុង​ជួប​ប្រទះ​។​ ជាមួយនឹង​ការ​គាំទ្រ​ថ្មីៗ​ទាំងនេះ​ គេ​រំពឹង​ថា​ នៅ​ចុងឆ្នាំ​សិក្សា​នេះ​ នឹង​មាន​សិស្ស​ច្រើន​នាក់​បន្ថែម​ទៀត​ ចុះ​ឈ្មោះ​ចូល​រៀន​ ឬ​ចូល​រៀន​ក្នុង​សាលា​នេះ​ រួម​ទាំង​អាច​ទទួល​បាន​ចំណាត់ថ្នាក់​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​។​

អ្នកគ្រូ គង់ ស្រីម៉ៅ ឈរញញឹម ក្នុងពេលសិស្សគាត់កំពុងអានសៀវភៅក្នុងថ្នាក់រៀន ក្នុងសាលាបឋមសិក្សាកំពង់ថ្ម។ ©UNICEF Cambodia/2018/Todd Brown

ការ​បណ្តុះបណ្តាល​អំពី​ការ​ប្រមូល​ និង​វិភាគ​ទិន្នន័យ​ ដែល​ទទួល​បានការ​គាំទ្រ​ថវិកា​ពី​មូលនិធិ​ CDPF​ ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​បំពេញបន្ថែម​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ របស់​រដ្ឋាភិបាល​ ក្នុង​ការ​លើកទឹកចិត្ត​ឱ្យ​អ្នកគ្រប់គ្រង​សាលារៀន​ និង​បុគ្គលិក​សិក្សា​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​អប់រំ​ឱ្យ​បាន​ត្រឹមត្រូវ​ សម្រាប់​ប្រមូល​ទិន្នន័យ​អប់រំ​ ពី​តាម​សាលារៀន​នានា​ក្នុង​ប្រទេស​កម្ពុជា​។​ ទិន្នន័យ​ទាំងនេះ​ ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ សម្រាប់​រៀបចំ​ផែនការ​ និង​ផ្តល់​សេវា​អប់រំ​ដល់​កុមារ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។​

​ដើម្បី​ធានា​ថា​ ប្រព័ន្ធ​ទាំងនេះ​ដំណើរការ​ទៅ​ប្រកបដោយ​ប្រសិទ្ធភាព​ នាយក​សាលា​ក្នុង​ខេត្តកំពង់ធំ​ បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ស្តី​ពី​ស្ថិតិ​ និង​ការ​វិភាគ​ទិន្នន័យ​ រៀបចំ​ដោយ​ការិយាល័យ​អប់រំ​ស្រុក​ ហើយ​បន្ទាប់​មក​ពួក​គាត់​ត្រូវ​បន្ត​រៀបចំ​កិច្ចប្រជុំ​អភិវឌ្ឍន៍​សមត្ថភាព​វិជ្ជាជីវៈ​ ជាមួយនឹង​បុគ្គលិក​របស់​ពួក​គាត់​នៅ​តាម​សាលា​រៀងៗ​ខ្លួន​។​ អ្នកគ្រូ​ គង់​ ស្រី​ម៉ៅ​ បង្រៀន​ថ្នាក់​ទី​ ៥​ ក្នុង​សាលារៀន​នេះ​ រយៈពេល​៣០​ឆ្នាំ​មក​ហើយ​ បាន​ចូលរួម​ក្នុង​វគ្គប​ណ្តុះ​​បណ្តាល​នេះ​។​ អ្នកគ្រូ​បាន​ពន្យល់​ថា​ វគ្គ​បណ្តុះបណ្តាល​នេះ​ បាន​ធ្វើ​ឱ្យ​គាត់​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​បង្រៀន​របស់​គាត់​ទាំងស្រុង​។​ “​មុន​ពេល​ទទួល​បានការ​បណ្តុះបណ្តាល​នេះ​ ខ្ញុំ​មិនដឹង​ពី​របៀប​ប្រមូល​ទិន្នន័យ​ឱ្យ​បាន​ត្រឹមត្រូវ​ ឬ​របៀប​ប្រើប្រាស់​ព័ត៌មាន​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ខ្លួន​ខ្ញុំ​ឡើយ​។​ ខ្ញុំ​មិនមែន​ជា​គ្រូ​តែ​ម្នាក់​ទេ​ ដែល​មាន​អារម្មណ៍​បែប​នេះ​ –​ មាន​គ្រូ​ជា​ច្រើន​នាក់​នៅ​ទី​នេះ​ ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ការងារ​ ដោយសារ​ពួក​យើង​មិនដឹង​ថា​ត្រូវធ្វើ​ដូច​ម្តេច​។​”​

អ្នកគ្រូ ស្រីម៉ៅ អានឱ្យសិស្សគាត់ស្តាប់ និងបំផុសឱ្យពួកគេចូលរួមរៀនមេរៀនដែលគាត់យកមកបង្រៀននៅថ្ងៃនេះ។ © UNICEF Cambodia/2018/Todd Brown

 

​ថ្ងៃនេះ​ ជាមួយនឹង​ចំណេះ​ដែល​ទទួល​បាន​ពី​វគ្គ​បណ្តុះបណ្តាល​ និង​ការ​ជួយ​ផ្តល់​ការ​ណែនាំ​ លោកគ្រូ​អ្នកគ្រូ​ទាំងនេះ​ បាន​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នាយក​សាលា​ ដើម្បី​លើកកម្ពស់​លទ្ធផល​នៃ​ការ​បំពេញការងារ​របស់​សាលារៀន​ តាម​រយៈ​ការ​ប្រៀបធៀប​ទិន្នន័យ​រវាង​ឆ្នាំ​ និង​ខែ​ផ្សេងៗ​គ្នា​ ដើម្បី​តាមដាន​វឌ្ឍនភាព​ និង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​ផ្តល់​សេវា​អប់រំ​របស់​ពួក​គេ​ និង​គោលការណ៍​ណែនាំ​ស្តី​ពី​ដំណើរការ​សាលារៀន​។​

​ការ​ប្រមូល​ និង​ការ​តាមដាន​ទិន្នន័យ​អប់រំ​ ក៏​ជួយ​ឱ្យ​បុគ្គលិក​ ក្នុង​សាលា​បឋម​សិក្សា​កំពង់ថ្ម​ កំណត់​ដឹង​ និង​ឆ្លើយ​តប​ចំពោះ​បញ្ហា​បន្ទាន់​នានា​ ក្នុង​សហគមន៍​ ដែល​រារាំង​មិន​ឱ្យ​កុមារ​មួយ​ចំនួន​បាន​មក​ចូល​រៀន​ឱ្យ​បាន​ទៀងទាត់​ ឬ​មិន​បាន​ចុះ​ឈ្មោះ​ចូល​រៀន​សោះតែ​ម្តង​។​ ព័ត៌មាន​ដែល​ប្រមូល​បាន​ ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ ត្រូវ​បាន​យក​មក​ប្រើប្រាស់​ក្នុង​ផែនការ​អប់រំ​របស់​សាលារៀន​ សម្រាប់​កំណត់​នូវ​អាទិភាព​កែ​លម្អ​បរិយាកាស​ក្នុង​សាលា​ បង្កើន​ការ​ចូល​រៀន​ដល់​អ្នក​ភូមិ​ក្នុង​មូលដ្ឋាន​នេះ​ និង​បង្កើន​គុណភាព​ឯកសារ​បង្រៀន​ និង​រៀន​។​ ​ ​អ្នកគ្រូ​បាន​មាន​ប្រសាសន៍​ថា​ “​ឥឡូវនេះ​ ខ្ញុំ​សង្កេត​ឃើញ​ថា​សិស្ស​រៀន​ពូកែ​ជាង​មុន​ ហើយ​សិស្ស​ណា​ដែល​រៀន​ពុំ​ទាន់​គេ​ អាច​ទទួល​បានការ​គាំទ្រ​ជាក់លាក់​ ដែល​ពួក​គេ​ត្រូវការ​។​ ឪពុក​ម្តាយ​ក៏​កាន់តែ​យល់​ដឹង​ជាង​មុន​ ព្រោះ​យើង​ប្រើ​ទិន្នន័យ​ ដើម្បី​ពន្យល់​ប្រាប់​ពួក​គាត់​ពី​មូលហេតុ​ដែល​កូនៗ​គាត់​រៀន​ពូកែ​ ឬ​ខ្សោយ​”​។​

​ ​រហូត​មក​ដល់​ប​ច្ចប្ប​ន្ន​នេះ​ អ្នកគ្រូ​ ស្រី​ម៉ៅ​ តែង​ចូលរួម​ទៀងទាត់​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​គ្រប់គ្រង​ការងារ​អប់រំ​ ដែល​នាយក​សាលា​របស់​គាត់​រៀបចំ​ជា​ច្រើន​លើក​ក្នុង​មួយ​ឆ្នាំៗ​។​ អ្នកគ្រូ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​វគ្គ​ បណ្តុះបណ្តាល​នេះ​ ដោយ​បាន​លើក​ឡើង​ពី​ការ​ផ្លាស់​ប្តូរ​ដែល​គាត់​បាន​សង្កេត​ឃើញ​នៅ​ក្នុង​សាលារៀន​របស់​គាត់​ ចាប់តាំងពី​វគ្គ​បណ្តុះបណ្តាល​ដែល​គាត់​បាន​ចូលរួម​ដំបូង​កាលពី​ប្រាំ​ឆ្នាំ​មុន​។​

​ ​អ្នកគ្រូ​បាន​បន្ត​ទៀត​ថា​ “​នៅ​ពេល​យើង​មាន​សមត្ថភាព​ប្រមូល​ទិន្នន័យ​បាន​ត្រឹមត្រូវ​ យើង​កាន់តែ​អាច​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​គុណភាព​ការ​អប់រំ​ ព្រោះថា​បច្ចុប្បន្ន​នេះ​ យើង​មាន​ព័ត៌មាន​ច្បាស់លាស់​អំពី​ការ​លំបាក​ ដែល​សិស្ស​របស់​យើង​ជួប​ប្រទះ​នៅ​ក្នុង​ថ្នាក់រៀន​។​ លទ្ធផល​របស់​យើង​មិនមែន​តែ​ផ្តោត​លើ​ចំនួន​សិស្ស​ដែល​អាច​ទ្បើ​ង​ថ្នាក់​ទៅ​រៀន​បន្ត​ទៀត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​យើង​ក៏​ផ្តោត​លើ​គុណភាព​ចំណេះដឹង​ដែល​សិស្ស​ទាំងនោះ​បាន​រៀន​ផង​ដែរ​។​”​ ៕ អត្ថបទដោយ ​ Latifah​ Azlan

Share

Image
Image
Image