en     km
en     km

ការិយាល័យផ្ទះជួលសម្រាប់កម្មករអះអាងថាពុំមានការទ្បើងថ្លៃបន្ទប់ជួលនោះទេ

Share

ភ្នំពេញ៖ ការិយាល័យផ្ទះជួលដែលមានទីតាំងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានចេញលិខិតមួយកាលពីថ្ងៃទី១៧ ធ្នូ ឆ្នំា២០១៧នេះថា ការិយាល័យរបស់ខ្លួនពុំមានការទ្បើងថ្លៃបន្ទប់ជួលសម្រាប់កម្មកររោងចក្រនាឆ្នាំ២០១៨ខាងមុខនេះទេ។ លោក ជួន សារ៉េត រាយការណ៍ជូន!

 

ការិយាល័យផ្ទះជួលបានចេញលិខិតបញ្ជាក់ដូចនេះ គឺបន្ទាប់ពីប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា និងកម្មការិនីរោងចក្រម្នាក់បានផ្ដល់បទសម្ភាសឱ្យវិទ្យុស្ត្រីកាលពីថ្ងៃសៅរិ៍ទី ១៦ធ្នូថា នៅឆ្នំា២០១៨ខាងមុខនេះ ផ្ទះជួលដែលស្ថិតនៅតំបន់ដំបូលខៀវនឹងទ្បើងថ្លៃ។

សហជីពបាននិយាយថា មានលិខិតមួយរបស់ការិយាល័យបន្ទប់ជួលដែលស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យចុះថ្ងៃទី១៤ ខែធ្នូ ឆ្នំា២០១៧ ឱ្យដឹងថា ចាប់ពី​ថ្ងៃ​ទី០១ ខែមករា ឆ្នំា២០១៨ ខាងមុខនេះ ការិយាល័យ​បន្ទប់​ជួលរបស់ខ្លួននឹងតំទ្បើងថ្លៃបន្ទប់ចំនួន ៨ ដុល្លារសំរាប់ប​ន្ទប់ជាន់ក្រោម និង ៥ដុល្លារ សំរាប់​បន្ទប់​ជាន់​លើ។

ការចេញលិខិតដូចនេះហើយទើបធ្វើឱ្យប្រធានសហជីព និងកម្មារិនីរូបនេះអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចចុះត្រួតពិនិត្យនឹងដោះស្រាយពីករណីនេះ។

តែមួយថ្ងៃបន្ទាប់ពីការទាមទារនេះទើបគេឃើញមានការិយាល័យផ្ទះជួល ចេញលិខិតបដិសេធន៏ចំពោះការលើកទ្បើងនេះ។

ក្នុងលិខិតចុះថ្ងៃទី១៧ ខែធ្នូ ឆ្នំា២០១៧នេះ ឱ្យដឹងថាការិយាល័យផ្ទះជួលរបស់ខ្លួនមិនមានការតំទ្បើងថ្លៃបន្ទប់ជួលនៅក្នុងឆ្នំា២០១៨ខាងមុខនេះទេ។ ពាក់ព័ន្ធការមិនទ្បើងថ្លៃបន្ទប់ជួលនេះ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក      អ៊ិត សំហេង បានសរសេរនៅលើទំព័រហ្វេសប៊ុកលោកថា សូមអរគុណម្ចាស់ផ្ទះជួលដែលមិនតំទ្បើងថ្លៃផ្ទះជួលតាមសេចក្តីអំពាវនាវរបស់សម្តេច ហ៊ុន សែន។

ស្របពេលនេះដែរ សម្ដេច ហ៊ុន សែន ដែលថ្លែងនៅក្នុងកម្មវិធីជួបកម្មករ កាលពីថ្ងៃអាទិត្យម្សិលមិញ ក៏បានប្រាប់ទៅម្ចាស់ផ្ទះថា បើត្រូវការលុយជួលផ្ទះបន្ថែមទៀត គឺមកយកពីសម្ដេច។

គួរជំរាបថា នាពេលកន្លងមកនេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន ធ្លាប់បានអំពាវនាវទៅ​ដល់គ្រប់​ម្ចាស់​ផ្ទះ​ជួលទំាង​អស់​មិន​ត្រូវតំទ្បើងផ្ទះជួលដល់ក្រុមកម្មករនោះទេ ខណៈរាជរដ្ឋាភិបាល​បានតំទ្បើងប្រាក់​ខែ​ដល់ក្រុមកម្មករនាឆ្នំា ២០១៨ ខាងមុខនេះ។ តាមតួលេខគឺកម្មករកម្មការិនីនឹងទទួលបានប្រាក់បៀវត្ស ម្នាក់ៗ១៧០ដុល្លារចាប់ពីឆ្នាំ២០១៨នេះតទៅ។

កម្មករក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ មាន ជាង ៨០ម៉ឺននាក់ ហើយក្នុងនោះកម្មការិនីជាង ៧០ម៉ឺននាក់  ៕

 

 

Share

Image
Image
Image