en     km
en     km

ការងើបឡើងនៃពួកតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថានភាគខាងជើងនាំឱ្យមានជនភៀសខ្លួនរាប់ពាន់នាក់

Share

សេចក្ដីរាយការណ៍ពីប្រទេសអាហ្វហ្គានីស្ថាន ដោយទីភ្នាក់ងារសារព័ត៌មានអេភី នៅថ្ងៃអង្គារ ទី ១៣ ខែកក្កដា បង្ហាញដំណើរភៀសខ្លួនរបស់ប្រជាជន ចេញពីភូមិរបស់ខ្លួន នៅចំពោះមុខការងើបឡើងនៃពួកឧទ្ទាម ស្របពេលដែលកងទ័ពសហរដ្ឋអាម៉េរិកនិងកងទ័ពសម្ព័ន្ធមិត្តនៅអឺរ៉ុបដកចេញ។

អេភី និទានថា កុមារី សាគីណា (Sakina) ដែលមានអាយុ ១១ ឬប្រហែល ១២ ឆ្នាំ បានដើរជាមួយគ្រួសាររបស់នាងអស់រយៈពេល ១០ ថ្ងៃហើយ បន្ទាប់ពីពួកឧទ្ទាមតាលីបង់បានដណ្ដើមកាន់កាប់ភូមិរបស់នាងនៅភាគខាងជើងនៃប្រទេសនេះ ហើយដុតសាលារៀងនក្នុងសហគមន៍ចោល។

ឥឡូវនេះ ពួកគេស្ថិតក្នុងចំណោមជនភៀសខ្លួនប្រហែល ៥០០ គ្រួសារ ដែលរស់ក្នុងជំរំបណ្ដោះអាសន្ន សង់លើផ្ទៃដីតូចចង្អៀត ប្រកបដោយថ្ម នៅជាយក្រុងម៉ាហ្សាអ៊ីសារីហ្វ ដែលនៅភាគខាងជើង។ អេភី រាយការណ៍បន្តដូច្នេះ ដោយបន្ថែមថា ពួកគេត្រូវទ្រាំរស់ដូចចំហុយ នៅក្នុងរោងប្រក់កៅស៊ូ ក្រោមកំដៅថ្ងៃរហូតដល់ ៤៤ អង្សាសេ ពេលថ្ងៃត្រង់។ បើតាមអេភី ពុំមានដើមឈើទាល់តែសោះ ហើយកន្លែងងូតទឹកតែមួយគត់ សម្រាប់ប្រើមួយជំរំនោះ គឺនៅក្នុងរោងកញ្ចាស់ រហែករយ៉ៃ ជំទើតលើកន្លែងកខ្វក់មួយដែលមានក្លិនឆ្អេះឆ្អាប។

យោងតាមទីភ្នាក់ងារសារព័ត៌មានអេភី ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថានជាមូលដ្ឋានប្រពៃណីរបស់បណ្ដាមេទ័ពដែលគាំទ្រសហរដ្ឋអាម៉េរិក និងជាទឹកដីរបស់ជនជាតិភាគតិច។ ប្រភពដដែលសង្កេតឃើញថា នៅពេលដែលពួកឧទ្ទាមតាលីបង់ងើបឡើងនៅតំបន់នោះ ប្រជាជនរាប់ពាន់គ្រួសារ ដូចជាគ្រួសាររបស់កុមារី សាគីណា ដែរ កំពុងភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ព្រោះខ្លាចរស់នៅក្រោមច្បាប់របស់ពួកឧទ្ទាម។

ដោយផ្អែកតាមក្រសួងមាតុភូមិនិវត្តន៍និងជនភៀសខ្លួនអាហ្វហ្គានីស្ថាន, នៅក្នុងរយៈពេល ១៥ ថ្ងៃចុងក្រោយ ការរុលទៅមុខរបស់ពួកតាលីបង់បានបណ្ដាលឱ្យមានប្រជាជនចំនួន ៥ ៦០០ គ្រួសារ ចាកចោលផ្ទះ ហើយក្នុងចំណោមនោះ ភាគច្រើនមកពីតំបន់ភាគខាងជើង៕

Share

Image
Image
Image