en     km
en     km

កសិករ​បើក​គោ​យន្ត​កិន​គ្រាប់​មីនតោន​ផ្ទុះ​របួស​បី​នាក់​នៅ​ខេត្តព្រះវិហារ​

Share

ភ្នំពេញ​៖​ ប្រជា​កសិករ​បើក​គោ​យន្ត​ទៅ​ចំការ​បាន​កិន​គ្រាប់​មីនតោន​មួយគ្រាប់សេសសល់​កាលពី​សម័យ​សង្គ្រាម​ផ្ទុះ​បណ្តាល​ឱ្យ​រង​របួសស្រាល​បី​នាក់​។ ​ប៉ូលិស​ស្រុក ​អះអាង​ថា​ ពួក​គាត់​មាន​ស្ថាន​ធូរស្រាល​ឡើង​វិញ​ហើយ​។​

​លោក​ ធូ​ វិ​រៈ​ រាយការណ៍​

ប្រជាពលរដ្ឋលើកជនរងគ្រោះដោយសារមីនតោនទៅសង្រ្គោះនៅមន្ទីរពេទ្យ។រូបភាព៖ Taken from Heng Ratana CMAC facebook page



​កាលពី​​ថ្ងៃ​ ពុធ ​ទី ​២៦ ​កញ្ញា​ នៅ​ស​ប្ដា​ហ៍​នេះ​ កសិក​រនៅ​ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​ បាន​បើក​គោ​យន្ត​ទៅ​ចំការ​ ដោយ​បាន​កិន​មីនតោន​មួយ​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម​ផ្ទុះ​បណ្តាល​រង​របួសស្រាល​បី​នាក់ ​ហើយ​គោ​យន្ត​ខូចខាត​ស្ទើរ​ទាំងស្រុង​។

​យោង​តាម​របា​ការណ៍​ប៉ូលិស​ បញ្ជក់​ថា​ កសិករ​បើក​គោ​យន្ត​កិន​មីនតោន​មួយ​គ្រាប់​ផ្ទុះ​នៅ​វេលា​ម៉ោង​ ៣​ រលៀស​ ស្ថិត​នៅ​ភូមិ​សែន​តេជៈ​ ឃុំ​មរកត​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​។

​របាយការណ៍​នេះ​បន្ថែម​ថា​ ជន​រង​គ្រោះ​ទាំង​បី​នាក់ ​ឈ្មោះ​ ទិ​ត្យ​ រី​ទ្ធី​ ភេទ​ប្រុស​ អាយុ​ ៤៣​ ឆ្នាំ​។​ លោក​ កឹ​ម​ សុ​ភ័​ក្ត្រា​ អាយុ​ ៣៣​ ឆ្នាំ​ និង​ លោក​ ភឿន​ សុភាព​ អាយុ​ ៣០​ ឆ្នាំ​ ជា​អ្នក​បើក​គោ​យន្ត​។

​លោក​វរៈសេនីយ៍ត្រី​ ឱ​ សេង​ អធិការ​ស្រុក​ជាំ​ក្សាន្ត​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ជន​រង​គ្រោះ​ពីរ​នាក់​របួសស្រាល​ ហើយ​អ្នក​បើក​គោ​យន្ត​គ្មាន​របួស​អ្វី​ទេ​ តែ​គោ​យន្ត​រង​ការ​ខូចខាត​ស្ទើរ​ទាំងអស់​។​ ពួក​គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ១៦​ មក​រា​ ខេត្តព្រះវិហារ​។

​លោក​ ឱ​ សេង​៖«​និយាយ​ចំ​ទៅ​ថា​វា​អត់​មាន​ដាច​អ្វី​ទេ​ វា​គ្រាន់តែ​ខ្ទំ​ក្នុង​អ​ញ្ចឹ​ង​ណា​ ហើយ​បងប្អូន​គាត់​បញ្ជូន​ទៅ​ពេទ្យ​បង្អែក​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ ឥឡូវ​បាន​ធូរ​ហើយ​ ម្នាក់​ទៀត​អត់​មាន​របួស​អ្វី​ផង​ តៃកុង​អត់​របួស​ផង​»​។​

​លោក​ ឱ​ សេង​ អធិការ​ស្រុក​ជាំ​ក្សាន្ត​ បញ្ជាក់​ថា​ គ្រាប់​មីន​កប់​នៅ​ក្នុង​ដី​ច្រើន​ណាស់​ក្នុង​ព្រៃ​ក្នុង​ខេត្តព្រះវិហារ​។​លោក​ថា​ ករណី​ផ្ទុះ​នេះ​ជា​ករណី​ទី​៣​ សម្រាប់​ឆ្នាំ​នេះ​។​

​បើ​យោង​តាម​របាយការណ៍​អាជ្ញាធរ​មីន​កម្ពុជា​គឺ ​ចាប់ពី​ខែ​ មក​រា​ ឆ្នាំ​ ២០១៧​ ដល់​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ បង្ហាញ​ថា​ ខេត្តព្រះវិហារ​ បាត់ដំបង​ ឧត្ត​មាន​ជ័យ​ កំពង់ចាម​ និង​កំពង់ស្ពឺ ​ជា​ខេត្ត​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយសារ​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ហើយ​អ្នក​រង​របួស​ និង​ស្លាប់​ដោយ​គ្រាប់​មីន ​និង​យុទ្ធ​មិន​ទាន់​ផ្ទុះ​សរុប​ចំនួន ៥០​ នាក់ នៅ​ក្នុង​ខេត្ត​ទាំងនោះ​។​

​អ្នក​រង​គ្រោះ​ភាគច្រើន​ជា​បុរស​មាន​រហូត​ ៦២​ភាគរយ​ និង​ស្រ្តី​មាន​ ​៩ ​ភាគរយ​ ហើយ​ជន​រង​គ្រោះជា​ក្មេង​ប្រុស​ ២២ ​ភាគរយ​ និង​ក្មេង​ស្រី​ ៧​ ភាគរយ​។​ ជន​រង​គ្រោះ​ ដោយ​សារ​គ្រាប់​មីន​ ២៨​ ភាគរយ​ និង​រង​គ្រោះ​ដោយ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មាន​រហូត​ដល់​ ៧២​ ភាគរយ​។​

​លោក​ អេ​ង​ ភាព​ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ​នៃ​អាជ្ញាធរ​មីន​ បង្ហាញ​របាយការណ៍​រយៈ​៨​ ខែ​ ដើមឆ្នាំ​ ២០១៨​ ថា​ ជន​រង​គ្រោះ​ដោយ​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ផ្ទុះ​គ្រប់​ប្រភេទ​មាន​ចំនួន​ ៤៣​ នាក់​។​ក្នុង​ចំណោម​នោះ​មាន​បុរស​ ២៥​ នាក់​ ស្ត្រី​ ៣​ នាក់​ កុមា​រា​ ១៣​ នាក់​ និង​កុមារី​ ២​ នាក់​។​

​លោក​ អេ​ង​ ភាព​ បន្ថែម​ថា​ ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់មាន​ ៨​ នាក់​ និង​រង​បួស​ និង​ ពិការ​ ៣៤​ នាក់​។​
​បើ​យោង​តាម​របាយការណ៍​អាជ្ញាធរ​មីន​ចាប់ពី​ឆ្នាំ​ ២០០០​ មក​ដល់​ ៨​ ខែ​ដើមឆ្នាំ​ ២០១៨​ ជន​រង​គ្រោះ​ដោយ​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ផ្ទុះ​គ្រប់​ប្រភេទ​មាន​ចំនួន​ ៧៦៣៦​ នាក់​ ក្នុង​នោះ​ស្លាប់​ ១៤៤៤​ នាក់​ និង​របួស​ ៦១៩២​ នាក់​៕

Share

Image
Image
Image