en     km
en     km

ករណី​ស្មុំ​កូន​៖​ឪពុក​ម្តាយ​ស្វែងរក​ជួប​មុខ​កូន​បន្ទាប់​ពី​បែក​គ្នា​ជិត​២០​ឆ្នាំ​​

Share

ភ្នំពេញ​៖​ឪពុក​ម្តាយ​ស្វះ​ស្វែងរក​ពី​អង្គការ​សង្គម​ស៊ី​វិល​ដើម្បី​ជួយ​អន្តរាគមន៍​សុំ​ជួប​មុខ​កូនៗ​របស់​ពួក​គាត់​ក្រោយ​ជនបរទេស​ស្មុំ​យក​ទៅ​ចិញ្ចឹម​រយៈពេល​ជិត​២០​ឆ្នាំ​។​


យ៉ាងតិច​ឪពុក​ម្តាយ​ប្រាំ​គ្រួ​សារបាន​មក​ស្វះស្វែង​អន្តរាគមន៍​ពី​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ដើម្បី​ឲ្យ​អន្តរាគមន៍​អោយ​បាន​ជួប​មុខ​កូន​ដែល​ត្រូវ​បាន​ជនបរទេស​ស្មុំ​យក​ទៅ​ចិញ្ចឹម​ជា​កូនចិញ្ចឹម​កាលពី​១៨​ឆ្នាំ​មុន​។​នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​លី​កាដូ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ៣០​ ខែ​ មីនា​ ឆ្នាំ​ ២០១៨​នេះ​។​

​សេចក្តីថ្លែងការណ៍​ដដែល​បញ្ជាក់​ថា​ឪពុក​ម្តាយ​មាន​ជីវភាព​ក្រីក្រ​ទាំងនោះ​បាន​យក​កូន​របស់​ពួក​គាត់​មាន​អាយុ​ចន្លោះ​ពី​៣​ឆ្នាំ​ ទៅ​ ៩​ឆ្នាំ​ ឲ្យ​រស់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​កាលពី​ឆ្នាំ​២០០០​។​ការ​សម្រេចចិត្ត​ផ្ញើ​កូន​នៅ​មណ្ឌលកុមារ​កំព្រា​ដោយសារ​ពួក​គាត់​ចង់​ឲ្យ​កូនៗ​ទទួល​បានការ​សិក្សា​ល្អ​និង​ព្យាបាល​ជំងឺ​ឲ្យ​បាន​ទៀត​ទាត់​។​

​អ្នក​ស្ត្រី​ នាង​ យន់​ ជា​គ្រួសារ​មួយ​ក្នុង​ចំណោម​គ្រួសារ​ផ្សេង​ទៀត​បាន​ស្នើ​សុំ​ ជួប​មុខ​កូន​ក្រោយ​ពី​បែក​គ្នា​អស់​រយៈពេល​ជាង១០​ឆ្នាំ​មក​ហើយ​។​ អ្នក​ស្រី្ត​ នាង​ យន់​ ឲ្យ​ដឹង​ថា​កូនច្បង​របស់​អ្នកស្រី​មាន​អាយុ​១៨​ឆ្នាំ​ហើយ​គិត​ចាប់ពី​ឪពុក​ម្តាយចិញ្ចឹម​ជា​ជនបរទេស​យក​ទៅ​ចិញ្ចឹម​កាលពី​ឆ្នាំ​ ២០០៨​។​

​អ្នក​ស្ត្រី​ នាង​ យន់​៖«​ចង់បាន​ឲ្យ​តែ​ជួប​មុខ​កូន​ ឲ្យ​បាន​ដំណឹង​កូន​វិញ​ ហើយ​ឲ្យ​បាន​ដឹក​សុខទុក្ខ​កូន​យ៉ាង​ណា​ហើយ​។ ​ចង់​ផ្ញើ​កូន​ថា​កូន​អើយ​ដឹង​ដំណឹង​ម្តាយ​ឲ្យ​សូម​ឲ្យ​កូន​នឹង​ស្គាល់​មុខ​ម្តាយ​ផង​ មើល​មុខ​ម្តាយ​ផង​។​ម្តាយ​កំពុង​ពិបាក​ នឹក​កូន​ខ្លាំង​អ​ញ្ចឹ​ង​ទៅ​។​សូម​ឲ្យ​កូន​តបត​ជាមួយ​ម្តាយ​វិញ​ខ្លះ​ ព្រោះ​ខ្ញុំ​បៀម​ទុក​យូ​ហើយ​។​»

​របាយការណ៍​អង្គការ​លី​កាដូ​លើក​ឡើង​ថា​ឪពុក​ម្តាយ​ទាំងនោះ​មិន​បាន​ព្រមព្រៀង​ក្នុង​ការ​ដំណើរការ​ស្មុំ​កូន​ទេ​។​ប៉ុន្តែ​នាយក​មណ្ឌលកុមារ​កំព្រា​និង​អាជ្ញាធរ​ក្នុង​តំបន់​ធ្វើ​ឯកសារ​មិន​ពិត​ដោយ​អះអាង​ថា​កុមារ​ទាំងនោះ​កំព្រា​ឬ​ឪពុក​ម្តាយ​បោះបង់​ចោល​។​

​កាលពី​ឆ្នាំ​ ២០០៩​ រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​ដំណើរការ​ស្មុំ​កូន​យក​ទៅ​ចិញ្ចឹម​ពី​ប្រទេស​កម្ពុជា​ហើយ​ប្រទេស​ជា​ច្រើន​ក៏​សម្រេច​ផ្អាក​ការ​ស្មុំ​កូន​ពី​កម្ពុជា​ដោយសារ​ភស្តុ​តាង​ជា​ច្រើន​បាន​បង្ហាញ​ថា​កុមារ​កម្ពុជា​រស់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​មិនមែន​ជា​កុមារ​កំព្រា​ទេ​ ប៉ុន្តែ​កុមារ​ទាំងនោះ​ត្រូវ​បាន​ឪពុក​ម្តាយ​យក​ទៅ​ផ្ញើ​នៅ​មណ្ឌលកុមារ​កំព្រា​ឲ្យ​ជួយ​ចិញ្ចឹម​ដោយសារ​ស្ថានភាព​គ្រួសារ​ក្រីក្រ​ពេក​។​

​លោក​ អំ​ សំអាត​ អ្នកគ្រប់គ្រង​កម្មវិធី​ឃ្លាំមើល​និង​​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​លី​កាដូ​ ឲ្យ​ដឹង​ថា​យ៉ាងតិច​កុមារ​១៤​នាក់​នៃ​៥​គ្រួសារ​មក​ស្នើ​សុំ​ឲ្យ​អង្គការ​លី​កាដូ​ជួយ​អន្តរាគមន៍​ជួប​កូនៗ​របស់​ពួក​គាត់​។​ក្នុង​ចំណោម​កុមារ​ទាំង​អស់នេះ​ត្រូវ​បាន​ឪពុក​ម្តាយចិញ្ចឹម​យក​​ទៅ​ចិញ្ចឹម​នៅ​សហរដ្ឋអាមេរិក​ ប្រទេស​អូ​ទ្រី​ស​ និង​ប្រទេស​អ៊ី​តា​លី​។​

​លោក​ អំ​ សំអាត​ បន្ថែម​ថា​ អង្គការ​របស់​លោក​នឹង​ខិតខំ​ប្រឹងប្រែង​អន្តរាគមន៍​ដើម្បី​ឲ្យ​ឪពុក​ម្តាយ​បង្កើន​អាច​ជួប​មុខ​កូន​។​

​លោក​ អំ​ សំអាត​៖«​វា​ពិបាក​ក្នុង​ការ​ទំនាក់ទំនង​ការ​រក​យន្តការ​ឬ​វិធីសាស្ត្រ​ឲ្យ​ម្តាយ​ឪពុក​នឹង​កូន​ជួប​គ្នា​។​ក៏​ប៉ុន្តែ​អង្គការ​លី​កាដូ​យើង​នៅ​តែ​ព្យាយាម​ទាក់ទង​ទៅ​ប្រទេស​ទទួល​ក្មេង​និង​ហើយ​និង​អាជ្ញាធរ​កម្ពុជា​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​ទំនាក់ទំនង​រវាង​ឪពុក​ម្តាយ​និង​កូន​។​»

​បើ​យោង​តាម​ទិន្នន័យ​រាជរដ្ឋាភិបាល​កម្ពុជា​កុមារ​ខ្មែរ​មាន​ចំនួន​៣៦៩៦​នាក់​ត្រូវ​បាន​ឪពុក​ម្តាយចិញ្ចឹម​ទទួលយក​ទៅ​រស់នៅ​ក្រៅប្រទេស​មុន​ពេល​ផ្អាក​ការ​ស្មុំ​កូនចាប់​ឆ្នាំ​២០០៩​។​

​យោង​តាម​ទិន្នន័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ កុមារ​ចំនួន​ ៣៦៩៦​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​រស់នៅ​បរទេស​ មុន​ពេល​មានការ​ផ្អាក​ដំណើរការ​ស្មុំ​កូន​នេះ​ នៅ​ឆ្នាំ​២០០៩​។​ ចាប់តាំងពី​ការ​ផ្អាក​ការ​ស្មុំ​កូន​រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​កម្ពុជា​មិន​ទាន់​ចាត់វិធានការ​ចំពោះអ្នកក្លែងឯកសារ ដើម្បី​ផ្តន្ទាទោស​នៅឡើយ​ទេ​។​ ជន​រង​គ្រោះ​ក៏​ពុំ​ទាន់​ទទួល​បាន​សំណង​ខូ​ត​ខាត​អ្វី​ដែរ​។​

​អង្គការ​នេះ​សំណូមពរ​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​និង​រដ្ឋាភិបាល​បរទេស​ពាក់ព័ន្ធ​ធ្វើការ​សុំ​ទោស​អ្នក​រង​គ្រោះ​ដោយ​ដំណើរការ​ស្មុំ​កូន​បែបបទ​ក្លែងបន្លំ​កាលពី​អតីតកាល​។​អង្គការ​នេះ​សង្ឃឹមថា​រាជរដ្ឋាភិបាល​នឹង​មិន​អនុញ្ញាត​ឲ្យ​មានការ​ស្មុំ​កូន​អន្តរប្រទេស​ជា​ថ្មី​ម្តង់ទៀត​ទេ​៕

Share

Image
Image
Image