en     km
en     km

កម្មការិនី​ខ្លះ​ បារម្ភ​ពី​ការ​បាត់បង់​ការងារ​ ទោះបី​ប្រាក់​ឈ្នួល​កើនឡើង​ក៏​ដោយ​

Share

ភ្នំពេញ​ ៖​ កម្មការិនី​រោងចក្រ​មួយ​ចំនួន​ដែល​ អ្នក​ព័ត៌មាន​វិទ្យុ​ស្ត្រី​បាន​ជួប​សម្ភាស​ មាន​ក្ដី​ព្រួយបារម្ភ​ពី​ការ​ជម្រុះ​បុគ្គលិក​ ស្រប​ពេល​ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ឡើង​ដល់​ ១៧០​ដុល្លារ​ នៅ​ឆ្នាំ​២០១៨​។​ តែ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​អះអាង​ថា​ គ្មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​ទេ​។​ តែ​យ៉ាងណា​ តំណាង​សហជីព​សុំ​ឲ្យ​រដ្ឋាភិបាល​ ចុះ​ទៅ​ដោយ​ផ្ទាល់​ដល់​រោងចក្រ​ដើម្បី​សិក្សា​រឿង​នេះ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

រូបភាពកម្មករ កម្មការិនី ចេញពីធ្វើការពេលថ្ងៃ ថតថ្ងៃទី១៣​ ខែធ្នូ ឆ្នាំ២០១៧។

 

នៅ​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​ កម្មករ​ កម្មការិនី​ នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ ១៧០​ដុល្លារ​ ក្នុង​មួយ​ខែៗ​។​ តែ​មិន​ទាន់​ដាច់​ខែធ្នូ​ ស្រួលបួល​ផង​ ស្រាប់តែ​មាន​ពាក្យ​លេចឮ​ ពី​មាត់​មួយ​ទៅ​មួយ​ថា​ រោងចក្រ​នឹង​ជម្រុះ​បុគ្គលិក​កាត់ដេរ​មួយ​ចំនួន​ ដែល​ធ្វើ​ការងារ​យឺត​ និង​ស្ដ្រី​អាយុ​ចាប់ពី​ ៣០​ឆ្នាំ​ឡើង​។​

​កម្មការិនី​រោងចក្រ​ម្នាក់​ នៅ​ម្ដុំ​សង្កាត់​ទួល​សង្កែ​ទី​០១​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​ ក្នុង​ល័ក្ខខ័ណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​ នាង​បានឮ​កម្មការិនី​ក្នុង​រោងចក្រ​ជជែក​គ្នា​ថា​ នៅ​ដើម​ឆាំ្ន​២០១៨​ខាង​មុខ​ កម្មការិនី​ ដែល​ធ្វើការ​យឺត​ ឈឺ​ច្រើន​ និង​អាយុ​ចាប់ពី​ ៣០​ឆ្នាំ​ឡើង​ នឹង​ត្រូវ​ស្រង់​ឈ្មោះ​ដើម្បី​បញ្ឈប់​ការងារ​។​ កម្មការិនី​ ៖«​ឮ​គេ​ថា​អាយុ​ ៣០​ជាង​ហ្នឹង​គេ​បញ្ឈប់​ខ្លះ​ ហើយ​អ្នក​ឈប់​ច្រើន​ក៏​គេ​អត់​យក​ដែរ​ អ្នក​ដេរ​យឺត​ ចេះ​តែ​មួយ​ម៉ា​ស៊ិ​ន​អី​ក៏​គេ​អត់​យក​ គេ​យក​តែ​អ្នកចេះ​ពីរ​ម៉ា​ស៊ិ​ន​»​។​

​មិន​ខុស​គ្នា​ដែរ​ កម្មការិនី​ម្នាក់​ទៀត​អាយុប្រមាណ​ជាង​ ៣០​ឆ្នាំ​ ដែល​កំពុងធ្វើការ​ងារ​នៅ​រោងចក្រ​មួយ​កន្លែង​ម្ដុំ​សង្កាត់​ទួល​សង្កែ​ទី​០២​ អ្នកស្រី​ សុខ​នី​ ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ​ បាន​ប្រាប់​ថា​ នៅ​រោងចក្រ​របស់​អ្នកស្រី​ក៏​មាន​ពាក្យ​លេចឮ​ស្ដី​ពី​ការ​ ស្រង់​ឈ្មោះ​កម្មករ​ កម្មការិនី​ ដែល​ធ្វើការ​យឺត​ ឬ​ក៏​ឈឺ​ច្រើន​ជាដើម​ ដើម្បី​បញ្ចប់​កិច្ចសន្យាការងារ​របស់​ពួក​គេ​ត្រឹម​ដើមឆ្នាំ​២០១៨​។​ ប្រការ​នេះ​ អ្នកស្រី​ សុខ​នី​ មាន​ក្ដី​បារម្ភ​ជា​ខ្លាំង​ពី​ស្ថិរភាព​សេដ្ឋកិច្ច​របស់​គ្រួសារ​អ្នកស្រី​ ប្រើ​សិន​បើ​មានការ​បញ្ឈប់​ដូច​ពាក្យ​លេចឮ​មែន​។​

​អ្នកស្រី​ សុខ​នី​៖«​និយាយ​ពី​ព្រួយបារម្ភ​នោះ​ គឺ​រាល់ថ្ងៃ​គិត​នោះ​គិត​ មួយ​ជំ​ហ៊ាន​គិត​ អង្គុយ​គិត​ ដេក​ក៏​គិត​ខ្លាច​អត់​លុយ​បង់​រដ្ឋ​អ​ញ្ចឹ​ង​ ព្រោះ​អី​យើង​កូន​ ពីរ​ បី​ ព្រោះ​អី​ម្នាក់ៗ​សុទ្ធតែ​ជំពាក់​អង្គការ​ យក​លុយ​មក​ចាក់​ដី​ទៅ​ អ្នកខ្លះ​យក​លុយ​មក​ធ្វើ​ផ្ទះ​ទៅ​ ខ្លះ​យក​លុយ​មក​ទិញ​ម៉ូតូ​ឲ្យ​ប្ដី​រត់​អ​ញ្ចឹ​ង​ទៅ​»​។​

​ចំ​ណែ​កម្មការិនី​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា​ ប្រសិនជា​អ្នកស្រី​ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ពី​ការងារ​ ព្រោះតែ​អាយុកាល​មែន​ អ្នកស្រី​ច្បាស់​ជា​ ជួប​ការ​លំបាក​ខ្លាំង​ជាក់​ជា​ពុំខាន​ ព្រោះ​អ្នកស្រី​ និង​ ស្វាមី​សុទ្ធតែ​ជា​កម្មករ​ ដែល​រក​ប្រាក់​ចំណូល​បាន​តិច​តូ​ប៉ុណ្ណោះ​ ហើយ​ស្ទើរតែ​មិន​គ្រប់​សម្រាប់​ការ​ចំណាយ​ថ្លៃ​អាហារ​ និង​កូនៗ​រៀនសូត្រ​ផង​។​

​កម្មការិនី​៖«​ខ្វះខាត​ខ្លះ​ដែរ​ វា​មិនសូវ​ដូច​ថា​ គ្រប់គ្រាន់​ប៉ុន្មាន​ព្រោះ​អី​វា​រក​អត់​សូវ​បាន​ ដល់​អ​ញ្ចឹ​ង​វា​អត់​សូវ​គ្រប់គ្រាន់​ ព្រោះ​ណាមួយ​ត្រូវ​ចំណាយ​ទៅ​កូន​ផង​ ចំណាយ​ចាយ​ហូប​ចុក​ខ្លួនឯង​ផង​ វា​មិនសូវ​គ្រាន់​ បើ​ថា​ខ្ញុំគេ​បញ្ឈប់​ទៀត​ ខ្ញុំ​មិនដឹង​សង្ឃឹម​អី​ទេ​ចិញ្ចឹម​កូន​»​។​

​តែ​យ៉ាងណា​ដំណឹង​នេះ​មិន​ទាន់​ត្រូវ​បាន​ប្រធាន​ក្រុម​ ឬ​ក៏​ប្រធាន​ផ្នែក​រោងចក្រ​ចេញ​មុខ​បញ្ជាក់​ប្រាប់​ កម្មករ​ កម្មការិនី​ក្នុង​រោងចក្រ​នោះ​ទេ​។​

​ជុំវិញ​រឿង​នេះ​ លោក​ កាំ​ង​ ម៉ូ​នី​កា​ អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​បានឮ​ដំណឹង​នេះ​ នៅឡើយ​ទេ​។​ បន្ថែម​ពី​នេះ​ អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ចាត់​ទុក​ថា​ នេះ​ត្រឹមតែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ​។​

​លោក​ កាំ​ង​ ម៉ូ​នី​កា​ ៖«​ដោ​យារ​ពេល​ខ្លះ​ ពាក្យ​ចចាមអារ៉ាម​វា​ហោះហើរ​លឿន​ណាស់​ អ​ញ្ចឹ​ង​សូម​ជម្រាប​ថា​ បើសិនជា​មាន​បញ្ហា​ត្រូវ​ទៅ​សួរ​រក​ប្រភព​ ឬ​បញ្ជាក់​អី​ឲ្យ​បាន​ត្រឹមត្រូវ​ កុំ​ចេះ​តែ​ផ្អើល​តាម​គ្នា​»​។​

​តែ​យ៉ាងណា​អ្នកស្រី​ យ៉ាង​ សោ​ភ័​ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ បាន​អះអាង​ថា​ អ្នកស្រី​ក៏​បាន​ទទួល​ដំណឹង​លេចឮ​ពី​គម្រោង​របស់​ថៅកែ​ រោងចក្រ​ដែល​ចង់​បញ្ឈប់​កម្មការិនី​ មួយ​ចំនួន​នៅ​ក្នុង​រោងចក្រ​របស់​ពួក​គេ​ នៅ​ដើមឆ្នាំ​២០១៨​ ក្រោម​ហេតុផល​ធ្វើការ​យឺត​ ឧស្សាហ៍​ឈឺ​ ឬ​ក៏​អាយុ​ច្រើន​ជាដើម​។​ ករណី​នេះ​អ្នកស្រី​ យ៉ាង​ សោ​ភ័​ណ្ឌ​ បាន​សង្កេត​ឃើញ​ថា​ មិនមែន​មាន​តែ​ឆ្នាំ​នេះនោះ​ទេ​ ដែល​ក្រុម​ថៅកែ​រោងចក្រ​បាន​ប្រើ​លេស​ដូចនេះ​ ដើម្បី​បណ្ដេញ​កម្មការិនី​ ចេញពី​ការងារ​ ពោល​គឺ​កន្លង​មក​ក៏​មានរឿង​ដូច​គ្នា​នេះ​បាន​កើតឡើង​ដែរ​។​

​ត្រង់​ចំណុច​នេះ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ ទទូច​ថា​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ គួរតែ​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​តាម​រោងចក្រ​ដោយ​ផ្ទាល់​ ជុំវិញ​ការ​លើក​ឡើង​របស់​ពួក​។​ អ្នកស្រី​បន្ដ​ថា​ ប្រសិនបើ​មាន​ករណី​ដូច​ការ​លើក​ឡើង​មែន​ រដ្ឋអំណាច​គួរតែ​មាន​វិធានការ​ជាក់លាក់​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រោងចក្រ​នោះ​ ដើម្បី​ជា​ការ​ព្រមាន​ដល់​រោងចក្រ​ដទៃ​ទៀត​។​

​អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​៖«​អ​ញ្ចឹ​ង​ខ្ញុំ​ស្នើ​សុំ​ថា​ នៅ​ពេល​ដែល​មានការ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ចំណុច​ហ្នឹង​ឡើង​វិញ​ តើ​តាម​បណ្ដា​រោងចក្រ​នីមួយៗ​បាន​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​កម្មករ​ ត្រង់​ចំណុច​ហ្នឹង​ឬ​អត់​!​ ហើយ​បើ​មាន​សុំ​ឲ្យ​ក្រសួង​មាន​វិធានការ​ទៅ​លើ​រោងចក្រ​ហ្នឹង​»​។​

​ជា​ការ​ឆ្លើយ​តប​លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ មាន​ប្រសាសន៍​ថា​ លោក​មិន​បានដឹង​ព័ត៌មាន​ស្ដី​ពី​ការ​ជម្រុះ​កម្មករ​ កម្មការិនី​តាម​រោងចក្រ​នោះ​ទេ​។​ តែ​យ៉ាងណា​លោក​សង្កត់ធ្ងន់​ថា​ ប្រសិនបើ​មាន​ករណី​ដូចនេះ​មែន​ក្រសួង​នឹង​ដោះស្រាយ​ជូន​កម្មករ​ កម្មការិនី​ ស្រប​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការងារ​ដែល​មាន​ចែង​។​

​លោក​ ហេង​ សួរ​៖«​ច្បាប់​ការងារ​ គឺ​រាល់​កិច្ចសន្យា​ គឺ​មាន​តែ​ពីរ​ប្រភេទ​ទេ​ កិច្ចសន្យា​មាន​ថេរវេលា​កំណត់​ និង​កិច្ចសន្យា​គ្មាន​ថេរវេលា​កំណត់​ ចំពោះ​កិច្ចសន្យា​គ្មាន​ថេរវេលា​កំណត់​គឺ​ពេល​ចូល​ធ្វើការ​ហើយ​ ធ្វើការ​បាន​មួយ​ជីវិត​ លើកលែងតែ​ក្រុមហ៊ុន​ រោងចក្រ​នោះ​ក្ស័យ​ធន់​»​។​

​គួរ​ជម្រាប​ថា​ វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ គឺជា​ឆ្អឹងខ្នង​សេដ្ឋ​ដ៏​ធំ​របស់​កម្ពុជា​ ក្នុង​ចំណោម​វិស័យ​អាទិភាព​ដទៃ​ទៀត​។​
​វិស័យ​មួយ​នេះ​ បាន​ផ្ដល់​ការងារ​ដល់​កម្មករ​ កម្មការិនី​ កម្ពុជា​ ប្រមាណ​ជាង​ ៨០​ម៉ឺន​នាក់​ ដែល​មាន​ស្ដ្រី​ជាង​ ៧០​ម៉ឺន​។​
​បច្ចុប្បន្ន​កម្មករ​ កម្មការិនី​កម្ពុជា​ ទទួល​បាន​ប្រាក់​ឈ្នួល​ចំនួន​ ១៥៣​ដុល្លារ​ ក្នុង​មួយ​ខែៗ​ ដែល​ប្រាក់​ឈ្នួល​នេះ​ នឹង​កើន​ដល់​ ១៧០​ដុល្លារ​នៅ​ឆ្នាំ​២០១៨៕

Share

Image
Image
Image