en     km
en     km

កម្មករ​រោងចក្រ​ ជី​ម​ លី​ បើកផ្លូវ​ជាតិ​លេខ​៤​ ដើម្បី​ទុក​ពេល​ពីរ​ថ្ងៃ​ឲ្យ​ក្រសួង​ការងារ​ជួយ​ដោះស្រាយ​

Share

ភ្នំពេញ​ ៖​ កម្មករ​ កម្មការិនី​ រោងចក្រ​ ជី​ម​ លី​ នៅ​សង្កាត់​កាំ​បូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ប្រមាណ​ជាង​ ៥០០​នាក់​ បាន​នាំ​គ្នា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​ ៤​ រាជធានី​ភ្នំពេញ​ ដោយ​ទាមទារ​បើក​ប្រាក់ខែ​។​ ក្រុម​កម្មករ​ បាន​បើកផ្លូវ​វិញ​នៅ​ថ្ងៃត្រង់​ នៅ​ថ្ងៃ​ចន្ទ​ ទី​១៧​ កញ្ញា​នេះ​ ដោយ​ទុក​ពេល​ពីរ​ថ្ងៃ​ រង់ចាំ​លទ្ធផល​បឋម​។​ មន្ដ្រី​នាំពាក្យ​ក្រសួង​ការងារ​ ស្នើ​ឲ្យ​កម្មករ​ កុំ​មាន​ភាព​ជ្រួលច្របល់​ ខណៈ​អះអាង​ថា​ រដ្ឋាភិបាល​មិន​ឲ្យ​កម្មករ​ បាត់បង់​ប្រាក់បៀវត្ស​ឡើយ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកញ្ញា​នេះ​ កំណាត់​ផ្លូវជាតិ​លេខ​ ៤​ បាន​កកស្ទះ​ដោយសារ​ក្រុម​កម្មករ​ កម្មការិនី​ នៅ​រោងចក្រ​ ជី​ម​ លី​ បាន​ប្រមូលផ្ដុំ​គ្នា​បិទផ្លូវ​ ដើម្បី​ទាមទារ​ដំណោះស្រាយ​ប្រាក់​ឈ្នូ​ល​របស់​ពួក​គេ​។​ ការ​ប្រមូលផ្ដុំ​គ្នា​នេះ​ គឺ​បន្ទាប់​ពី​ពួក​គេ​ ឃើញ​ថៅកែ​រោងចក្រ​នេះ​ បាន​ប្រមូល​យក​សម្ភារ​ក្នុង​រោងចក្រ​ លក់​ចេញ​ ហើយ​មិន​បើក​ប្រាក់ខែ​ឲ្យ​ពួក​គេ​។​ តែ​យ៉ាងណា​កំណាត់​ផ្លូវ​ផ្លូវជាតិ​លេខ​ ៤​ ត្រូវ​បាក​បើក​វិញ​ នៅ​ម៉ោង​ប្រមាណ​ជាង​ ១២​ថ្ងៃនេះ​ បន្ទាប់​ពី​មានការ​ចរចា​រវាង​ក្រសួង​ការងារ​ និង​កម្មករ​។​

​បុរស​ម្នាក់​ ដែល​ជា​កម្មករ​ ក្នុង​រោងចក្រ​នេះ​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ការ​លើកគ្នា​មក​តវ៉ា​នេះ​ គឺ​បន្ទាប់​ពី​រង់ចាំ​ដំណោះស្រាយ​របស់​ក្រសួង​ការងារ​ តែ​មិន​ទទួល​បាន​លទ្ធផល​។​ លោក​បន្ដ​ថា​ រោងចក្រ​នេះ​មាន​បញ្ហា​តាំងពី​ខែមេសា​ មក​ម្លេះ​ លុះដល់​ពាក់កណ្ដាល​ខែសីហា​ ថៅកែ​រោងចក្រ​ ជី​ម​ លី​ បាន​ប្រមូល​យក​សម្ភារ​ក្នុង​រោងចក្រ​ចេញ​។​
​តែ​កាលនោះ​ក្រសួង​ការងារ​ បាន​អះអាង​ថា​ រោងចក្រ​នេះ​មិន​បិទ​នោះ​ទេ​ ហើយ​ក្រសួង​ស្នើ​ឲ្យ​កម្មករ​ បន្ដការងារ​របស់​ពួក​គេ​។​ កម្មករ​ដដែល​នេះ​បន្ដ​ទៀត​ថា​ ក្រោយ​ពី​កម្មករ​ បន្ដ​ធ្វើការ​បាន​មួយ​រយៈ​ ក្រសួង​ការងារ​បាន​ចុះ​ជួប​ប៉ុន្ដែ​មិន​មាន​ដំណោះស្រាយ​សម្រាប់​ពួក​គាត់​ឡើយ​។​

​រហូត​ម​ដល់​ថ្ងៃ​ទី​១៧​ កញ្ញា​នេះ​ កម្មករ​ដដែល​នេះ​ អះអាង​ថា​ ថៅកែ​រោងចក្រ​ ជី​ម​ លី​ មិន​ទាន់​ទូទាត់​ប្រាក់ខែ​ ក្នុង​ខែសីហា​ឲ្យ​កម្មករ​នៅឡើយ​ ៖«​អត់​បាន​លុយ​ គេ​អត់​ព្រម​បង់​ឲ្យ​កម្មករ​ ទាំងអស់​គ្នា​ តែ​គ្រាន់តែ​ថា​ ឲ្យ​គ្នា​ធ្វើការ​ ហើយគ្នា​ការ​ តែ​អត់​មាន​ដំណោះស្រាយ​ឲ្យ​កម្មករ​។​ (​ថៅកែ​ អត់​បង់លុយ​ឲ្យ​គ្នា​)​ គ្នា​មិន​អាច​ទ្រាំ​នៅ​ធ្វើការ​ទៀត​ ព្រោះ​រោងចក្រ​អត់​បើក​លុយ​ឲ្យ​គ្នា​»​។​

​តាម​ការ​ប្រាប់​ពី​កម្មករ​ គឺ​រោងចក្រ​នេះ​ មាន​បុគ្គលិក​ចំនួន​ ២៥០០​នាក់​ ហើយ​ភាគច្រើន​ជា​ស្ដ្រី​។​ ការ​ខកខាន​បើ​ប្រាក់ខែ​សម្រាប់​កម្មករ​ បាន​ធ្វើ​ឲ្យ​ពួក​គេ​ជួប​ផល​លំបាក​ ដោយ​គ្មាន​ប្រាក់​ចាយវាយ​ប្រចាំ​ថ្ងៃ​ និង​បង់ថ្លៃ​ផ្ទះ​ជាដើម​។​ កម្មករ​រូប​នេះ​អះអាង​ថា​ នៅ​ពេល​នេះ​ក្រុម​កម្មករ​ សុខចិត្ដ​រង់ចាំ​តាម​ការ​ស្នើ​របស់​អាជ្ញាធរ​ ប៉ុន្ដែ​បើ​ពីរ​ថ្ងៃ​ទៀត​រឿង​នៅ​ជាប់​គាំង​កម្មករ​ និង​មក​បិទផ្លូវ​ម្ដងទៀត​ ៖«​គ្រាន់តែ​ថា​ បើកផ្លូវ​ហ្នឹង​ចាំ​មើល​គេ​ដោះ​ពីរ​ថ្ងៃ​ តែបើ​ថា​ ពីរ​ហ្នឹង​ដោះស្រាយ​មិន​បាន​ទេ​ បងប្អូន​យើង​នឹង​នាំ​គ្នា​បិទផ្លូវ​ម្ដងទៀត​»​។​

​លោក​បន្ដ​ថា​ កន្លង​មក​កម្មករ​ ធ្លាប់​បាន​ទៅ​តវ៉ា​នៅ​ក្រសួង​ការងារ​ម្ដង​រួច​ហើយ​ ប៉ុន្ដែ​ដំណោះស្រាយ​ក្រសួង​ បាន​ត្រឹម​អន្ដរាគមន៍​ឲ្យ​តែ​អ្នក​ក្នុង​ការិយាល័យ​រោងចក្រ​ប៉ុណ្ណោះ​ដែល​បាន​បើក​ប្រាក់ខែ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​ មន្ដ្រី​នាំពាក្យ​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វី​ជ្ជា​ជីវៈ​ លោក​ ហេង​ សួរ​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ករណី​នេះ​ក្រុមការងារ​ របស់​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម​ និង​បាតុកម្ម​ របស់​ក្រសួង​ការងារ​ បាន​ចុះ​ទៅ​ជួប​កម្មករ​ ជា​រឿយៗ​ចំពោះ​រឿង​នេះ​។​

​ពាក់ព័ន្ធ​ករណី​ដែល​ថា​ ក្រសួង​ការងារ​ ដោះស្រាយ​បញ្ហា​សម្រាប់​តែ​អ្នក​ក្នុង​ការិយាល័យ​រោងចក្រ​ មន្ដ្រី​នាំពាក្យ​ បាន​បដិសេធ​ ដោយ​អះអាង​ថា​ រាល់​ដំណោះស្រាយ​ទាំងអស់​គឺ​ធ្វ​ឡើងជា​កញ្ចប់​។​ លោក​គិត​ថា​ ករណី​នេះ​អាច​មាន​អ្នក​បំភ្លៃ​ព័ត៌មាន​ បំណង​ឲ្យ​កម្មករ​ ជ្រួលច្របល់​ ៖«​អាច​ជា​ការ​យល់​ច្រឡំ​ ហើយ​អាច​មាន​អ្នក​ទៅ​បំផុសបំផុល​ខុស​ពី​ការ​ពិត​។​ អ្វី​ដែល​ដោះ​គឺ​ដោះ​ជា​កញ្ចប់​រួម​តែ​ម្ដង​ មិន​មាន​រំលង​បុគ្គល​ណា​ម្នាក់​នោះ​ទេ​ ហើយ​កម្មករ​ និយោជិត​ និ​មួយៗ​មាន​កិច្ចសន្យា​ផ្សេង​គ្នា​។​ អ្នកខ្លះ​ជា​អ្នក​ដែល​ប្រើប្រាស់​កិច្ចសន្យា​រយៈពេល​ខ្លី​ គឺ​ត្រូវ​ដោះ​ទៅ​តាម​រយៈ​កិច្ចសន្យា​រយៈពេល​ខ្លី​ ហើយ​កម្មករ​ និយោជិត​ ដែល​ប្រើប្រាស់​កិច្ចសន្យា​គ្មាន​ថេរវេលា​កំណត់​ គឺ​ត្រូវ​ដោះស្រាយ​តាម​របៀប​កិច្ចសន្យា​គ្មាន​រយៈពេល​កំណត់​»​។​

​លោក​ ហេង​ សួរ​ សង្កត់ធ្ងន់​ថា​ បើ​ទោះជា​រោងចក្រ​នេះ​ត្រូវ​បិទ​ ក៏​ប្រាក់​អត្ថប្រយោជន៍​របស់​កម្មករ​ កម្មការិនី​ គ្រប់​រូប​ នឹង​មិន​ត្រូវ​បាត់បង់​ឡើយ​។​ លោក​បន្ដ​ថា​ រាជរដ្ឋាភិបាល​នឹង​ចេញ​មុខ​មក​ទូទាត់​ប្រាក់​ឈ្នួល​ទាំងនោះ​ជូន​កម្មករ​ គ្រប់​រូប​ ហើយនឹង​ដោះស្រាយ​ជាមួយ​ថៅកែ​រោងចក្រ​នោះ​តាម​ក្រោយ​។​ លោក​អំពាវនាវ​ថា​ ខណៈ​នេះ​សុំ​ឲ្យ​កម្មករ​ កម្មការិនី​ ទាំងអស់​ រក្សា​ភាព​នឹងន​ ដោយ​មិន​ត្រូវ​ជ្រួលច្របល់​តាម​ពាក្យ​ដែល​គេ​បំផុសបំផុល​នោះ​ទេ​។​

​ជុំវិញ​រឿង​នេះ​ ក្រសួង​ការងារ​បាន​ជូនដំណឹង​ថា​ ក្រសួង​នឹង​ខិតខំ​ ព​ន្លឿ​ន​ រៀបចំ​ទូទាត់​ប្រាក់បៀវត្ស​ជូន​កម្មករ​ ដោយ​ស្នើ​សុំ​ប្រាក់​បុរេប្រទាន​របស់​រាជរដ្ឋាភិបាល​ បើក​ជូន​កម្មករ​ កម្មការិនី​ ទាំងអស់​។​ ប៉ុន្ដែ​ក្នុង​លិខិត​មិន​បាន​កំណត់​ថ្ងៃ​ជាក់លាក់​ក្នុង​ការ​បើកប្រាក់​ជូន​កម្មករ​នោះ​ទេ​។​ តែ​ជាមួយ​គ្នា​នេះ​ ក្រសួង​ស្នើ​សុំ​ឲ្យ​កម្មករ​ រក្សា​ភាព​ស្ងៀមស្ងាត់​ និង​ត្រូ​ត​ពិនិត្យ​ប្រាក់​អី​ត​ភាព​ផ្ទាល់ខ្លួន​ម្នាក់ៗ​៕

Share

Image
Image
Image