en     km
en     km

កម្មករ​រោងចក្រ​មួយ​នៅ​ខេត្តកំពង់ស្ពឺ​ឡើង​មក​តវ៉ា​នៅ​មុខក្រសួង​ការងារ​ ទាមទារ​លក្ខខណ្ឌ​ ៩​ ចំណុច​

Share

រូបតំណាង
រូបតំណាង

កម្មករ​ជាង​ ២០០​ នាក់​ មក​ពី​រោងចក្រ​ អ៊ែ​ជ្យា​យ​ ស្វេត​ធ័​រ​ នៅ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ឡើង​មក​តវ៉ា​នៅ​មុខក្រសួង​ការងារ​ ជា​ថ្មី​ម្ដងទៀត​ ដើម្បី​ជំរុញ​ឱ្យ​ក្រសួង​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ​ ដូចដែល​បាន​ដាក់​ញត្តិ​កាលពី​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ កន្លង​មក​ថ្មីៗ​នេះ​ ។​

​នេះ​ជា​លើក​ទី​ពីរ​ហើយ​ ដែល​កម្មករ​-​កម្មការិនី​ រោងចក្រ​ អ៊ែ​ជ្យា​យ​ ស្វេត​ធ័​រ​ បាន​ឡើង​មក​ធ្វើការ​តវ៉ា​នៅ​មុខក្រសួង​ការងារ​ ដើម្បី​ជំរុញ​ឱ្យ​ក្រសួង​នេះ​ព​ន្លឿ​ន​ការ​ដោះស្រាយ​បញ្ហា​ជូន​ពួក​គេ​ តាម​ញ្ញត្ដិ​ដែល​បាន​ដាក់​ជូន​ក្រសួង​កាលពី​ចុង​ ខែធ្នូ​ឆ្នាំ​មុន​។​

​ការ​ឡើង​មក​តវ៉ា​នេះ​ធ្វើ​ឡើង​ នៅ​ថ្ងៃ​សុក្រ​ ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៦​ នៅ​វេលា​ម៉ោង​ ១០​ និង​ ៣០​ នាទី​ព្រឹក​ ស្ថិត​នៅ​មុខក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ រាជធានី​ភ្នំពេញ​។​ នៅ​ក្នុង​ព្រឹត្ដិការណ៍​តវ៉ា​របស់​កម្មករ​-​កម្ម​ការ​នី​ កាលពី​ព្រឹក​មិ​ញ​នេះ​ គឺ​ពុំ​ការ​ប៉ះទង្គិច​គ្នា​ រវាង​អាជ្ញារ​ធរ​ និង​កម្មករ​ កម្ម​ការ​នី​ឡើយ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ លោក​ ព្រុំ​ ប៊ុ​ន​ថន​ ជាម​ន្ដ្រី​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​ នៅ​សហជីព​កម្មករ​កាត់ដេរ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ថា​ ការ​ឡើង​មក​តវ៉ា​ នេះ​ដោយសារ​តែ​កម្មករ​កម្ម​ការ​នី​ មានការ​លំបាក​ពេក​ ព្រោះ​រង់ចាំ​ដំណោះស្រាយ​ពី​ក្រសួង​ការងារ​តាំងពី​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​មុន​មក​ដល់​ពេល​នេះ​នៅ​តែ​មិនឃើញ​មន្ដ្រី​ក្រសួង​ការងារ​ ចុះ​ទៅ​ដោះស្រាយ​។​

​លោក​បន្ថែម​ថា​៖​ «​កម្មករ​ មក​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋមន្ដ្រី​ដោះស្រាយ​នៅ​សំណើ​ របស់​គាត់​ ដែល​គាត់​ (​កម្មករ​)​ បាន​អូស​បន្លាយ​ បញ្ហា​កូដកម្ម​តាំងពី​ថ្ងៃ​ទី​២៥​ ធ្នូ​ ២០១៥​ មក​ គឺ​ការ​អូស​បន្លាយ​ បញ្ហា​កូដកម្ម​នេះ​ មាន​រយៈពេល​ជិត​មួយ​ខែ​ហើយ​ ហើយ​អត់​មាន​ដំណោះស្រាយ​ យើង​ឃើញ​ថា​អាជ្ញាធរ​ ខេត្ដកំពង់ស្ពឺ​ គាត់​មិន​បាន​យកចិត្ដទុកដាក់​ដោះស្រាយ​ ជូន​កម្មករ​ទេ​ ចឹ​ង​ហើយ​ទើប​គាត់​អស់ជម្រើស​ ហើយ​និង​អស់ជំនឿ​លើ​អាជ្ញាធរ​ ខេត្ដកំពង់ស្ពឺ​ហ្នឹង​ បានជា​គាត់​នាំ​គ្នា​ឡើង​មក​ភ្នំពេញ​ ដើម្បី​ជំរុញ​ឱ្យ​ក្រសួង​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​»​។​

​លោក​ ប៉ាវ​ ស៊ី​ណា
​លោក​ ប៉ាវ​ ស៊ី​ណា

ចំណែក​ លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​លើក​ឡើង​ថា​ បញ្ហា​ របស់​កម្មករ​កម្ម​ការ​នី​នា​ពេល​នេះ​ បើសិនជា​មាន​ដំណោះស្រាយ​ជូន​ពួក​គាត់​បាន​សម​ស្រប​ ពួក​គាត់​ក៏​មិន​ចាំបាច់​ ឡើង​មក​តវ៉ា​ ខាត​ទាំង​ពេល​ ខាត​ទាំង​កម្លាំង​ឡើយ​។​ លោក​បន្ដ​ ថា​ ផ្ទុយ​ទៅ​វិញ​បើ​មើលទៅ​អាជ្ញារ​ធរ​ហាក់ដូច​មិន​ចង់រក​ដំណោះស្រាយ​ជូន​កម្មករ​កម្ម​ការ​នី​ទេ​ បើ​មិន​ដូច្នេះ​ ក៏​មិនមែន​ពន្យារពេល​រក​ដំណោះស្រាយ​ ជូន​កម្មករ​តាំងពី​ ចុងខែ​ធ្នូ​ ឆ្នាំ​មុន​មក​នោះ​ឡើយ​។​

​លោក​បន្ថែម​ថា​៖​ «​ខ្ញុំ​គ្រាន់តែ​មើលឃើញ​ ដោយសារ​វា​ជា​ទម្លាប់​ហើយ​ វា​ក៏​ជា​បទ​ពិសោធ​ដែរ​ បើ​យើង​មិន​បានឱ្យ​គាត់​ មក​ដល់​ក្រសួង​ ឬ​ក៏​ទៅ​កាន់​ស្ថាប័ន​ណា​ដែល​ជា​ស្ថាប័ន​កំពូល​របស់​រដ្ឋ​ ទេ​  ដំណោះស្រាយ​កម្មករ​ ហាក់បីដូចជា​មិន​ត្រូវ​បាន​យកចិត្ដទុកដាក់​ដោះស្រាយ​ទេ​ ជាក់ស្ដែង​ប្រ​សិន​មាន​ឆន្ទៈ​ គឺ​មិន​ចាំបាច់​ឲ្យ​កម្មករ​ កូដកម្ម​តាំងពី​ថ្ងៃ​ទី​២៥​ ធ្នូ​ មក​ដល់​ម៉ោង​នេះ​ទេ​ ហើយ​យើង​ឃើញ​ថា​ រោងចក្រ​ខ្លះ​ធ្វើ​កូដកម្ម​ ១​ ខែ​ ២​ ខែ​ ៣​ខែ​ សួរ​ថា​ហេតុ​អ្វី​បាន​ចាំបាច់ឱ្យយ​កម្មករ​ធ្វើ​កូដកម្ម​ច្រើន​ ម៉ោង​ច្រើន​ពេល​អ​ញ្ចឹ​ង​»​។​

​វិទ្យុ​ស្ត្រី​មិន​អាច​ទាក់ទង​លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​។​ ប៉ុន្តែ​បើ​តាម​លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​បញ្ជាក់​ថា​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​សន្យា​ថា​ នឹង​ចុះ​ទៅ​ដោះស្រាយ​ជូន​កម្មករ​ កម្ម​ការ​នី​ទាំងនោះ​ នៅ​ថ្ងៃ​ចន្ទ​ ទី​១១​ ខែមករា​ ខាង​មុខ​នេះ​។​

​លោក​ ប៉ាវ​ ស៊ី​ណា​ បន្ថែម​ថា​ កម្មករ​កម្ម​ការ​នី​ និង​សហជីព​ សម្រេច​បញ្ឈប់​ការ​តវ៉ា​នៅ​ថ្ងៃនេះ​សិន​ ដោយ​រង់ចាំ​មើល​ដំណោះស្រាយ​របស់​ក្រសួង​ ។​ លោក​ប៉ាវ​ ស៊ី​ណា​ បញ្ជាក់​ថា​ បើសិន​នៅ​ថ្ងៃ​ចន្ទ​ ស​ប្ដា​ហ៍​ក្រោយ​ នៅ​តែ​មិន​មាន​ដំណោះស្រាយ​ទៀត​ ក្រុម​កម្មករ​ កម្ម​ការ​នី​ សហជីព​ នឹង​ហែរ​កូដកម្ម​ទៅ​មុខ​ផ្ទះ​របស់​សម្ដេច​ ហ៊ុន​ សែន​ និង​មុខ​រដ្ឋ​សភាព​ទៀត​ដើម្បី​រក​ដំណោះស្រាយ​៕

Share

Image
Image
Image