en     km
en     km

កម្ពុជា និងថៃ ឯកភាពគ្នាបញ្ចប់ការធ្វើជំរឿនលើប័ណ្ណពលករកម្ពុជា

Share

ក្រសួងការងារ កម្ពុជា និងក្រសួងការងារប្រទេសថៃ បានឯកភាពគ្នាបញ្ចប់ការធ្វើលិខិតធ្វើដំណើរ (TD) និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC) ជូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃឲ្យបានចប់ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០១៨ ។

ការឯកភាពនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ជាមួយលោក ផលហ្គេន អាប់ឌុលស័ង្ខសិង្ហកែវ រដ្ឋមន្ត្រីក្រសួងការងារថៃ នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ។

ក្នុងជំនួបពិភាក្សាគ្នានេះដែរ ភាគីថៃ​ និងភាគីកម្ពុជា បានព្រមព្រៀងគ្នាចំនួន ៥ចំណុច៖

១-ភាគីទាំង ២បានវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃប្រកបដោយលទ្ធផលល្អ។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលចំនួន ៣កន្លែងដែលក្រុមការងារចល័តចុះធ្វើឯកសាស្របច្បាប់ជូនដល់ពលករកម្ពុជានៅទីក្រុងបាងកក ខេត្ត រ៉ាកយ៉ង និងខេត្តសុងខ្លាមានដំណើរការល្អ។

ក្រុមការងារចល័តបានធ្វើលិខិតធ្វើដំណើរ(TD) និង ប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស( OCWC) ដោយផ្ដល់ជូនពលករកម្ពុជាក្នុងមួយថ្ងៃទទួលបានពី ១៧០០-១៨០០នាក់ ។

២-ភាគីទាំងពីរ បានឯកភាពកំណត់ពេលបញ្ចប់ការងារផ្តល់ភាពស្របច្បាប់ជូនដល់ពលករកម្ពុជាអោយបានក្នុងបំណាច់ខែមិថុនា ឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ ក៍រៀបចំក្រុមការងារចល័ត និង មជ្ឈមណ្ឌលមួយចំនួនបន្ថែមទៀត ដើម្បីបង្កើនល្បឿនធ្វើឯកសាស្របច្បាប់ជូនពលករកម្ពុជាអោយបានដល់ ៤០០០នាក់ក្នុងមួយថ្ងៃ ។ រីឯភាគីថៃក៍បានកំណត់ទីតាំងដើម្បី រៀបចំបញ្ជីឈ្មោះពលករកម្ពុជា និងផ្ដល់ទិដ្ឋាការស្នាក់នៅ និងទិដ្ឋាការការងារជូនពលករកម្ពុជាទៀតផង។

៣-ភាគីទាំងពីរនឹងរៀបចំក្រុមចម្រុះប្រចាំការនៅក្រសួងការងារថៃដើម្បីដោះស្រាយបញ្ហាក្នុងប្រតិបត្តិការនេះ។

៤-ភាគីទាំងពីរបង្កើនស្មារតីសហប្រតិបត្តិការជាបងប្អូនអោយ កាន់តែជិតស្និទ្ធថែមទៀត។

៥-ភាគីថៃ បានអញ្ជើញរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងក្រុមការងារបច្ចេកទេសកម្ពុជាអញ្ជើញទៅទស្សនកិច្ចនៅព្រះរាជាណាចក្រថៃក្នុងអំឡុងខែមិនា ឆ្នាំ២០១៨ នៅពេលផែនការថ្មីនេះចាប់ផ្តើមដំណើរការ។

ជាការឆ្លើយតប លោក អ៊ិត សំហេង បានឯកភាពទទួលនូវការអញ្ជើញនេះពី រដ្ឋមន្ត្រីក្រសួងការងារនៃព្រះរាជាណាចក្រថៃផងដែរ។ បន្ទាប់ពីជំនួបពិភាក្សាលោក អ៊ិត សំហេង បានរៀបចំអាហារពេលល្ងាចទទួលគណៈប្រតិភូក្នុងបរិយាកាសរីករាយនិងស្នឹទ្ធស្នាលបំផុត។

គួរជម្រាបដែរថា មកទល់នឹងពេលនេះនៅសល់ពលរដ្ឋខ្មែរដែលទៅធ្វើការនៅប្រទេសថៃ ប្រមាណជា ៣៤ម៉ឺននាក់ទៀតដែលកម្ពុជា និងថៃ នឹងបន្តផ្ដល់ភាពស្របច្បាប់រហូតដល់ ខែមិថុនា ឆ្នាំ២០១៨។

តាមរបាយការណ៍របស់ក្រសួងការងារប្រទេសថៃ ពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃ មានជាង ១លាននាក់៕

 

 

 

Share

Image
Image
Image