en     km
en     km

កម្ពុជា-ជប៉ុន-អាមេរិក បោះទុនជាង ៧០លានដុល្លារបង្កើតជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃនៅសៀមរាប

Share

សៀមរាប៖ ក្រុមហ៊ុនពីប្រទេសជប៉ុន អាមេរិក និងកម្ពុជា បានបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៧០ លានដុល្លារអាមេរិក ដើម្បីបង្កើតជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ និងជម្របអភិរក្សសត្វ ជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកលេងខេត្តសៀមរាបកាន់តែច្រើន។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។

យោងតាមក្រសួងទេសចរណ៍ គម្រោងវិនិយោគដ៏ធំបង្កើត ជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ និងជម្របអភិរក្សសត្វនេះ ជារបស់ក្រុមហ៊ុន Angkor Wildlife & Aquarium បង្កើតឡើងក្នុងទម្រង់ជាដៃគូរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុន ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ICM មកពីសហរដ្ឋអាមេរិក។

ពិធីបើកសម្ពោធដំណើរការសាងសង់ ជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ និងជម្របអភិរក្សសត្វ ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប ផ្នែកឯកជន និងសមាគមនានា ជាមួយ រដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម Michael Newbill ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុន Angkor Wildlife & Aquarium ។

គម្រោងសាងសង់នេះ ស្ថិតនៅលើផ្ទះដីទំហំ ១០០ហិកតា នៅខេត្តសៀមរាប ដោយចែកចេញជា ០៣ដំណាក់កាល ហើយដំណាក់កាលទីមួយ គ្រោងចំណាយអស់ប្រមាណ ១៨លានដុល្លារអាមេរិក។

ការសាងសង់ក្នុងដំណាក់កាលទី១ នឹងប្រើរយៈពេល ០២ឆ្នាំ ដោយចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៩ និងបញ្ចប់នៅខែឧសភា ឆ្នាំ២០២១។​

គម្រោងនេះនឹងនាំមកនូវមជ្ឈមណ្ឌល ជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ និងជម្រកអភិរក្សសត្វ ដើម្បីបម្រើសេចក្តីត្រូវការ និងការសិក្សាអប់រំដល់ប្រជាពលរដ្ឋមូលដ្ឋាន និងទេសចរអន្តរជាតិដែលមកទស្សនាខេត្តសៀមរាប។

ជាងនេះទៀត គម្រោងវិនិយោគនេះ គឺជាផលិតផលទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប ដែលនឹងក្លាយជាគោលដៅទាក់ទាញបំផុតទីពីរ បន្ទាប់ពីអង្គរវត្ត ពិសេស គឺជាការបង្កើតភាពទាក់ទាញថ្មីដែលនឹងជម្រុញអោយទេសចរមកកាន់ខេត្តសៀមរាបបន្តការស្នាក់នៅជាមធ្យមពាក់កណ្តាលថ្ងៃទៀតផង៕

 

Share

Image
Image
Image