en     km
en     km

កម្ពុជា​ ជា​ប្រទេស​ទី​មួយ​នៅ​ក្នុង​តំបន់អាស៊ី​អាគ្នេយ៍​ ដែល​ដាក់​ឱ្យ​អនុវត្ត​គម្រោង​ “​យុវវ័យ​ឆ្លាត​ ​អនាគត​ល្អ​”

Share

cover-Smart-Youth--Good-Future

អង្គការ​ One​ World​ UK​ រួម​ជាមួយនឹង​នាយកដ្ឋាន​សុខភាព​ សិក្សា​នៃ​ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន​ និង​អង្គការ​មួយ​ចំនួន​ទៀត​ រៀបចំ​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​ និង​បទ​ពិសោធ​ស្តី​ពី​ការ​អនុវត្ត​សាកល្បង​គម្រោង​ “​យុវវ័យ​ឆ្លាត​ អនាគត​ល្អ​”​ នា​ព្រឹក​ថ្ងៃ​ទី​ ១៨​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ នៅ​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណ​ង់​តា​ល់​។​

​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​៖

“​យុវវ័យ​ឆ្លាត​ អនាគត​ល្អ​”​ ជា​គម្រោង​សិទ្ធិ​សុខភាព​បន្ត​ពូជ​ និង​សុខភាព​ផ្លូវភេទ​យុវវ័យ​។​ គម្រោង​នេះ​រួម​បញ្ចូល​នូវ​ការ​ចងក្រង​ និង​ការ​អនុវត្ត​ប្រព័ន្ធ​រៀន​តាម​អេ​ទ្បិ​ច​ត្រូ​និក​ដោយ​ផ្អែក​លើ​កម្មវិធី​សិក្សា​បំ​ណិ​ន​ជីវិត​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កី​ទ្បា​ និង​សេវាកម្ម​សំណួរ​និង​ចម្លើយ​ ដែល​អាច​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​ដៃ​ចល័ត​ និង​អ៊ី​ន​ធឺ​ណេ​ត​។​

​នាយិកា​កម្មវិធី​នៃ​អង្គការ​ One​ World​ UK​ គឺ​ លោកស្រី​ Uju​ Ofomata-Aderemi​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​ខាងលើ​តាម​រយៈ​អ្នកបកប្រែ​ថា​ គម្រោង​ “​យុវវ័យ​ឆ្លាត​ អនាគត​ល្អ​”​ គឺ​ផ្តោត​ទៅ​លើ​ការ​ប្រើប្រាស់​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ហើយ​ចំពោះ​ការ​ចងក្រង​មេរៀន​ផ្តោត​ទៅ​លើ​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​។​

​ទន្ទឹម​នឹង​នោះ​ដែរ​ គម្រោង​មួយ​នេះ​បាន​សហការ​ជាមួយ​អង្គការ​នៅ​ក្នុងស្រុក​ ដូច​ជា​អង្គការ​សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន​ អង្គការ​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​ រួម​ជាមួយ​នាយកដ្ឋាន​សិក្សា​របស់​ក្រសួង​អប់រំ​ជាដើម​។​

​លោកស្រី​ Uju​ បាន​មាន​ប្រសា​ស​ន៏​បន្ត​ថា​នៅ​ក្នុង​របាយការណ៍​បទ​ពិសោធ​នៃ​គម្រោង​មួយ​នេះ​បាន​បង្ហាញ​ថា​ យុវវ័យ​ភាគច្រើន​មាន​ចំណាប់អារម្មណ៍​ទៅ​នឹង​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អេ​ទ្បិ​ច​ត្រូ​និក​ ដែល​អាច​ជួយ​ផ្តល់​ព័ត៌មាន​ជា​ច្រើន​ទៅ​ដល់​ពួក​គាត់​ដឹង​ពី​ សុខភាព​បន្ត​ពូជ​ ផ្លូវភេទ​ ជំងឺ​កាមរោគ​ និង​ជំងឺ​មួយ​ចំនួន​ទៀត​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ទទួល​បាន​ចម្លើយ​ដោយ​ពុំ​មានការ​វិនិច្ឆ័យ​និង​រក្សា​ការ​សម្ងាត់​ផង​ដែរ​។​

​លោកស្រី​បន្ត​ថា​ ប្រទេស​កម្ពុជា​ជា​ប្រទេស​ទី​មួយ​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍​ដែល​ដាក់​ឱ្យ​មានការ​អនុវត្ត​សាកល្បង​គម្រោង​ “​យុវវ័យ​ឆ្លាត​ អនាគត​ល្អ​”​ ហើយ​កម្ពុជា​ ជា​ប្រទេស​ទី​៦​ សម្រាប់​គម្រោង​នេះ​។​

​លោកស្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ពី​មូលហេតុ​ដែល​ជ្រើសរើស​កម្ពុជា​ជា​ប្រទេស​ទី​មួយ​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ថា​៖​ «​ចា​!​ គឺ​អង្គការ​ Oxfam​ គឺជា​អ្នក​ជ្រើសរើស​ នឹង​អ​ញ្ចើ​ញ​អង្គការ​ One​ World​ មក​ចូល​ដាក់​គម្រោង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយសារ​អង្គការ​ Oxfam​ មើលឃើញ​ថា​មាន​កំណើន​កើន​ទ្បើ​ង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពី​រឿង​ការ​ប្រើប្រាស់​ នូវ​បច្ចេកវិទ្យា​ រួម​ជាមួយ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ហើយ​មាន​បញ្ហា​រឿង​សុខភាព​បន្ត​ពូជ​ អ​ញ្ចឹ​ង​អង្គការ​ Oxfam​ ក៏​អ​ញ្ចើ​ញ​ One​ World​ មក​ធ្វើ​គម្រោង​មួយ​នេះ​»​។​

លោក​ សុខ​ ពិ​ទូ​
លោក​ សុខ​ ពិ​ទូ​

រីឯ​អ្នកសម្របសម្រួល​កម្មវិធី​ថ្នាក់​តំបន់​អង្គការ​ Oxfam​ លោក​ សុខ​ ពិ​ទូ​ បាន​មាន​ប្រសាសន៍​ ដែរ​ថា​ សុខភាព​បន្ត​ពូជ​របស់​យុវវ័យ​នៅ​តែ​ជួប​ប​ញ្ហ​ប្រឈម​នៅ​ទ្បើ​យ​ដោយសារ​តែ​ កត្តា​ទំនៀមទម្លាប់​ប្រពៃណី​ ដែល​គិត​ថា​បញ្ហា​សុខភាព​បន្ត​ពូជ​នេះ​មិន​គួរ​និយាយ​ជា​សាធារណៈ​។​

​លោក​ សុខ​ ពិ​ទូ​បន្ត​ថា​ អង្គការ​ Oxfam​ បាន​សិក្សា​ទៅ​លើ​វិធីសាស្ត្រ​ថ្មី​មួយ​ដែល​អាច​ឱ្យ​យុវជន​ យុវតី​អាច​ទ​ទទួល​បាន​ចំណេះដឹង​ទៅ​លើ​សុខភាព​បន្ត​ពូជ​របស់​ពួក​គេ​ដែល​ជា​ធាតុ​ចាំបាច់​មួយ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​សុខភាព​ដោយ​មិន​ប្រឈម​ភាព​អៀនខ្មាស​ និង​ការ​ប៉ះពាល់​វប្បធម៌​សង្គម​ផ្សេងៗ​។​

​លោក​ សុខ​ ពិ​ទូ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្រសួង​អប់រំ​យុវជន​ និង​កី​ទ្បា​ មាន​តួនាទី​សំខាន់​ក្នុង​ការ​រួមចំណែក​នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​ “​យុវវ័យ​ឆ្លាត​ អនាគត​ល្អ​”​។​ «​ស្រប​ពេល​ជាមួយនឹង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ផង​ដែរ​នោះ​ យើង​ក៏​នឹកឃើញ​ថា​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​តាម​រយៈ​ទូ​ស័ព្ទ​កី្ត​ តាម​រយៈ​ SMS​ និង​ការ​បង្រៀន​ជា​វី​ដេ​អូ​ វា​យុទ្ធសាស្ត្រ​មួយ​ដែល​យើង​គិត​ថា​អាច​ជំរុញ​បន្ថែម​ទៀត​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​របស់​យុវជន​ទទួល​បាន​នូវ​ចំណេះដឹង​ទាក់ទង​នឹង​សុខភាព​បន្ត​ពូជ​…»​។​

លោកស្រី​ គឹ​ម​ សេដ្ឋា​នី
លោកស្រី​ គឹ​ម​ សេដ្ឋា​នី

រដ្ឋលេខាធិការ​ ក្រសួង​អប់រំ​យុវជន​ និង​កី​ទ្បា​ លោកស្រី​ គឹ​ម​ សេដ្ឋា​នី​ លើក​ទ្បើ​ង​ថា​ គម្រោង​ “​យុវវ័យ​ឆ្លាត​ អនាគត​ល្អ​នេះ​”​   មាន​សារៈសំខាន់​ទៅ​ដល់​ យុវវ័យ​ដើម្បី​ធ្វើការ​សិក្សា​ព័ត៌មាន​ពី​សុខភាព​បន្ត​ពូជ​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​។​  ដូច្នេះ​ក្រសួង​អប់រំ​នឹង​បន្ត​អនុវត្ត​គម្រោង​មួយ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​។​

«​ការ​អភិវឌ្ឍ​ និង​ការ​រិះរក​នៅ​វិធីសាស្ត្រ​ថ្មីៗ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ចំណេះដឹង​ទៅ​ដល់​យុវជន​ យុវវ័យ​ដែល​បច្ចុប្បន្ន​នេះ​ពួក​គេ​អាច​ទទួល​ព័ត៌មាន​នេះ​តាម​រយៈ​ប្រព័ន្ធ​អេ​ទ្បិ​ក​ត្រូ​និក​នេះ​…»​។​

​សូម​បញ្ជាក់​ថា​ តាម​របាយការណ៍​ One​ World​ UK​ បានឱ្យ​ដឹង​ថា​ កម្ពុជា​ជា​ប្រទេស​សំបូរ​ទៅ​ដោយ​យុវជន​វ័យក្មេង​យ៉ាងច្រើន​ ដែល​មាន​ច្រើន​ជាង​ ៦០​ ភាគរយ​ នៃ​ចំនួន​ប្រជាជន​សរុប​ ហើយ​ក្នុង​នោះ​ប្រហែល​ ៣២%​ មាន​អាយុ​ក្រោម​ ១៥​ឆ្នាំ​។​

​ដោយ​ភាគច្រើន​នៃ​ប្រជាជន​វ័យក្មេង​ឆាប់​ប្រ​ទ្បូ​ក​ក្នុង​ទំនាក់ទំនង​ផ្លូវភេទ​ ធ្វើ​ឱ្យ​យុវជន​ជា​ច្រើន​  ជា​ពិសេស​ក្មេង​ស្រី​ មាន​ហានិភ័យ​ខ្ពស់​ ហើយ​យុវជន​ភាគច្រើន​ មិន​ហ៊ាន​ទៅ​រក​សេវា​ព័ត៌មាន​ និង​សេវា​ សុខភាព​បន្ត​ពូជ​ និង​ផ្លូវភេទ​នោះ​ទេ​៕​

Share

Image
Image
Image