en     km
en     km

កម្ពុជា​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ជំនាញ​វិស្វករ​

Share

ភ្នំពេញ​៖​ ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើន​បរិមាណ​ និង​គុណភាព​នៃ​ជំនាញ​វិជ្ជាជីវៈ​ក្នុង​វិស័យ​វិស្វកម្ម​ ស្រប​ពេល​កម្ពុជា​កំពុង​ប្រ​ឈ​មុខការ​ខ្វះ​ជំនាញ​វិស្វករ​ជាង​ ៣​ ម៉ឺន​ នាក់​ នៃវិស្វករ​សំណង់​ស៊ី​វិល​ អគ្គី​ស​នី​ មេកានិច​ វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ភូ​គ​ភ្ភ​សាស្ត្រ​រ៉ែ​ គីមី​ចំណីអាហារ​ ​ក​សិ​ឧស្សា​កម្ម​ ពេទ្យ​កោសល្យ​ជនបទ​ និង​ធនធានទឹកជាដើម។

​នៅ​ក្នុង​កម្មវិធីសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ ឆ្នាំ​ ២០១៧​ និង​លើក​ទិស​ដៅ​ ២០១៨​នេះ​ គណៈ​វិស្វករ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ វិស្វករ​​បាន​មក​ចុះ​បញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា ​ជាង​ ៣​ ពាន់​នាក់​។ ​ក្នុង​នោះ​មាន​វិស្វករ​សំណង់​ស៊ី​វិល​ អគ្គី​ស​នី​ មេកានិច​ វិទ្យា​សាស្ត្រ​​កុំព្យូទ័រ​ ភូ​គ​ភ្ភ​សាស្ត្រ​រ៉ែ​ គីមី​ចំណីអាហារ​-​ក​សិ​ឧស្សា​កម្ម​ ពេទ្យ​កោសល្យ​ជនបទ​ និង​ធនធានទឹក​ដែល​ចំនួន​នេះ​មិន​ទាន់​សមាមាត្រ​ជាមួយនឹង​តម្រូវ​ការងារ​នោះ​ទេ​។​

​លោក​ ពេជ្រ​ សោ​ភណ្ឌ​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា​ ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ប្រទេស​កម្ពុជា​កំពុង​ខ្វះខាត​វិស្វករ​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីក​ចម្រើន​។​

​លោក​ ពេជ្រ​ សោ​ភណ្ឌ​ ជឿ​ថា​ សម​ត្ថិ​ភាព​វិស្វករ​កម្ពុជា​គឺ​មាន​ជំនាញ​វិជ្ជាជីវៈ​ និង​គុណភាព​ប្រហាក់ប្រហែល​ទៅ​នឹង​ប្រទេស​ជិតខាង​កម្ពុជា​ដែរ​។​ ទោះបី​យ៉ាងណា​ គណៈ​វិស្វករ​កម្ពុជា​ នឹង​ខិតខំ​ប្រឹងប្រែង​ថែម​ទៀត​ក្នុង​បណ្តុះបណ្តាល​ជំនាញ​វិស្វករ​ខ្មែរ​ឲ្យ​ស្តង់ដា​តែ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​។​

​លោក​ ពេជ្រ​ សោ​ភណ្ឌ​៖​ «​អ្នក​ដែល​រៀន​ពូកែ​គួរ​ចាប់​យកមុខ​ជំនាញ​វិស្វកម្ម​ព្រោះ​វិស្វកម្ម​គឺជា​អ្នក​ប្រែប្រួល​ពិភពលោក​ព្រោះ​តាម​រយៈ​ការ​ច្នៃប្រឌិត​ ការ​បង្កើត​ថ្មី​នេះ​ធ្វើ​ឲ្យ​ពិភពលោក​ប្រែប្រួល​។​ក្នុង​ជីវភាព​សព្វថ្ងៃ​បច្ចេកវិទ្យា​ភាគច្រើន​វិស្វកម្ម​។​»

​លោក​ លឹ​ម​ សុ​ថាវ​ អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា​ មើលឃើញ​ថា​ កម្ពុជា​មាន​តម្រូវការ​ច្រើន​ចំពោះ​មុខ​ជំនាញ​វិស្វករ​ ព្រោះ​កម្ពុជា​កំពុង​ខ្វះ​ជំនាញ​នេះ​។​

​លោក​ លឹ​ម​ សុ​ថាវ​ ៖ «​តម្រូវការ​ទៅ​តាម​ទីផ្សារ​បច្ចុប្បន្ន​គឺ​វិស្វករ​យើង​នៅ​ខ្វះខាត​ច្រើន​ ហើយ​គណៈ​វិស្វករ​កម្ពុជា​ដែល​បង្កើត​ឡើង​នេះ​ដោយ​រដ្ឋាភិបាល​គឺ​មាន​តួនាទី​ប្រមូលផ្តុំ​បញ្ញា​វន្ត​វិស្វករ​ជាតិ​ឲ្យ​មក​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​ ដើម្បី​រៀបចំ​បណ្តុះបណ្តាល​វិស្វករ​បំពាក់បំប៉ន​ជំនាញ​បន្ថែម​ឲ្យ​មាន​កម្រិតស្តង់ដារ​មួយ​ដែល​អាច​ប្រហាក់ប្រហែល​ជាមួយ​គេ​។​»​

​ជាមួយ​គ្នា​នេះ​ លោក​ លឹ​ម​ សុ​ថាវ​ អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា​ អះអាង​ថា​ ដើម្បី​បង្កើន​បរិមាណ​ និង​គុណភាព​ជំនាញ​វិស្វកម្ម​បន្ថែម​ទៀត​ គណៈ​វិស្វករ​កម្ពុជា​គ្រោង​នឹង​ស្នើ​ឲ្យ​ដាក់​ប​ញ្ជូ​ល​ជំនាញ​វិជ្ជាជីវៈ​វិស្វករ​ទៅ​ក្នុង​កម្ពុជា​វិធី​សិក្សា​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក្នុង​កម្រិត​ឧត្តម​សិក្សា​។​

​បើ​យោង​តាម​ការ​សិក្សា​របស់​អង្គការ​ JICA​ កាលពី​ថ្មីៗ​នេះ​ រក​ឃើញ​ថា​ កម្ពុជា​ត្រូវការ​វិស្វករ​ប្រមាណ​ ៣​ ម៉ឺន​ ៥​ ពាន់​នាក់​ សម្រាប់​បម្រើ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​ កម្មន្តសាល​ សំណង​ កសិកម្ម​ សេវាកម្ម​ ទេសចរណ៍​ និង​អចលនទ្រព្យ​ ចាប់ពី​ឆ្នាំ​ ២០១៨​ រហូត​ដល់​ ឆ្នាំ​ ២០២០​។​

​របាយការណ៍​របស់​អគ្គលេខាធិការដ្ឋាន​គណៈ​វិស្វករ​កម្ពុជា​ បានអោយ​ដឹង​ថា​ គេ​បាន​ធ្វើការ​បណ្តុះបណ្តាល​វិស្វករ​លើ​មុខ​ជំនាញ​វិជ្ជាជីវៈ​វិស្វកម្ម​ និង​វិស្វករ​មក​ចុះបញ្ជី​សរុប​ ៣​ ០៤៥​ នាក់​ គិត​ត្រឹម​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៧​។​
​ក្នុង​ចំណោម​ វិស្វករ​ដែល​ទទួល​បានការ​បណ្ដុះបណ្ដាល​នោះ​គឺ​ វិស្វករ​សំណង់​ស៊ី​វិល​ ៧៦%​ អគ្គិសនី​ ៧,៥%​ មេកានិច​ ៣%​ វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ៣%​ ភូ​គ​ភ្ភ​សាស្ត្រ​រ៉ែ​ ២%​ គីមី​ចំណីអាហារ​-​កសិឧស្សាហកម្ម​-​ទេព​កោសល្យ​ជនបទ​ និង​ធនធានទឹក​ ១%​ និង​ជំនាញ​ផ្សេងៗ​ ៧,៥%៕

Share

Image
Image
Image