en     km
en     km

កម្ពុជា​ប្តេជ្ញា​កាត់​បន្ថយ​អត្រា​ស្លាប់​ជំងឺ​ឆ្កែឆ្កួត​ ៥០​ ភាគរយ ​និង​សង្គ្រោះ​ជីវិត ​២​ ពាន់​នាក់​

Share

ភ្នំពេញ​៖​ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ក្រសួងសុខាភិបាល​ ក្រសួង​រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​ក្រសួង​អប់រំ​ បាន​ដាក់​ទិស​ដៅ​រួម​គ្នា​ក្នុង​ការកាត់​បន្ថយ​អត្រា​មនុស្ស​ស្លាប់​ជំងឺ​ឆ្កែឆ្កួត​ឱ្យ​បាន​ ៥០​ ភាគរយ​ ហើយ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ឲ្យ​បាន​ ២​ ពាន់​នាក់​ ក្នុង​រយៈពេល​ ៥​ឆ្នាំទៅ​មុខ​។​

សត្វហៀទឹកមាត់ជារោគសញ្ញាបង្ហាញថាឆ្កែមានជំងឺឆ្កែឆ្កួត។ រូបភាព៖ Taken from Internet

​ដោយសារ​ជំងឺ​ង​ឆ្កែឆ្កួត​សម្លាប់​មនុស្ស​ប្រមាណ​ ៨០០​នាក់​ ជា​រៀង​រាល់​ឆ្នាំ​នៅ​កម្ពុជា​ហើយ​អ្នកជំងឺ​ឆ្កែឆ្កួត​ ៥០​ ភាគរយ​ស្លាប់​នៅ​អាយុ​ក្រោម​ ១៥​ ឆ្នាំ​។​

​កត្តា​នេះ​ហើយ​ជា​មូលហេតុ​នាំ​ឱ្យ​ក្រសួងសុខាភិបាល​ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ រួម​ទាំង​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត​បាន​កំណត់​គោលដៅ​តែ​មួយ​ ដើម្បី​លុប​បំបាត់​ជំងឺ​ឆ្កែឆ្កួត​ឲ្យ​បាន​ ៥០​ ភាគរយ​និង​ជួយ​សង្គ្រោះ​អ្នកជំងឺ​នេះ​ឱ្យ​រួច​ផុត​ពី​សេចក្តីស្លាប់​ ២​ ពាន់​នាក់​ ក្នុង​រយៈពេល​ ៥​ ឆ្នាំ​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។​

​ការ​ប្តេជ្ញា​នេះ​ ធ្វើ​ឡើង​នៅ​ពេល​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​ខេត្តបាត់ដំបង​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ខែ​ កក្កដា​ ខាង​មុខ​នេះ​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​។​

​មេរោគ​ឆ្កែឆ្កួត​ ១០០​ ភាគរយ​ អាច​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​ ប្រសិនបើ​មិន​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​ ហើយ​ផ្ទុយ​ទៅ​វិញ​ជំងឺ​ឆ្កែឆ្កួត​ការពារ​បាន​ ១០០​ ភាគរយ​ ដោយ​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ ក្រោយ​ពី​ឆ្កែ​ខាំ​ឲ្យ​របួស​។​ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ និង​ក្រសួងសុខាភិបាល​ដោយ​មានការ​គាំទ្រ​ពី​ដៃគូ​ជា​ច្រើន​បាន​ផ្តួចផ្តើម​ផែនការ​សកម្មភាព​កាលពី​ឆ្នាំ​មុន​ដែល​មាន​រយៈពេល​ ៥​ ឆ្នាំ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឆ្កែឆ្កួត​នៅ​កម្ពុជា​។​

​ដោយ​សហការ​ជាមួយ​ ក្រសួងសុខាភិបាល​ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​មាន​គោលបំណង​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​នៅ​កម្ពុជា​ឱ្យ​បាន​ ៥០​ ភាគរយ​ និង​សង្គ្រោះ​ជីវិត​មនុស្ស​ ២​ ពាន់​នាក់​ ក្នុង​រយៈពេល​ ៥​ ឆ្នាំ​។​

​សកម្មភាព​ដំបូង​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​ ជាមួយ​ក្រសួង​ពាក់ព័ន្ធ​បាន​ចាប់ផ្តើម​តាំងពី​ខែកញ្ញា​ ឆ្នាំ​ ២០១៧​ គឺ​ផ្តល់​ការ​អប់រំ​ ការ​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​នៃ​ជំងឺ​ឆ្កែឆ្កួត​ និង​យុទ្ធសាស្ត្រ​ទប់ស្កាត់​នៅ​ទូ​ទាំង​ប្រទេស​។​ ជំងឺ​ឆ្កែឆ្កួត​ ជា​ជំងឺ​គួរ​ភ័យ​ខ្លាច​បំផុត​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​។​ប៉ុន្តែ​ប្រជាជន​តិចតួច​ណាស់​ដឹក​ពី​របៀប​ឆ្លង​ និង​វិធី​បង្ការ​ការពារ​។​ ហេតុផល​នេះ​អ្នកជំនាញ​ត្រូវការ​ផ្តល់​ចំណេះដឹង​អំពី​ជំងឺ​ឆ្កែឆ្កួត​ដល់​ប្រជាពលរដ្ឋ​។​ ជា​ពិសេស​ ពន្យល់​ប្រជាពលរដ្ឋ​អំពី​ វិធី​ការពារ​ដោយ​ខ្លួនឯង​នៅ​សហគមន៍​របស់​ពួក​គេ​។​

​សកម្មភាព​លើក​ទី​ ២​ បាន​បង្កើន​លទ្ធភាព​ផ្តល់​ថ្នាំ​វ៉ាក់សាំង​ការពារ​ ក្រោយ​ពីរ​ងរ​បួស​ដោយ​ឆ្កែឆ្កួត​ខាំ​។​ រាជរដ្ឋាភិបាល​បាន​សាងសង់​មជ្ឈមណ្ឌល​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ចំនួន​ពីរ​កន្លែង​គឺ​នៅ​ខេត្តបាត់ដំបង​ និង​នៅ​រាជធានី​ភ្នំពេញ​។​

​មន្ទីរ​សុខាភិបាល​ខេត្ត​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺឆ្លង​ទី​ ២​ នៅ​ខេត្តបាត់ដំបង​ក្នុង​ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​ ខាង​មុខ​នេះ​ដែល​គោល​មាន​បំណង​ផ្តល់​ថ្នាំ​វ៉ាក់សាំង​ឱ្យ​អ្នក​រង​របួស​ដោយ​ឆ្កែ​ខាំ​ចំនួន​ ១​ ម៉ឺន​នាក់​ ក្នុង​មួយ​ឆ្នាំ​។​

​មជ្ឈមណ្ឌល​នេះ​នឹង​ប្រើប្រាស់​ស្តង់ដារ​តែ​មួយ​ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​រាជធានី​ភ្នំពេញ​។​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​ចាក់​ថ្នាំ​បង្ការ​អ្នក​ឆ្កែ​ខាំ​ចំនួន​ ២​ម៉ឺន​ ៣​ពាន់​នាក់​ ជា​រៀង​រាល់​ឆ្នាំ​។​

​អ្នកជំងឺ​ទាំងអស់​មក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ក្នុង​ខេត្ត​ខាងលើ​នេះ​គឺ​ចំណាយ​ថវិកា​ជា​វិភាគទាន​ចំនួន​ ១៥​ ដុល្លារ​ ដោយ​ចាក់​វ៉ាក់សាំង​ការពារ​ ៣​ ដង​ ដូច​គ្នា​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដែរ​។​

​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ពន្យល់​ថា​ នៅ​ពេល​ឆ្កែ​ខាំ​អ្នក​ត្រូវ​លាង​សម្អាត​មុខរបួស​ជាមួយ​ទឹក​ស្អាត់​សាប៊ូ​ យ៉ាង​ហោច​ណាស់​ឱ្យ​បាន​រយៈពេល​ ១០​ នាទី​ បន្ទាប់​មក​លាង​សម្អាត​មុខរបួស​ជាមួយ​ទឹក​អាល់កុល​ ថ្នាំ​ក្រហម​ ឬ​បែ​តា​ឌី​ន​ ហើយ​អ្នក​របួស​ត្រូវ​ប្រញាប់​មក​មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺឆ្លង​ដែល​មាននៅ​ខេត្តបាត់ដំបង​ និង​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ រាជធានី​ភ្នំពេញ​។​

​ទោះបី​យ៉ាងណា​ អ្នកជំនាញ​ អះអាង​ថា​ សត្វ​ស្វា​ សត្វ​ឆ្មា​ និង​ សត្វ​ជ្រូក​ក៏​ចម្លង​វីរុស​ឆ្កែឆ្កួត​នៅ​ពេល​ខាំ​ដូច​ជា​សត្វ​ឆ្កែ​ដែរ​។​

​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​រដ្ឋ​សមាជិក​អាស៊ាន​ បាន​ប្តេជ្ញា​ចិត្ត​លុប​បំបាត់​ជំងឺ​ឆ្កែឆ្កួត​នៅ​ត្រឹម​ ឆ្នាំ​ ២០៣០​ដោយ​អំពាវនាវ​ឱ្យ​ប្រជាជន​ទាំងអស់​ចូលរួម​ប្រ​យុ​ទ​ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត​ចាប់​ពេល​នេះ​តទៅ​៕

Share

Image
Image
Image